iOS 15 នឹងឲ្យអ្នកកំណត់បានថា នរណាម្នាក់អាចយកទិន្នន័យពី Apple ID របស់អ្នកបាន ក្រោយអ្នកបាត់បង់ជីវិត​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ប្រព័ន្ធប្រតិបត្តិការ iOS 15 ត្រូវបានប្រកាសចេញជាផ្លូវការ កាលពីពេលថ្មីៗនេះ ដោយយើងប្រទះឃើញថា Apple មិនបានកែប្រែរូបរាង UI នោះទេ ប៉ុន្ដែបានបន្ថែមមុខងារថ្មីៗជាច្រើនវិញ។ ចំណែកឯមុខងារថ្មីមួយ ដែលគួរឲ្យចាប់អារម្មណ៍ នោះគឺត្រូវជាមុខងារ Digital Legacy Contract ដែលអនុញ្ញាតឲ្យអ្នកកំណត់ថា នរណាម្នាក់អាចយកទិន្នន័យពី iPhone របស់អ្នកបាន ប្រសិនបើអ្នកបានបាត់បង់ជីវិតទៅ។

ហាក់បីដូចជាឈ្មោះរបស់វាអ៊ីចឹង ដោយមុខងារថ្មីមួយនេះ គឺជាកិច្ចសន្យាមុននឹងអ្នកស្លាប់ ថាតើអ្នកចង់ឲ្យនរណាគេ ជាអ្នករក្សាទុកទិន្នន័យរបស់អ្នក ដែលត្រូវជាអ្នកទុកចិត្តបំផុត ជាដើម។ ទិន្នន័យដែលពួកគេអាចប្រមូលទុកបាន ត្រូវជាទិន្នន័យដែលបានរក្សាទុកក្នុង iCloud ជាមួយគណនី Apple ID របស់អ្នក ដោយរួមមានបញ្ចូលទាំង សារ SMS និងរូបភាព ដែលបានរក្សាទុកចូលទៅប្រព័ន្ធពពក (Cloud) រួចពីមុនមកហើយ។

នេះពិតជាមានសារៈសំខាន់ នៅក្នុងសម័យអ៊ីនធើណេត ដោយមនុស្សភាគច្រើន សុទ្ធតែមានទិន្នន័យជាប់ជាមួយ ទូរសព្ទឆ្លាត និងប្រព័ន្ធអ៊ីនធើណេត កាន់តែច្រើនទៅៗទៅហើយ និងមិនចង់ឲ្យបាត់បង់នោះទេ។ បន្ទាប់ពីអាប់ដេតឡើង iOS 15 រួចរាល់ហើយ អ្នកប្រើប្រាស់គួរតែឃើញមុខងារនេះ រង់ចាំឲ្យកំណត់បានតែម្ដង ដែលដូចមានដាក់បង្ហាញ នៅរូបភាពខាងក្រោមនេះ។

Apple មិនទាន់បញ្ជាក់ឲ្យច្បាស់ថា iOS 15 នឹងចេញជាផ្លូវការនៅពេលណានៅឡើយទេ ប៉ុន្ដែវាអាចនឹងចេញនៅអំឡុងខែកញ្ញា ជាមួយ iPhone ស៊េរិថ្មីៗ ដូចជារៀងរាល់ដងអ៊ីចឹងដែរ។ ហេតុដូច្នេះហើយ តើអ្នកទាំងអស់គ្នា កំពុងមានគម្រោងចុះកិច្ចសន្យា អនុញ្ញាតឲ្យអ្នកដែលអ្នកទុកចិត្តបំផុត ទទួលយកទិន្នន័យរបស់អ្នក ក្រោយពីអ្នកបាត់បង់ជីវិតដែរឬទេ?

ដោយ​ ៖ Apple
អត្ថបទទាក់ទង