iOS 15 ត្រូវបាន Apple ដាក់បង្ហាញផ្លូវការ ជាមួយការបន្ថែមមុខងារសំខាន់ៗ និងមានទម្រង់នៃការជូនដំណឹងប្រសើរជាងមុន​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

នៅក្នុងព្រឹត្តិការណ៍ WWDC ដែល Apple បានរៀបចំធ្វើឡើងយប់ម្សិលមិញនេះ គេបានប្រកាសចេញផលិតផលផ្នែក Software ថ្មីៗរបស់ខ្លួនជាច្រើន ដែលរួមមានទាំង iOS 15 ថ្មី, iPadOS 15, macOS Monterey ក៏ដូចជា watchOS 8 ជាដើម ដោយក្នុងនោះ សុទ្ធសឹងតែទទួលបានការកែប្រែថ្មី ទៅលើមុខងារសំខាន់ៗមួយចំនួន។ សម្រាប់អត្ថបទនេះ យើងនឹងនិយាយទាក់ទងនឹង iOS 15 ដោយក្នុងនោះ ត្រូវបាន Apple កែប្រទៅលើចំណុចសំខាន់ៗ ឲ្យកាន់តែប្រសើរជាងមុន ក៏ដូចជាបានដាក់បន្ថែមមុខងារមានប្រយោជន៍មួយចំនួនផងដែរ។

មិនខុសទេ iOS 15 ឆ្នាំនេះ Apple បានបញ្ជាក់ប្រាប់ថា គេបានធ្វើការកែប្រែ និងពង្រឹងបន្ថែមទៅលើចំណុចសំខាន់ 4 ក្នុងនោះរួមមាន Staying Connected, Finding Focus, Using Intelligence និងចុងក្រោយគឺ Exploring The World។ 

ចំណុចកែប្រែសំខាន់ដំបូង ដែល Apple លើកយកមកបកស្រាយមុនគេ គឺទាក់ទងនឹងការដាក់បញ្ចូលមុខងារសំខាន់ជាច្រើន ទៅក្នុងកម្មវិធី FaceTime របស់គេ ដោយក្នុងនោះដែរ លើកនេះវាអាចគាំទ្រជាមួយបច្ចេកវិទ្យាសម្លេង Spatial Audio (ជាមុខងារបញ្ចេញសម្លេងទៅតាមទីតាំងរបស់បុគ្គលម្ខាងទៀត ដែលកំពុងតែធ្វើការ Call ជាវីដេអូតាមរយៈ FaceTime មានន័យថា បើអ្នកឃើញបុគ្គលនោះ នៅផ្នែកខាងឆ្វេងនៃទូរសព្ទឆ្លាត សម្លេងដែលបញ្ចេញមក គឺហាក់ដូចជាចេញពីផ្នែកខាងឆ្វេង ដូចទីតាំងរបស់បុគ្គលនោះអញ្ចឹងដែរ)។ 

បន្ថែមពីនេះ FaceTime ក៏ទទួលបានមុខងារកាត់បន្ថយសម្លេងរំខាន ពីផ្ទៃខាងក្រោយបានទៀតផង ដែលនឹងជួយឲ្យអ្នកប្រើប្រាស់ ស្ដាប់សម្លេងគ្នាទាំងសងខាង បានកាន់តែច្បាស់ និងងាយស្រួលជាងមុន។ កម្មវិធីនេះ ក៏ទទួលបានមុខងារ Portrait Mode មកដែរ ដែល Apple អះអាងថា វានឹងជួយធ្វើឲ្យផ្ទៃខាងក្រោយរបស់អ្នកប្រើប្រាស់ មានសភាពព្រាលដោយស្វ័យប្រវត្តិដូច Portrait Mode នៅលើរូបភាពដែរ។ 

មិនត្រឹមតែប៉ុណ្ណោះទេ Apple ក៏បានដាក់បញ្ចូលមុខងារផ្សេងៗទៀត ទៅកាន់ FaceTime ដូចគ្នា ជាក់ស្ដែងដូចជា FaceTime links ព្រមទាំងមុខងារ SharePlay ដែលនឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការចែករំលែកមាតិកាផ្សេងៗរួមគ្នាបាន ជាក់ស្ដែងដូចជា Screen Sharing ព្រមទាំងការស្ដាប់តន្ត្រីជាដើម។ 

ចេញពី FaceTime មក Apple ក៏បានធ្វើការដាក់បន្ថែមមុខងារសំខាន់ ទៅឲ្យកម្មវិធី Messages របស់ខ្លួនដែរ ដែលលើកនេះធ្វើឲ្យអ្នកប្រើ កាន់តែងាយស្រួលក្នុងការចូលទៅកាន់មាតិកាផ្សេងៗ ដែលអ្នកដទៃផ្ញើមកកាន់ពួកគេ ព្រមទាំងទទួលបានមុខងារ Shared Stacks ដែលអាចនាំយកមាតិកាផ្សេងៗពីកម្មវិធី Messages ទៅកាន់កម្មវិធី News ក៏ដូចជា Photos ជាដើម។

លើសពីនេះ Apple ក៏បានដាក់បញ្ចូលទម្រង់នៃការជូនដំណឹងថ្មីដែរ ដែលគេហៅថា Notification Summary ជាមុខងារមួយប្រើប្រាស់ On-device Intelligence ដើម្បីរៀបចំសារជូនដំណឹង កាន់តែមានភាពងាយស្រួលជាងមុន ដោយវាមិនបង្ហាញគ្រប់សារដំណឹងទាំងអស់ តាមរយៈពេលវេលានៃការជូនដំណឹងទៀតឡើយ ផ្ទុយទៅវិញ នឹងធ្វើការបែងចែកទៅតាមអាទិភាពនៃសារដំណឹងនោះ។ ឧទាហរណ៍ ដូចជាបើសិនជាអ្នកទទួលបានការផ្ញើសារចូល ពីមិត្តភក្តិរបស់អ្នកមក ដូច្នេះសារដំណឹងនេះ នឹងស្ថិតនៅលើគេ បើទោះជាមានការជូនដំណឹងថ្មីផ្សេងៗ ពីកម្មវិធីមិនសូវសំខាន់ផ្សេងទៀតក៏ដោយ។

អ្នកប្រើប្រាស់ក៏អាចធ្វើការបិទសារជូនដំណឹងទាំងនោះ ដើម្បីកុំឲ្យមានការរំខានបាន ហើយក្នុង iOS 15 ពួកគេទទួលបានមុខងារថ្មីមួយហៅថា Focus Mode ដែលអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការជ្រើសយកកម្មវិធី ឬមនុស្សដែលអនុញ្ញាតឲ្យផ្ញើសារចូល ក្នុងពេលដែលអ្នកប្រើកំពុង Focus ទៅលើកិច្ចការណាមួយបាន។ 

កម្មវិធី Photos នៅលើនោះ ក៏ទទួលបានការដាក់បញ្ចូលមុខងារថ្មីដូចគ្នា ដោយលើកនេះ គេបានបន្ថែមមុខងារមួយហៅថា OCR សម្រាប់ចាប់សម្គាល់អក្សរ ដោយវាប្រើប្រាស់ AI ដើម្បីសម្គាល់មើលរូបភាពដែលមានអក្សរ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការស្កេនយកអក្សរ ដែលមានក្នុងរូបភាពនោះ ហើយក៏អាចអាចធ្វើការ Copy និង Paste អក្សរដែលមានក្នុងរូបភាពចេញបានផងដែរ។ 

iOS 15 ក៏ទទួលបានមុខងារបន្ថែមហៅថា Apple Wallet ដែលអាចឲ្យប្រើប្រាស់ធ្វើការស្កេន ID Card របស់ខ្លួន និងទុកក្នុង Wallet នេះបាន។ ក្រៅពីនេះ Apple ក៏ធ្វើឲ្យកម្មវិធី Weather កាន់តែប្រសើរជាងមុន ដោយ Interface របស់វានឹងធ្វើការកែប្រែភ្លាមៗ អាស្រ័យទៅតាមសីតុណ្ហភាពខាងក្រៅពិតប្រាកដ មិនថាអាកាសធម្មតា, ពេលធ្លាក់ព្រិល ឬក៏ពេលភ្លៀង និងមានបន្ថែម Interface បែបមេឃងងឹតថ្មីមួយទៀត។ 

ចំណុចសំខាន់ចុងក្រោយ គឺ Apple បានកែប្រែ Interface ថ្មីក្នុងកម្មវិធី Maps របស់គេ ដែលលើកនេះ គឺបង្ហាញពីព័ត៌មានលម្អិតលើដងវិថី កាន់តែច្បាស់ជាងមុន ប៉ុន្តែការកែប្រែថ្មីនេះ នឹងមកដល់អ្នកប្រើប្រាស់លឿន ឬឆាប់ អាស្រ័យតាមប្រទេស ឬតំបន់ប៉ុណ្ណោះ។

អញ្ចឹងហើយខាងលើនេះ ជាចំណុចសំខាន់ៗដែល Apple បានដាក់បន្ថែម និងកែប្រែថ្មីនៅលើ iOS 15 របស់គេ ដោយក្នុងនោះ ភាគច្រើនឃើញថា ជាការកែប្រែក្នុងកម្មវិធីដោយឡែកប៉ុណ្ណោះ មិនសូវមានការកែប្រែច្រើនក្នុង System ផ្ទាល់ឡើយ។

ដោយ​ ៖ Apple
អត្ថបទទាក់ទង