Apple ត្រូវបានរាយការណ៍ថា បានពិភាក្សាជាមួយក្រុមហ៊ុនចិនចំនួន 2 ដើម្បីឲ្យផ្គត់ផ្គង់អាគុយសម្រាប់គម្រោងរថយន្តអគ្គិសនីរបស់ខ្លួន​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កន្លងទៅនេះ យើងធ្លាប់ទទួលបានដំណឹងលេចធ្លាយជាច្រើន ទាក់ទងនឹងរថយន្តអគ្គិសនីដំបូងរបស់ Apple ដោយក្នុងនោះ ធ្លាប់ត្រូវបានគេដឹងថា ក្រុមហ៊ុននេះបានជួបពិភាក្សាជាមួយក្រុមហ៊ុនជាច្រើន ទាក់ទងនឹងគម្រោងក្នុងការផលិតរថយន្តរបស់គេនោះ។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលរបាយការណ៍ថ្មីមួយទៀត ទាក់ទងនឹងរថយន្តអគ្គិសនីរបស់ Apple ដូចគ្នា ប៉ុន្តែលើកនេះមានដំណឹងមកថា Apple បានជួបពិភាក្សាគ្នាជាមួយក្រុមហ៊ុនចិនចំនួនពីរ ក្នុងគោលបំណងចង់ឲ្យក្រុមហ៊ុនទាំងនេះ ផ្គត់ផ្គង់អាគុយ ឬថ្ម សម្រាប់គម្រោងរថយន្តអគ្គិសនីរបស់ខ្លួន។

មិនខុសទេ ដូចបានបញ្ជាក់នៅខាងលើអញ្ចឹង ថ្មីៗនេះមានរបាយការណ៍មកថា Apple មានគម្រោងក្នុងការសហការគ្នាជាមួយក្រុមហ៊ុនចិន 2 គឺ CATL និង BYD ដើម្បីឲ្យពួកគេធ្វើការផ្គត់ផ្គង់អាគុយ សម្រាប់គម្រោងរថយន្តអគ្គិសនី នាពេលអនាគតខ្លួន។ ប្រភពដើមក៏បានបន្ថែមដែរថា ភាគីទាំង 3 បានចាប់ផ្តើមការពិភាក្សាគ្នារួចមកហើយ ប៉ុន្តែមកទល់ពេលនេះ គេមិនទាន់បានឮដំណឹងទាក់ទងនឹង កិច្ចព្រមព្រៀងណាមួយ រវាងក្រុមហ៊ុនទាំងនេះនៅឡើយនោះទេ។ គួរបញ្ជាក់ដែរថា CATL គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មសម្រាប់រថយន្ត ដ៏ធំជាងគេមួយនៅលើទីផ្សារសកល ហើយគេក៏ជាអ្នកផ្គង់ផ្គង់ថ្មទៅឲ្យក្រុមហ៊ុនរថយន្តល្បីៗជាច្រើន ដែលធ្លាប់មានទាំង Tesla ថែមទៀតផង ចំណែកឯ BYD គឺជាក្រុមហ៊ុនធំលំដាប់ទី 4 ទាក់ទងនឹងផ្នែកផ្គង់ផ្គង់ថ្មទៅកាន់រថយន្តនេះ។ 

យ៉ាងណាក៏ដោយ Apple អាចនឹងនៅមានការជួបពិភាក្សា ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ថ្មមួយចំនួនទៀត មុនពេលដែលគេសម្រេចចិត្ត ជ្រើសរើសក្នុងការសហការជាមួយក្រុមហ៊ុនទាំងនោះ ព្រោះដូចបញ្ជាក់នៅខាងដើមអញ្ចឹង បើទោះជាថ្មីៗនេះ គេបានដឹងថា Apple បានពិភាក្សាជាមួយក្រុមហ៊ុន CATL និង BYD នោះមែន ប៉ុន្តែនៅមិនទាន់ឈានដល់ការសម្រេចកិច្ចព្រមព្រៀងណាមួយនោះទេ។ លើសពីនេះ ក៏មានដំណឹងលេចឮថា Apple មានលក្ខខណ្ឌសម្រាប់ក្រុមហ៊ុន ដែលនឹងសហការជាមួយគេដែរ ពោលគឺគេតម្រូវឲ្យក្រុមហ៊ុនទាំងនោះ មានរោងចក្រផលិតក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្ដង។

ដោយ​ ៖ Reuters
អត្ថបទទាក់ទង