លោក Jeff Bezos នឹងជិះយានអវកាសរបស់គាត់ ឡើងទៅលេងក្បែរលំហនៅខែក្រោយនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីគ្រោងចុះចេញពីតំណែង CEO ប្រចាំក្រុមហ៊ុន Amazon ជាផ្លូវការនៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ខាងមុខនេះ លោក Jeff Bezos នឹងធ្វើដំណើរកម្សន្ដទៅកាន់ក្បែរលំហ ឬគែមលំហ ដោយប្រើប្រាស់យានអវកាសមួយហៅថា Shepard នៃក្រុមហ៊ុន Blue Origin របស់គាត់ផ្ទាល់តែម្ដង។ ការធ្វើដំណើរទៅកាន់លំហលើកដំបូងនេះ គាត់ក៏នាំយកប្អូនប្រុសរបស់គាត់ទៅជាមួយដែរ បើយោងទៅតាមវីដេអូថ្មីមួយ ដែលគាត់បង្ហោះនៅលើគណនី Instagram ផ្លូវការរបស់គាត់។

ការបង្ហោះយានអវកាស Blue Origin ធ្វើដំណើរកម្សន្ដទៅកាន់លំហ របស់លោក Jeff Bezos និងប្អូនប្រុសរបស់គាត់ គឺគ្រោងធ្វើឡើងនៅថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 ខាងមុខនេះ ដោយហោះឡើងទៅលើចម្ងាយខ្ទង់ 100 គីឡូម៉ែត្រពីផ្ទៃទឹកលើផែនដី។ ខណៈពេលដែល យាននោះបានហោះដល់បន្ទាត់ Kármán (100 គីឡូម៉ែត្រឆ្ងាយពីផ្ទៃទឹក) ដូច្នេះរ៉ុកកែតរបស់វា នឹងផ្ដាច់ខ្លួនចេញពី ក្បាលយានដែលលោក Jeff Bezos និងសមាជិកផ្សេងៗទៀតកំពុងនៅក្នុងនោះ។

ចំណែកឯការចុះមកផែនដីវិញ នឹងត្រូវធ្លាក់មកដោយទំនាញផែនដី ហើយត្រូវបានកំណត់ឲ្យធ្លាក់ទៅ វាលខ្សាច់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ជាមួយជំនួយពីឆ័ត្រយោង។ នេះគឺជាក្ដីស្រមៃរបស់លោក Jeff Bezos ចាប់តាំងពីគាត់មានអាយុ 5 ឆ្នាំមក ដែលចង់ហោះហើរទៅកាន់លំហ ហើយនៅពេលឆាប់ៗខាងមុខនេះ គាត់នឹងអាចសម្រេចបានជោគជ័យ ព្រមទាំងជាមួយក្រុមហ៊ុនរបស់គាត់ផ្ទាល់ ថែមទៀតផង។

លើសពីនេះ កៅអីមួយនៅសល់នៅលើយាន កំពុងដាក់ដេញថ្លៃរហូតដល់ថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2021 ខាងមុខនេះ ជាមួយប្រាក់ទឹកខ្ទង់ 2,800,000 ដុល្លារក្នុងពេលបច្ចុប្បន្ន រហូតដល់ពេលស្វែងរកឃើញ អ្នកដែលហ៊ានឲ្យច្រើនជាងគេ នឹងក្លាយទៅជាអ្នកឈ្នះ។

ដោយ​ ៖ Jeff Bezos
អត្ថបទទាក់ទង