មុខងារថ្មីៗមួយចំនួនរបស់ macOS Monterey នឹងមិនមាននៅលើ Mac ប្រើប្រាស់ Intel នោះឡើយ​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

កាលពីពេលថ្មីៗនេះ Apple បានរៀបចំឡើងនូវ ព្រឹត្តិការណ៍ធំប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះកាត់ហៅថា WWDC 2021 ដោយបានប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីៗដូចជា iOS 15, iPadOS 15, watchOS 8 និង macOS Monterey (v12) ជាដើម។ សម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រ Mac ដំណើរការនៅលើស៊ីភីយូរបស់ Intel គួរតែដឹងឲ្យបានមុនថា មុខងារថ្មីៗមួយចំនួន ត្រូវបានផលិតឡើងឲ្យតែ Mac ប្រើប្រាស់ឈីប M1 ប៉ុណ្ណោះទេ។

ហេតុដូច្នេះហើយ ប្រសិនបើអ្នកកំពុងប្រើ Mac ជាមួយស៊ីភីយូរបស់ Intel នឹងមិនទទួលបានមុខងារថ្មីៗ ដូចដាក់បង្ហាញនៅខាងក្រោមនេះទេ បន្ទាប់ពីបានអាប់ដេតឡើងទៅ macOS Monterey ហើយក៏ដោយ។ ចំពោះមុខងារថ្មីមួយ ដែលមានតែនៅលើ Mac M1 នោះគឺជា Portrait Mode នៅពេលកំពុងវីដេអូខលតាម FaceTime ដែលជួយធ្វើឲ្យផ្ទៃខ្នងខាងក្រោយរបស់យើង ទទួលបានលក្ខណៈបែបព្រិល។ បន្ទាប់មកទៀតជាមុខងារថ្មី Live Text ដែលអនុញ្ញាតឲ្យអ្នកចម្លង (Copy) អក្សរ ឬលេខ ចេញពីរូបភាពផ្ទាល់ៗតែម្ដង។

លើសពីនេះទៅទៀត មុខងារថ្មីៗនៅលើ Apple Maps, មុខងារប្រែក្លាយអក្សរ ទៅជាសំឡេងនិយាយបែបធម្មជាតិ ក្នុងភាសាស៊ុយអែត, ដាណឺម៉ាក, ន័រវែស និងភាសាហ្វាំងឡង់ ក៏ដូចជាមុខងារ និយាយក្លាយទៅជាអក្សរវិញ ដោយមិនត្រូវការអ៊ីនធើណេត ហើយឥតកំណត់ពេលវេលា ក៏មិនមានសម្រាប់ម្ចាស់ Mac Intel នោះដែរ។

អ្វីៗដែលម្ចាស់កុំព្យូទ័រ Mac Intel គួរតែត្រូវដឹងឲ្យហើយ មុនអាប់ដេតឡើងទៅជំនាន់ macOS Monterey គឺមានរៀបរាប់ជូនដូចនៅខាងលើនេះ ដោយចង្អុលបង្ហាញថា ម្ចាស់ Mac M1 ទទួលបានមុខងារថ្មីច្រើនជាង។ នាពេលបច្ចុប្បន្ននេះ Apple កំពុងបញ្ចេញជំនាន់សាកល្បងសិនប៉ុណ្ណោះ ដោយឡែក ជំនាន់ចេញជាផ្លូវការ នឹងអាចទម្លាក់ឲ្យនៅចុងឆ្នាំនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង