កម្មវិធី Find My នៅលើ iOS 15 នៅតែអាចស្វែងរក iPhone ដែលបាត់បាន បើទោះជាត្រូវបានបិទម៉ាស៊ីន ឬ Factory Reset ក៏ដោយ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

យើងបានដឹងរួចមកហើយ ពីការកែប្រែសំខាន់ៗដែលត្រូវបាន Apple ធ្វើនៅលើ iOS 15 ក៏ដូចជា iPadOS 15 របស់គេ ដោយក្នុងនោះ គេបានកែប្រែទៅលើចំណុចសំខាន់ៗមួយចំនួន ឲ្យកាន់តែប្រសើរជាងមុន ក៏ដូចជាបានដាក់បញ្ចូលមុខងារថ្មីៗបន្ថែម។ ដោយឡែក បន្ទាប់ពីបានកែប្រែចំណុចសំខាន់ៗមួយចំនួន Apple ក៏បានបន្ថែមមុខងារសំខាន់មួយថ្មីមួយទៅកាន់កម្មវិធី Find My នៅលើ iOS 15 របស់គេដែរ នោះគឺជាមុខងារមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើ នៅតែស្វែងរក iPhone ដែលបាត់បាន បើទោះជាត្រូវគេបិទម៉ាស៊ីនក៏ដោយ។

ជាការពិតណាស់ កម្មវិធី Find My នៅលើ iOS 15 ទទួលបានមុខងារបន្ថែមសំខាន់មួយទៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការតាមដាននៅពេលដែលបាត់ ដោយមុខងារនោះ វាដំណើរការស្រដៀងគ្នានឹង AirTag របស់គេដែរ។ មិនខុសទេ ការដាក់បន្ថែមថ្មីនេះ គឺអាចឲ្យអ្នកប្រើប្រាស់ដែលបាត់ iPhone ធ្វើការចាប់យកទីតាំងទូរសព្ទឆ្លាតនោះបាន បើទោះជាត្រូវបានបិទម៉ាស៊ីនក៏ដោយ។ ក្នុងន័យនេះដែរ Apple បានពន្យល់ថា នៅលើ iOS 15 ថ្មី គឺបានដាក់បញ្ចូលមុខងារ Low Power Mode ហេតុនេះវាអាចឲ្យ iPhone ដែលបានបិទ ឬអស់ថ្មរលត់ម៉ាស៊ីន បន្តដំណើរការទៅលើមុខងារចាប់ទីតាំងបានដដែល មិនមែនបិទពេញលេញតែម្ដងដូចកន្លងទៅនោះទេ ដូច្នេះសម្រាប់អ្នកដែលបាត់ iPhone របស់គេ គឺនៅតែមានលទ្ធភាពក្នុងការស្វែងរកមកវិញបាន។ 

មិនត្រឹមតែអាចតាមដានទីតាំងពេលបិទម៉ាស៊ីនប៉ុណ្ណោះទេ ប៉ុន្តែ Apple ក៏បញ្ជាក់ថា ម្ចាស់ iPhone នៅតែអាចចាប់យកទីតាំងទូរសព្ទឆ្លាតដែលបាត់នោះបាន បើទោះជាត្រូវអ្នកដែលរើសបាន ឬលួចទៅ ធ្វើការ Factory Reset ហើយក៏ដោយ ដែលនេះកាន់តែមានប្រសិទ្ធិភាពថែមទៀត ដើម្បីស្វែងរកទូរសព្ទនោះមកវិញ បើទោះជាវាកំពុងតែស្ថិតក្នុងដៃអ្នកដទៃហើយក៏ដោយ (អាចធ្វើបែបនេះបាន លុះត្រាតែអ្នកបានបើកមុខងារ Activation Lock មុនពេលដែល iPhone នោះ ត្រូវបាន Factory Reset ឬត្រូវបានបាត់)។

យ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់បិទ iPhone ដំណើរការដោយ iOS 15 បានពេញលេញនោះ គេអាចចូលទៅបិទមុខងារខាងលើបានក្នុង Setting បន្ទាប់មកធ្វើការ Disable មុខងារហៅថា Low-Power Find My Mode ជាការស្រេច (ធ្វើបែបនេះ អ្នកនឹងមិនអាចតាមដានទីតាំង iPhone ពេលត្រូវបានបិទម៉ាស៊ីនឡើយ)។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង