Sony ទើបប្រកាសចេញកាសឥតខ្សែ WF-1000XM4 ថ្មី ដោយមានតួខ្លួនតូចជាងមុន និងមុខងារទប់សម្លេងរំខានកាន់តែប្រសើរ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

 

បន្ទាប់ពីមានដំណឹងលេចធ្លាយជាច្រើនលើកច្រើនសារមក កាលពីយប់ម្សិលមិញនេះ Sony បានប្រកាសចេញកាសឥតខ្សែ WF-1000XM4 របស់ខ្លួនជាផ្លូវការ ជាម៉ូឌែលដែលបន្តតំណែងពី WF-1000XM3 ត្រូវបានប្រកាសចេញតាំងពីក្នុងឆ្នាំ 2019 កន្លងមក។ ចូលមកដល់ជំនាន់ថ្មី WF-1000XM4 នេះ Sony បានកែប្រែជាច្រើនឲ្យខុសពីជំនាន់មុន ជាក់ស្ដែងឃើញថា វាមានរូបរាងថ្មីស្ទើរទាំងស្រុង ព្រមទាំងត្រូវបានគេដាក់បញ្ចូលមុខងារសំខាន់ៗជាច្រើនទៀត ធ្វើឲ្យសមត្ថភាពរបស់វាកាន់តែខ្ពស់ជាងមុន។

ការរចនារូបរាងថ្មីនៅលើនោះឃើញថា WF-1000XM4 កាន់តែមានទំហំតូចជាងជំនាន់មុនទៀត ពោលគឺ Sony អះអាងថា គិតសរុបទៅទំហំតួខ្លួននៅលើកាសជំនាន់ថ្មីរបស់គេ គឺតូចជាងជំនាន់មុន ប្រមាណជាខ្ទង់ 10% ផងដែរ។ កាសឥតខ្សែជំនាន់ថ្មីខាងលើ ក៏ត្រូវបានគេបំពាក់ជាមួយឈីបថ្មីហៅថា V1 ដែលជាផ្នែកសំខាន់មួយ ទៅជំរុញបន្ថែមដល់មុខងារទប់សម្លេងរំខានរបស់វា បានកាន់តែប្រសើរជាងមុនថែមទៀត ជាក់ស្ដែង Sony ផ្ទាល់ប្រាប់ថា មុខងារទប់សម្លេងរំខានលើកនេះ គឺអាចធ្វើការបានប្រសើរនៅគ្រប់កម្រិតប្រេកង់តែម្ដង។ 

ក្រុមហ៊ុនខាងលើបន្ថែមទៀតថា គិតជារួមទៅ មុខងារទប់សម្លេងរំខាននៅលើ WF-1000XM4 ថ្មី គឺអាចលុបចោលសម្លេងរំខាន ឲ្យនៅកម្រិតទាបជាងជំនាន់មុន (WF-1000XM3) បានដល់ទៅខ្ទង់ 40% ថែមទៀតផង។ ក្រៅពីនេះដែរ Sony ក៏បានដាក់បន្ថែមឲ្យវាគាំទ្រជាមួយមុខងារ Hi-Res Audio, បច្ចេកវិទ្យាសម្លេង LDAC codec, DSEE Extreme ក៏ដូចជាមុខងារ 360 Reality Audio ជាដើម។ 

សម្រាប់ថាមពលថ្មវិញ នៅលើកាសទាំងសងខាង Sony បញ្ជាក់ថា អាចឲ្យអ្នកប្រើស្ដាប់តន្រ្តីបានដល់ 8 ម៉ោង សម្រាប់ការបើកមុខងារទប់សម្លេងរំខានជាប់ ចំណែកពេលមិនបើកវិញ វាអាចកាន់បានយូរដល់ទៅ 12 ម៉ោងេណោះ។ បើគិតទាំងប្រអប់សាករបស់វាវិញ គឺអាចសាកបន្ថែមឲ្យកាសទាំងពីរនោះបានពីរដង សរុបចូលគ្នាទៅ វាអាចឲ្យអ្នកប្រើប្រាស់ស្ដាប់តន្រ្តីផ្សេងៗ បាន 24 ម៉ោងជាមួយមុខងារទប់សម្លេងរំខាន និងឡើងដល់ 36 ម៉ោង បើមិនបើកមុខងារទប់សម្លេងរំខាន។ មិនត្រឹមតែប៉ុណ្ណោះ Sony WF-1000XM4 ក៏មានភ្ជាប់មកជាមួយមុខងារការពារទឹកកម្រិត IPX4 មកដែរ ដូច្នេះប្រាកដណាស់ថា វានៅតែអាចដំណើរការបានដដែល បើទោះឆ្លងកាត់ភ្លៀងក៏ដោយ។ 

ចូលទៅដល់ផ្នែកតម្លៃវិញ គឺមិនទាបនោះទេ ព្រោះថានេះជាកាសលំដាប់កំពូលរបស់ Sony និយាយឲ្យចំទៅ គេបានដាក់លក់ខ្ទង់ ១ លាន ១១ ម៉ឺនរៀល ឬ 279 ដុល្លារ ជាមួយជម្រើសពីរពណ៌គឺ ប្រផេះស្រាល និងពណ៌ខ្មៅ។

ដោយ​ ៖ Sony
អត្ថបទទាក់ទង