Samsung ទើបប្រកាសចេញសេនស័រកាមេរ៉ា 50MP ថ្មី ISOCELL JN1 ដែលមានទំហំគ្រាប់ភិចសែលតូចបំផុតមិនធ្លាប់មាន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងឃើញថា Samsung ពិតជាបានយកចិត្តទុកដាក់ខ្ពស់ ទៅលើមុខជំនួញផ្នែកសេនស័រកាមេរ៉ារបស់គេ ជាក់ស្ដែងគេបានអភិវឌ្ឍន៍សេនស័រថ្មីៗបន្តជំនាន់ និងបានបំពាក់នៅលើផលិតផលជាច្រើនរបស់ខ្លួន ព្រមទាំងផ្គត់ផ្គង់ទៅកាន់ក្រុមហ៊ុនដទៃទៀតជាច្រើនផងដែរ។ នៅក្នុងថ្ងៃនេះ Samsung បានប្រកាសចេញសេនស័រថ្មីមួយទៀត ត្រូវបានគេហៅថា ISOCELL JN1 ហើយចំណុចពិសេសនៅលើសេនស័រនេះ គឺថាវាអាចជាដំណោះស្រាយមួយ សម្រាប់ក្រុមហ៊ុនទាំងឡាយណា ដែលមិនចង់ឲ្យទូរសព្ទឆ្លាតរបស់ខ្លួន មានកាមេរ៉ាលានចេញពីតួខ្លួនខ្លាំងដូចបច្ចុប្បន្ននេះ។

មិនខុសទេ សេនស័រថ្មី ISOCELL JN1 គឺមានសមត្ថភាពអាចចាប់យករូបភាពបានក្នុងកម្រិត Resolution 50MP ហើយចំណុចពិសេសនៅលើសេនស័រនេះ គឺថាគ្រាប់ភិចសែលនីមួយៗរបស់វា គឺមានទំហំត្រឹមតែ 0.64μm ប៉ុណ្ណោះ ដែលជាទំហំតូចបំផុតមួយ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត នៃឧស្សាហកម្មផលិតសេនស័រកាមេរ៉ាឡើយ។ វាត្រូវបានគេរចនាមក ដើម្បីដោះស្រាយបញ្ហា ដែលធ្វើឲ្យកាមេរ៉ាក្រោយ នៃទូរសព្ទឆ្លាតជាច្រើនបច្ចុប្បន្ននេះ លានចេញក្រៅខ្លាំងនោះឯង ហើយបើមើលទៅលើ ទំហំតួខ្លួនពេញលេញទាំងស្រុងរបស់សេនស័រនេះវិញគឺស្មើនឹង 1/2.76” ផងដែរ។ 

សេនស័រថ្មីៗនេះ ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ Samsung ជាច្រើនដែរ ដែលរួមមានដូចជា ISOCELL 2.0, Smart ISO ក៏ដូចជា Double Super PDAF ជាដើម។ វាក៏ត្រូវបានពង្រឹងបន្ថែម ទៅលើការគ្រប់គ្រងកម្រិតពន្លឺដូចគ្នា ដែលមានសមត្ថភាពមិនធ្វើឲ្យពន្លឺចាំងចូល ទៅកាន់គ្រាប់ភិចសែលណាមួយ សាយភាយទៅកាន់គ្រាប់ភិចសែលផ្សេងទៀត ដែលនៅជិតគ្នានោះឡើយ។

វាក៏មានបច្ចេកវិទ្យា Tetrapixel ដែរ ដែលអាចធ្វើការរួមបញ្ចូលគ្នា រវាងគ្រាប់ភិចសែល 4 គ្រាប់ ទៅ 1 គ្រាប់មានទំហំធំ 1.28μm និងផ្តល់រូបភាពដែលមានពន្លឺគ្រប់គ្រាន់កម្រិត Resolution 12.5MP ជាមួយការលុបបំបាត់គ្រាប់អុជរំខាន បានច្រើនផងដែរ។ ISOCELL JN1 អាចទ្រាំទ្រការថតវីដេអូខ្ពស់បំផុតបានដល់កម្រិត 4K@60fps និង 1080p@240fps។

បើមើលតាមលក្ខណៈសម្បត្តិជារួមរបស់វា គឺថានេះមិនមែនជាសេនស័រកាមេរ៉ាលំដាប់កំពូលនោះទេ ព្រោះបើធៀបនឹងសេនស័រកំពូល 108MP ISOCELL HM3 ឃើញថា ISOCELL JN1 ខាងលើនៅមានខ្វះចំណុចច្រើន ដូច្នេះហើយ យើងអាចនឹងឃើញវត្តមានសេនស័រនេះ នៅលើទូរសព្ទឆ្លាតលំដាប់បង្គួរ ឬអាចមាននៅលើទូរសព្ទឆ្លាតលំដាប់កំពូលដូចគ្នា ប៉ុន្តែអាចត្រូវបានប្រើប្រាស់ជាកាមេរ៉ាមុខវិញ។

ដោយ​ ៖ SamMoblie
អត្ថបទទាក់ទង