Apple បាន Tag ឈ្មោះ M1X MacBook Pro នៅក្នុងវីដេអូ YouTube នៃព្រឹត្តិការណ៍ WWDC ថ្មីៗនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ដូចយើងបានដឹងហើយ មុនពេលដែលព្រឹត្តិការណ៍ WWDC 2021 របស់ Apple ចូលមកដល់ គឺមានដំណឹងលេចធ្លាយ ដែលបង្ហាញចេញពីប្រភពល្បីឈ្មោះ Jon Prosser អះអាងថា ក្រុមហ៊ុនអាមេរិកនេះ នឹងធ្វើការប្រកាសចេញ MacBook Pro ជំនាន់ថ្មីពីរម៉ូឌែល នៅក្នុងព្រឹត្តិការណ៍នោះដែរ ប៉ុន្តជាក់ស្ដែង Apple មិនបានប្រកាសចេញឡើយ។ យ៉ាងណាក៏ដោយ បើតាមការប្រទះឃើញចំណុចសំខាន់មួយ នាពេលថ្មីៗនេះ អាចនិយាយបានថា Apple ទំនងជាមានគម្រោងប្រកាសចេញ MacBook Pro ថ្មីមែន ប៉ុន្តែគេអាចសម្រេចចិត្ត មិនប្រកាសចេញវិញភ្លាមៗតែម្ដង។

មិនខុសទេ គេបានប្រទះឃើញការ Tag ឈ្មោះជាច្រើនទាក់ទងនឹង Keynote របស់ Apple នៅក្នុងវីដេអូ YouTube នៃព្រឹត្តិការណ៍ WWDC កន្លងទៅនេះ ហើយក្នុងចំណោម Tag ទាំងនោះ ក៏ឃើញ Apple បញ្ចេញឈ្មោះថា M1X និង M1X MacBook Pro មកថែមទៀតផង។ ពិតណាស់នៅក្នុង Tag របស់គេគឺឃើញមានបញ្ជាក់ ទាក់ទងនឹងចំណុចសំខាន់ៗ ដែលប្រកាសចេញក្នុង WWDC ដែលក្នុងនោះក៏រួមមាន iOS 15, iPad, iMac, M1 ក៏ដូចជា iPhone ជាដើម។ ការប្រទះឃើញនេះ អាចបញ្ជាក់បានថា Apple ទំនងជាមានគម្រោងប្រកាសចេញ MacBook Pro ជំនាន់ថ្មី ក្នុងព្រឹត្តិការណ៍ WWDC មែន ប៉ុន្តែគេអាចនឹងប្តូរចិត្តវិញ ដោយសារបញ្ហាណាមួយក៏ថាបាន។ យ៉ាងណាក៏ដោយ ការច្រឡំបញ្ចេញឈ្មោះ Tag ឲ្យយើងឃើញនោះ ក៏បញ្ជាក់ឲ្យដឹងកាន់តែច្បាស់ជាងមុនដែរថា ឈីបបន្ទាប់របស់ Apple ដែលគ្រោងនឹងបំពាក់លើកុំព្យូទ័រជំនាន់ថ្មីរបស់គេ អាចនឹងមានឈ្មោះ M1X នោះឯង។

សូមរំឮកថា បើតាមរបាយការណ៍ចេញពី Bloomberg កន្លងមក MacBook Pro ជំនាន់ថ្មីទាំង 2 ម៉ូឌែល (14 អ៊ីញ និង 16 អ៊ីញ) នឹងមានរចនាបថរូបរាងថ្មី ព្រមទាំងអាចនឹងប្រើប្រាស់ឈីប M1X នោះតែម្ដង។ ជាមួយគ្នានេះ បន្ទះឈីប M1X ត្រូវបានគេដឹងថា នឹងមាន CPU 10-Cores និងជម្រើស GPU 16 / 32-cores ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងចំណោម CPU ទាំង 10-cores របស់វាមាន 8 Cores ជា High-Performance និង 2 Cores ទៀត ជា High-Efficiency សម្រាប់ការប្រើប្រាស់ទូទៅល្មមៗ ដើម្បីជួយសន្សំសំចៃថាមពលថ្មផងដែរ។

ដោយ​ ៖ Macrumors
អត្ថបទទាក់ទង