Facebook មានគម្រោងប្រកាសចេញនាឡិកាឆ្លាតវៃដំបូង ក្នុងចន្លោះខែមិថុនានិងកញ្ញា ឆ្នាំ 2021​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ខណៈដែល Apple នៅតែបន្តនាំមុខគេ ក្នុងវិស័យនាឡិកាឆ្លាតវៃនោះ ស្រាប់តែនៅក្នុងថ្ងៃនេះ យើងទទួលបានដំណឹងថ្មីមួយ ដែលបង្ហាញឲ្យយើងដឹងថា Facebook ដែលជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីបណ្តាញសង្គមធំៗ និងផ្តល់សេវាកម្មផ្សេងៗទៀត បានត្រៀមខ្លួនរួចជាស្រេចក្នុងការឈានជើងចូលវិស័យនាឡិកាឆ្លាតវៃ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត ក៏ដូចជាដណ្តើមចំណែកទីផ្សារនាឡិកាឆ្លាតវៃផងដែរ។

មិនខុសនោះទេ តាមរយៈគេហទំព័រល្បីឈ្មោះ The Verge បានធ្វើឲ្យយើងដឹងថា Facebook មានគម្រោងប្រកាសចេញនាឡិកាឆ្លាតវៃដំបូងរបស់ខ្លួនក្នុងចន្លោះខែមិថុនា និងកញ្ញា ឆ្នាំ 2021 នេះ។ សម្រាប់នាឡិកាឆ្លាតវៃដំបូងរបស់ Facebook នេះដែរ ត្រូវបានគេបង្ហើបឲ្យដឹងថា នឹងភ្ជាប់មកជាមួយខ្សែនាឡិកាដែលអាចផ្តាច់ចេញពីតួខ្លួន និងសេនស័រវាស់ចង្វាក់បេះដូង ក៏ដូចជាមានកាមេរ៉ាសរុបដល់ទៅ 2 គ្រាប់ ថែមទៀតផង។ ដោយកាមេរ៉ាទី 1 ស្ថិតនៅលើអេក្រង់តែម្តង ហើយគេប្រើវាសម្រាប់ធ្វើការខលជាលក្ខណៈវីដេអូ។ ចំណែកឯ កាមេរ៉ាទី 2 វិញ ស្ថិតនៅបាតខាងក្រោមនៃនាឡិកា ហើយវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតវីដេអូបានក្នុងកម្រិត 1080p នៅពេលដែលវាត្រូវផ្តាច់ចេញពីខ្សែនាឡិការបស់វា។

នាឡិកាឆ្លាតវៃដំបូងរបស់ Facebook ក៏នឹងភ្ជាប់មកជាមួយមុខងារ Auto-Focus សម្រាប់ជំនួយទៅដល់ការថតរូបភាព និងវីដេអូផងដែរ។ លើសពីនេះ វាក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការ Share រូបភាព និងវីដេអូទៅកាន់ Facebook, IG និងកម្មវិធីមួយចំនួនផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Facebook ភ្លាមៗតែម្តង បន្ទាប់ពីពួកគេបានថតរួច។ មិនទាន់អស់នោះទេ នាឡិកាឆ្លាតវៃដំបូងរបស់ Facebook នេះដែរ ក៏ត្រូវបានគេបញ្ជាក់ថា នឹងទទួលបានគ្រឿង Accessory ជាច្រើន សម្រាប់ប្រើទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ ថែមទៀតផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង