លទ្ធផលធ្វើតេស្ត GFXBench បង្ហាញថា Exynos 2200 មានកម្លាំង GPU ខ្លាំងជាង A14 Bionic គួរឲ្យកត់សម្គាល់​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

កាលពីសប្តាហ៍មុន យើងទទួលបានព័ត៌មានលម្អិតទាក់ទងទៅនឹងបន្ទះឈីប Snapdragon 895 (ឈ្មោះមិនទាន់ផ្លូវការ) របស់ Qualcomm។ ដោយបន្ទះឈីបលំដាប់កំពូលមួយនេះ ត្រូវបានគេបង្ហើបថា នឹងបង្កើតឡើងដោយផ្អែកទៅលើស្ថាបត្យកម្មទំហំ 4nm។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ យើងទទួលបានព័ត៌មានថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងបានដឹងពីកម្លាំង GPU របស់ Exynos 2200 របស់ Samsung វិញម្តង។

មិនខុសនោះទេ តាមរយៈគេហទំព័រ Sparrow News យើងបានប្រទះឃើញរូបភាព Screenshot មួយសន្លឹក ដែលបង្ហាញពីការធ្វើតេស្តកម្លាំង GPU របស់ Exynos 2200 (ឈ្មោះមិនទាន់ផ្លូវការ) របស់ Samsung និង GPU របស់ A14 Bionic របស់ Apple តាមរយៈកម្មវិធី GFXBench។ ផ្អែកទៅលើលទ្ធផលធ្វើតេស្ត បានបង្ហាញឲ្យយើងដឹងថា Exynos 2200 មានកម្លាំង GPU ខ្លាំងជាង A14 Bionic គួរឲ្យកត់សម្គាល់។ ដោយ Exynos 2200 ទទួលបាន 181.8 fps សម្រាប់ Manhattan 3.1 និង 138.25 fps សម្រាប់ Aztec Ruins (Normal) ក៏ដូចជា 58 fps សម្រាប់ Aztec Ruins (High)។ ចំណែកឯ A14 Bionic វិញ ទទួលលបាន 120 fps សម្រាប់ Manhattan 3.1 និង 79.9 fps សម្រាប់ Aztec Ruins (Normal) ក៏ដូចជា 30 fps សម្រាប់ Aztec Ruins (High)។

តាមរយៈប្រភពខាងលើដដែល បានបង្ហាញឲ្យយើងដឹងផងដែរថា មូលហេតុដែលបន្ទះឈីប Exynos 2200 របស់ Samsung មានកម្លាំង GPU ខ្លាំងជាងបន្ទះឈីប A14 Bionic របស់ Apple ក៏ព្រោះតែវាភ្ជាប់មកជាមួយ GPU របស់ AMD។ ផ្អែកទៅតាមការបញ្ជាក់របស់ AMD ផ្ទាល់ បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា GPU ដែលភ្ជាប់មកជាមួយបន្ទះឈីបថ្មី (Exynos 2200) របស់ Samsung ត្រូវបានបង្កើតឡើងផ្អែកលើស្ថាបត្យកម្មជំនាន់ថ្មីចុងក្រោយ RDNA 2 របស់ AMD ផ្ទាល់តែម្តង។ ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ ចំពោះលទ្ធផលធ្វើតេស្តខាងលើនេះ?

ដោយ​ ៖ Sparrow News
អត្ថបទទាក់ទង