Samsung អាចនឹងចាប់ផ្តើមផ្គត់ផ្គង់អេក្រង់បត់របស់ខ្លួនទៅឲ្យ Google, Xiaomi និង vivo ពីខែតុលា ឆ្នាំ 2021 ទៅ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានដឹងហើយថា កន្លងមកនេះ Samsung Display ផ្គត់ផ្គង់អេក្រង់ OLED ដែលអាចបត់បែនបានទៅឲ្យក្រុមហ៊ុន Samsung Electronic តែមួយគត់។ យ៉ាងណាមិញ មួយរយៈក្រោយមកនេះ Samsung Display ត្រូវបានគេរាយការណ៍ថា ក៏មានបំណងចង់ផ្គត់ផ្គង់អេក្រង់បត់របស់ខ្លួនទៅឲ្យក្រុមហ៊ុនដទៃផងដែរ។ មូលហេតុនោះ ក៏ព្រោះតែពួកគេចង់ពង្រីកជំនួយរបស់ខ្លួនឲ្យកាន់តែធំជាងមុនបន្ថែមទៀត។

ជាក់ស្តែង នៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ Gizmochina យើងទទួលបានរបាយកាណ៍ថ្មីមួយផ្សេងទៀត រាយការណ៍ដោយសារព័ត៌មានល្បីឈ្មោះ The Elec ដែលបង្ហាញឲ្យយើងដឹងថា Samsung Electronic អាចនឹងចាប់ផ្តើមផ្គត់ផ្គង់អេក្រង់បត់របស់ខ្លួនទៅឲ្យ Google, Xiaomi និង vivo ពីខែតុលា ឆ្នាំ 2021 ទៅ។ ដូច្នេះមានន័យថា ទូរសព្ទឆ្លាតអេក្រង់បត់របស់ Google, Xiaomi និង vivo អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងចន្លោះត្រីមាសទី 4 ឆ្នាំ 2021 និងត្រីមាសទី 1 ឆ្នាំ 2022។ តាមរយៈដំណឹងដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា ទូរសព្ទឆ្លាតអេក្រង់បត់របស់ Google អាចនឹងត្រូវហៅថា Pixe Fold។ ខណៈទូរសព្ទឆ្លាតអេក្រង់បត់របស់ vivo អាចនឹងមានអេក្រង់ក្នុងទំហំ 8 អ៊ីញ និងអេក្រង់ខាងក្រៅទំហំ 6.5 អ៊ីញ។

ក្រៅពីក្រុមហ៊ុនទាំង 3 ដែលបាននិយាយពីខាងលើហើយ Samsung Display ក៏ត្រូវបានគេរំពឹងថា នឹងផ្គត់ផ្គង់អេក្រង់បត់របស់ខ្លួនទៅ OPPO និងក្រុមហ៊ុនចិនមួយចំនួនផ្សេងទៀតផងដែរ ប៉ុន្តែមិននៅក្នុងឆ្នាំ 2021 នេះទេ។ មូលហេតុនោះ ក៏ព្រោះតែ OPPO បានសម្រេចចិត្តពន្យាពេលក្នុងប្រកាសចេញទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួនទៅឆ្នាំ 2022 វិញ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានកន្លងមក។ ជាមួយគ្នានេះ ទូរសព្ទឆ្លាតអេក្រង់បត់របស់ OPPO ក៏ត្រូវបានគេរាយការណ៍ថា នឹងមានទម្រង់បត់ស្រដៀងគ្នាទៅនឹង Galaxy Z Flip របស់ Samsung អញ្ចឹងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង