iPadOS 15 ប្រកាសចេញជាផ្លូវការ ទទួលបាន Widget ថ្មី អាចដាក់បាននៅលើ Home Screen, App Library និង Multitasking ដំណើរការកាន់តែប្រសើរជាងមុន​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

តាមរយៈព្រឹត្តិការណ៍ WWDC (Worldwide Developers Conference) 2021 ធ្វើឡើងកាលពីយប់មិញនេះ Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការថ្មីៗរបស់ខ្លួនជាផ្លូវការ ហើយក្នុងចំណោមនោះ ក៏មានវត្តមានរបស់ iPadOS 15 ផងដែរ។ មិនខុសពីការរំពឹងទុកនោះទេ ដោយនៅលើ iPadOS 15 ក្រុមហ៊ុន Apple បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចយក Widget ទៅដាក់នៅលើ Home បានហើយ។ ជាមួយគ្នានេះ Apple ក៏បានបន្ថែមជម្រើសទំហំ Widget ធំៗឲ្យសាកសមទៅនឹងទំហំអេក្រង់របស់ iPad ផងដែរ។

ជាងនេះទៅទៀត iPadOS 15 ក៏ទទួលបានមុខងារ App Library សម្រាប់ជួយរៀបចំកម្មវិធីដែលមាននៅលើ iPad ដាក់ទៅតាមប្រភេទនៃកម្មវិធីនីមួយៗ ដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការស្វែងរកផងដែរ។ ជាមួយគ្នានេះ iPadOS 15 ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការកំណត់ចំនួនទំព័ររបស់ផ្ទាំង Home Screen ដែលពួកគេចង់បង្ហាញ ឬក៏លាក់ទំព័រណាមួយដែលពួកគេមិនចង់បង្ហាញបានផងដែរ។ លើសពីនេះ មុខងារ Multitasking នៅលើ iPadOS 15 ក៏មានសមត្ថភាពធ្វើការបានកាន់តែប្រសើរ និងរហ័សជាងមុនថែមទៀតផង។ ជាក់ស្តែង Split View នៅលើ iPadOS 15 អនុញ្ញតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរកម្មវិធីបានយ៉ាងរហ័ស ដោយគ្រាន់តែយកម្រាមដៃអូសចុះទៅក្រោម នៅលើកម្មវិធីដែលពួកគេចង់ផ្លាស់ប្តូរ នោះវានឹងបង្ហាញផ្ទាំង Home Screen ភ្លាមៗ ដើម្បីឲ្យអ្នកប្រើប្រាស់អាចជ្រើសរើសកម្មវិធីដែលពួកគេចង់បើកនៅក្នុង Split View។

ក្រៅពី Multitasking ហើយ Notes ក៏ទទួលបានការកែប្រែច្រើនគួរឲ្យកត់សម្គាល់ផងដែរ ដោយ Notes នៅលើ iPadOS 15 ទទួលបានមុខងារ Mention, Tags និងមុខងារថ្មីមួយចំនួនផ្សេងទៀតផងដែរ។ កាន់តែពិសេសទៀតនោះ នៅលើ iPadOS 15 អ្នកប្រើប្រាស់អាចបើកកម្មវិធី Notes ជាន់លើកម្មវិធីដើមរបស់ Apple ទាំងអស់ ដើម្បីធ្វើការកត់ចំណាំភ្លាមៗ ដោយគ្រាន់តែយកម្រាមដៃអូសពីជ្រុងខាងស្តាំនៃផ្នែកខាងក្រោម។ មិនទាន់អស់នោះទេ Apple ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការបង្កើតកម្មវិធីសម្រាប់ iPhone និង iPad តាមរយៈកម្មវិធី Swift Playgrounds របស់ iPad ដោយមិនចាំបាច់ប្រើកម្មវិធី Xcode របស់ macOS នោះទេ។

ដោយ​ ៖ 9to5Mac
អត្ថបទទាក់ទង