Galaxy Watch 4 និង Galaxy Watch Active 4 កាន់តែខិតជិតក្នុងការបង្ហាញខ្លួនមែនទែនហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កន្លងមក Samsung ធ្លាប់ត្រូវបានគេរំពឹងថា នឹងប្រកាសចេញទូរសព្ទឆ្លាតម៉ូឌែលកំពូលថ្មីចំនួន 3 ម៉ូឌែល និងនាឡិកាឆ្លាតចំនួនពីរប្រភេទ ក្នុងអំឡុងឆមាសទី 2 នៃឆ្នាំ 2021 នេះ។ ជាមួយគ្នានោះដែរ យើងក៏ធ្លាប់ទទួលបានដំណឹងថា ក្រុមហ៊ុនខាងលើមានបំណង ផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់នាឡិកាឆ្លាតជំនាន់ក្រោយរបស់ខ្លួនទៀតផង ពោលគឺប្តូរពី Tizen OS ទៅកាន់ OS ថ្មីមួយទៀត ដែលត្រូវបានគេសហការគ្នាជាមួយ Google នោះឯង។ ហើយពេលនេះវិញ យើងទទួលបានព័ត៌មានថ្មីមួយ ដែលបញ្ជាក់ថា នាឡិកាឆ្លាតជំនាន់ថ្មីរបស់ Samsung កាន់តែខិតជិតបង្ហាញហើយ។

មិនខុសទេ ថ្មីៗនេះគេបានប្រទះឃើញ នាឡិកាឆ្លាតចំនួនពីរប្រភេទរបស់ Samsung អាចជា Galaxy Watch 4 និង Galaxy Watch Active 4 នៅលើវិញ្ញាបនបត្រ 3C ក្នុងប្រទេសចិនកាលពីពេលម្សិលមិញនេះឯង ដែលអាចជាសញ្ញាមួយបញ្ជាក់ឲ្យដឹងថា វាកាន់តែកៀកនឹងបង្ហាញខ្លួនផ្លូវការមែនទែនហើយ។ នៅក្នុងនោះដែរ គេបានដឹងទៀតថា Galaxy Watch 4 អាចមានចំនួនពីរម៉ូឌែល មួយមានឈ្មោះកូដ SM-R880 អាចជាម៉ូឌែល 41mm និងមួយទៀតមានឈ្មោះកូដ SM-R890 អាចជាម៉ូឌែល 45mm តែម្ដង។ ខណៈពេលដែល Galaxy Watch Active 4 វិញ ក៏ទំនងជាមានចំនួនពីរម៉ូឌែលដូចគ្នា ដោយមួយមានឈ្មោះកូដ The SM-R860 អាចជាម៉ូឌែល 39mm និងមួយទៀតគឺ SM-R870 អាចជាម៉ូឌែល 43mm ផងដែរ។ បន្ថែមពីនេះ ក្នុងវិញ្ញាបនបត្រខាងលើក៏បង្ហាញថា នាឡិកាឆ្លាតទាំងនេះ នឹងត្រូវបានដាក់លក់ផ្លូវការ ដោយភ្ជាប់មកជាមួយដុំសាកឥតខ្សែកម្លាំង 5W ស្រាប់ ប៉ុន្តែ Samsung មិនដាក់បន្ថែមដុំ Adapter ឲ្យមកក្នុងប្រអប់នោះទេ។

មិនត្រឹមតែប៉ុណ្ណោះ គេបានដឹងទៀតថា ម៉ូឌែល 41mm នៃ Galaxy Watch 4 នឹងប្រើប្រាស់ថាមពលថ្មទំហំ 247mAh ប្រហាក់ប្រហែលគ្នានឹង Galaxy Watch 3 កន្លងទៅដែរ។ សម្រាប់មុខងារផ្សេងៗទៀតវិញ ធ្លាប់មា​​នការរំពឹងថា វាអាចនឹងមានភ្ជាប់មកជាមួយអេក្រង់ Super AMOLED, មានមុខងារការពារទឹកពេញលេញកម្រិត IP68, មុខងារវាស់កម្រិតអុកស៊ីសែនក្នុងឈាម ក៏ដូចជាមុខងារតាមដានដំណេកជាដើម។ 

បន្ថែមពីនេះ Galaxy Watch ជំនាន់ក្រោយ អាចនឹងមានបំពាក់មកជាមួយឈីប 5nm ថ្មីរបស់ Samsung ដែលអាចនឹងមានសមត្ថភាពប្រសើរជាងមុន ជាពិសេសគឺល្បឿនកាន់តែលឿនជាងមុន ព្រមទាំងអាចនឹងប្រើប្រាស់ថាមពលតិចជាងមុន ហើយសម្រាប់ការប្រកាសចេញវិញ គឺអាចនឹងត្រូវ Samsung បញ្ចេញនាពេលជាមួយគ្នានឹង Galaxy S21 FE, Galaxy Z Fold 3 ក៏ដូចជា Galaxy Z Flip 3 ដែរ (អាចក្នុងអំឡុងខែកក្កដា ឬសីហាខាងមុខ)។

ដោយ​ ៖ SamMoblie
អត្ថបទទាក់ទង