Galaxy Z Fold3 និង Z Flip 3 ត្រូវបានគេរាយការណ៍ថា នឹងមានតម្លៃថោកជាងជំនាន់មុនដល់ទៅ 20%​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

សម្រាប់ពាក់កណ្តាលឆ្នាំ 2021 នេះ យើងសង្កេតឃើញថា ទូរសព្ទឆ្លាតម៉ូឌែលថ្មីៗរបស់ Samsung ត្រូវបានប្រកាសចេញជាផ្លូវការជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានវត្តមានរបស់ Galaxy S21 Series ផងដែរ។ សម្រាប់ពាក់កណ្តាលឆ្នាំ 2021 ខាងមុខនេះវិញ Samsung ត្រូវបានគេរាយការណ៍ថា នឹងប្រកាសចេញទូរសព្ទឆ្លាតថ្មីៗជាច្រើនម៉ូឌែលបន្ថែមទៀត ដោយក្នុងនោះអាចនឹងមានដូចជា Galaxy Z Fold3, Galaxy Z Flip 3 និង Galaxy S21 FE ជាដើម។

សម្រាប់លក្ខណៈសម្បត្តិរបស់ទូរសព្ទឆ្លាតថ្មីទាំង 3 ម៉ូឌែលខាងលើនេះ យើងបានដឹងខ្លះៗរួចមកហើយ តាមរយៈព័ត៌មានបែកធ្លាយជាច្រើនកន្លងមក។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ តាមរយៈគេហទំព័រល្បីឈ្មោះ SamMobile យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងបានដឹងពីតម្លៃរបស់ពួកវាវិញម្តង។ ផ្អែកទៅតាមការលើកឡើងរបស់ SamMobile បានធ្វើឲ្យយើងដឹងថា Galaxy Z Fold3 និង Z Flip 3 អាចនឹងមានតម្លៃថោកជាងជំនាន់មុនរបស់ពួកវាដល់ទៅ 20% ឯណោះ។ ដូច្នេះមានន័យថា ទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Fold3 អាចនឹងមានតម្លៃថោកជាង Galaxy Z Fold2 ដល់ទៅខ្ទង់ 400 ដុល្លារ។ ខណៈទូរសព្ទឆ្លាតអេក្រង់បត់ Galaxy Z Flip 3 អាចនឹងមានតម្លៃថោកជាង Galaxy Z Fold2 ដល់ទៅខ្ទង់ 276 ដុល្លារ។

មិនទាន់អស់នោះទេ តាមរយៈប្រភពខាងលើដដែល ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា ក្រៅពី Galaxy Z Fold3 និង Galaxy Z Flip 3 ហើយ Galaxy S21 FE ក៏អាចនឹងមានតម្លៃថោកជាង Galaxy S20 FE យ៉ាងហោចណាស់ក៏ខ្ទង់ 100 ដុល្លារ ផងដែរ។ ដោយសម្រាប់ទីផ្សារប្រទេសកូរ៉េ Galaxy S21 FE ត្រូវបានគេរាយការណ៍មកថា នឹងត្រូវដាក់លក់នៅក្នុងតម្លៃចន្លោះពីខ្ទង់ 700,000 ទៅ 800,000 វ៉ុន (620 ទៅ 720 ដុល្លារ)។ យ៉ាងណាមិញ ខណៈពេលនេះ យើងក៏មិនទាន់អាចប្រាកដបានថា តម្លៃដែលគេបានរាយការណ៍មកនេះត្រឹមត្រូវ 100% នោះដែរ ដូច្នេះយើងមានតែរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។

ដោយ​ ៖ SamMobile
អត្ថបទទាក់ទង