របាយការណ៍ថ្មីបង្ហាញថា MacBook Pro ម៉ូឌែលថ្មី អាចនឹងត្រូវប្រកាសចេញអំឡុងត្រីមាសទី 3 ឆ្នាំ 2021​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ផ្អែកទៅតាមព័ត៌មានដែលទើបតែទទួលបានថ្មីៗនេះ បានបង្ហាញឲ្យយើងដឹងថា ដើមឡើយ Apple មានគម្រោងចង់ប្រកាសចេញ MacBook Pro ម៉ូឌែលថ្មី នៅក្នុងព្រឹត្តិការណ៍ WWDC 2021 ដែលធ្វើឡើងកាលពីម្សិលមិញនេះ។ ប៉ុន្តែដោយសារតែបញ្ហាជម្ងឺឆ្លងកូវីដ-19 ធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការផលិតគ្រឿង Hardware សំខាន់មួយចំនួនរបស់ MacBook Pro ម៉ូឌែលថ្មី ទើបធ្វើឲ្យ Apple សម្រេចចិត្តពន្យាពេលក្នុងការប្រកាសចេញ MacBook Pro ម៉ូឌែលថ្មីរបស់ខ្លួនវិញ។

ដោយឡែក នៅក្នុងថ្ងៃនេះវិញ តាមរយៈគេហទំព័រ MacRumors យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយសារព័ត៌មានល្បីឈ្មោះ DigiTimes ដែលបង្ហាញឲ្យយើងដឹងថា ដៃគូផ្គត់ផ្គង់របស់ Apple នឹងចាប់ផ្តើមដឹកជញ្ចូន MacBook Pro ម៉ូឌែលថ្មី នៅក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2021 ខាងមុខ។ ដូច្នេះមានន័យថា MacBook Pro ម៉ូឌែលថ្មី អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងខែកក្កដា និងកញ្ញា ឆ្នាំ 2021 ខាងមុខ។ យ៉ាងណាមិញ ខណៈពេលនេះ យើងក៏មិនទាន់អាចប្រាកដបានថា Apple នឹងប្រកាសចេញ MacBook Pro ម៉ូឌែលថ្មី នៅក្នុងអំឡុងត្រីមាសទី 3 ឆ្នាំ 2021 ខាងមុខនោះដែរ ព្រោះស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ មិនសូវអំណោយផលប៉ុន្មាននោះទេ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

MacBook Pro ម៉ូឌែលថ្មី ត្រូវបានគេរំពឹងថា នឹងមានជម្រើសទំហំចំនួន 2 គឺ 14 អ៊ីញ និង 16 អ៊ីញ ហើយពួកវាទាំង 2 ក៏អាចនឹងទទួលបានរចនាបថរូបរាងថ្មី ផងដែរ។ លើសពីនេះ MacBook Pro ម៉ូឌែលថ្មី ក៏អាចនឹងប្រើប្រាស់បន្ទះឈីប M-Series (M1X ឬ M2) ដែលមាន CPU 10-cores, និងជម្រើស GPU 16/32-cores ថែមទៀតផង។ ក្រៅពីរចនាបថរូបរាងថ្មី និងបន្ទះឈីប M-Series ហើយ MacBook Pro ម៉ូឌែលថ្មីទាំង 2 នេះ ក៏អាចនឹងបង្ហាញខ្លួនមកជាមួយអេក្រង់ Mini-LED, រន្ធ HDMI និង SD Card Reader ក៏ដូចជាកន្លែងសាកថ្មប្រភេទ MagSafe ផងដែរ។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង