ពេលខាងមុខនេះ អាចនឹងឃើញមានកម្លាំងសាកថ្មដល់ 160W លើទូរសព្ទឆ្លាតរបស់ Infinix​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានសប្ដាហ៍មុន Xiaomi បានបញ្ចេញវីដេអូតេស្ដកម្លាំងសាកថ្ម 200W លើអ៊ីនធើណេតជាសាធារណៈ ប៉ុន្ដែពួកគេមិនទាន់មានផលិតផលផ្លូវការ ទុកសម្រាប់ដាក់លក់នៅឡើយទេ។ ឈានចូលមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបានរបាយការណ៍ពី សារព័ត៌មានបរទេស XDA ចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុន Infinix កំពុងតែមានដុំសាកថ្មកម្លាំង 160W ត្រៀមបំពាក់ជាផ្លូវការនៅលើ ទូរសព្ទឆ្លាតជំនាន់ក្រោយរបស់គេ។

រូបភាពបែកធ្លាយថ្មីមួយនេះ ពិតជាគួរឲ្យភ្ញាក់ផ្អើល ដែលពួកគេលោតឡើងដល់ 160W តែម្ដង ខណៈពេលដែល ក្រុមហ៊ុនធំៗមួយចំនួន នៅមិនទាន់ឡើងលេខខ្ពស់នៅឡើយ។ គ្រាន់តែមើលលើរូបបែកធ្លាយ គឺយើងមិនទាន់ដឹងច្បាស់ទេ ថាតើវាត្រូវការចំណាយរយៈពេលប៉ុន្មាន ដើម្បីសាកថ្មចូលមួយពេញ អ៊ីចឹងមានតែរង់ចាំឲ្យ Infinix ប្រកាសជាផ្លូវការសិនប៉ុណ្ណោះ។

ទូរសព្ទឆ្លាតដែលមានលក់ជាផ្លូវការ ជាមួយកម្លាំងសាកថ្មខ្ពស់ជាងគេ 120W លើទីផ្សារនៅក្នុងពេលបច្ចុប្បន្ននេះ នោះគឺមានទៅលើម៉ូឌែល Xiaomi Mi 10 Ultra, vivo iQOO 7 និង Black Shark 4/4 Pro ជាដើម។ គួរបញ្ជាក់ផងថា Infinix មិនទាន់មាននាំចូលជាផ្លូវការ នៅប្រទេសកម្ពុជាយើងនៅឡើយ ដូច្នេះការស្វែងរកទិញ ប្រាកដជាមិនងាយមាននោះទេ។

ហេតុដោយសារតែ យើងទទួលបានរូបភាពបែកធ្លាយ ថតនៅខាងក្រៅដោយផ្ទាល់ អំពីដុំសាកថ្មកម្លាំងខ្លាំងមួយនេះ ដូច្នេះវាអាចកំពុងត្រៀមចេញជាផ្លូវការ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ ឬខែទៀតក៏ថាបាន។ តើនៅពេលសព្វថ្ងៃនេះ ទូរសព្ទឆ្លាតរបស់អ្នកទាំងអស់គ្នា អាចសាកថ្មបានកម្លាំងប៉ុន្មានទៅ? ហើយតើចង់បានកម្លាំងដល់ចំនួនប៉ុន្មានដែរ?

ដោយ​ ៖ XDA
អត្ថបទទាក់ទង