Samsung អាចនឹងប្រាប់ពីវត្តមាន OS សម្រាប់នាឡិកាឆ្លាតថ្មី ដែលរួមសហការជាមួយ Google ក្នុងព្រឹត្តិការណ៍ MWC ខាងមុខ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

យើងបានដឹងហើយ នៅក្នុងព្រឹត្តិការណ៍ I/O កន្លងទៅនេះ Google បានធ្វើការបញ្ជាក់ប្រាប់ផ្លូវការថា ពួកគេបានសហការគ្នាជាមួយ Samsung ដោយបានរួមបញ្ចូលនូវប្រព័ន្ធប្រតិបត្តិការ សម្រាប់នាឡិកាឆ្លាត Wear OS របស់ខ្លួន ជាមួយគ្នានឹង Tizen OS របស់ Samsung ប៉ុន្តែក្នុងនោះ គឺមិនបានបញ្ជាក់ប្រាប់លម្អិត ពីចំណុចសំខាន់ៗរបស់ OS ថ្មីនោះឡើយ។ ដោយឡែក នៅក្នុងពេលនេះ យើងទើបទទួលបានដំណឹងថ្មីមួយបញ្ជាក់ថា Samsung អាចនឹងធ្វើការប្រាប់បន្ថែម ទាក់ទងនឹងវត្តមាននៃ OS ថ្មីខាងលើ ក្នុងព្រឹត្តិការណ៍ MWC 2021 ឆាប់ៗខាងមុខនេះ។

កន្លងមក យើងក៏ធ្លាប់ទទួលបានដំណឹងថា នាឡិកាឆ្លាតជំនាន់ថ្មីរបស់ Samsung ដែលអាចនឹងត្រូវបានប្រកាសចេញនៅអំឡុងខែកក្កដា ឬសីហាខាងមុខនេះ គឺអាចនឹងត្រូវបានដំណើរការដោយ OS ថ្មីដែលសហការគ្នាជាមួយ Google នោះឯង។ ហើយក្នុងពេលនេះ យើងទទួលបានដំណឹងថា Samsung អាចមានគម្រោងក្នុងការបញ្ជាក់ប្រាប់ ពីចំណុចសំខាន់ៗមួយចំនួន នៅលើប្រព័ន្ធប្រតិបត្តិការថ្មីនោះ អំឡុងពេលនៃការបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ MWC 2021 ខាងមុខនេះតែម្ដង។ មូលហេតុដែលនាំឲ្យមានការសន្និដ្ឋានបែបនេះ គឺដោយសារតែ Samsung បានបញ្ជាក់នូវចំណុចសំខាន់គោល នៃគម្រោងក្នុងការប្រកាសចេញរបស់គេក្នុងវេបសាយ MWC ទាក់ទងនឹងនាឡិកាឆ្លាតថ្មីថា៖ “Reimagining smartwatches, creating new opportunities for both developers and consumers.”។ 

គួរបញ្ជាក់ដែរ Samsung ធ្លាប់បានបង្ហាញប្រាប់ជាផ្លូវការរួចហើយ គេនឹងមិនចូលរួមព្រឹត្តិការណ៍ MWC 2021 ដោយផ្ទាល់នោះទេ ផ្ទុយទៅវិញគេសម្រេចចិត្តចូលរួម ដោយបើកព្រឹត្តិការណ៍ Online មួយវិញ ដើម្បីជៀសវាងការឆ្លងរាលដាល ពីមេរោគកូវីដ-១៩។

បើតាមការបង្ហើបខ្លះៗរបស់ Google នាពេលមុន បានឲ្យដឹងថា OS ថ្មីនោះ គឺមានសមត្ថភាពកាន់តែប្រសើរជាងមុន ជាពិសេសវាមានល្បឿន Loading Time សម្រាប់កម្មវិធីនីមួយៗ លឿនជាងមុនដល់ទៅ 30% ទៀតផង។ មួយវិញទៀត OS ថ្មី ដែលកើតចេញពី Wear OS និង Tizan OS នោះ នឹងប្រើប្រាស់ថាមពលថ្មកាន់តែតិចជាងមុន ហើយចលនានៃដំណើរការផ្សេងៗរបស់វា នឹងកាន់តែរលូនល្អមួយកម្រិតទៀត បន្ថែមពីនេះ Google ក៏បានអះអាងថា វានឹងផ្តល់ភាពងាយស្រួល សម្រាប់ក្រុមអ្នកអភិវឌ្ឍន៍ដូចគ្នាដែរ។

ដោយ​ ៖ SamMoblie
អត្ថបទទាក់ទង