Huawei MatePad Pro 12.6 អ៊ីញ ចេញជាផ្លូវការ ប្រើអេក្រង់ OLED និងដំណើរការដោយ HarmonyOS ចេញពីប្រអប់ស្រាប់តែម្តង​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ដូចដែលបានរំពឹងទុក កាលពីពេលអម្បាញ់មិញនេះ Huawei បានប្រកាសចេញថេប្លេត MatePad Pro ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការហើយ ដោយពួកវាមានជម្រើសអេក្រង់ចំនួន 2 គឺ 10.8 អ៊ីញ និង 12.6 អ៊ីញ។ ទៅលើផ្នែកខាងមុខរបស់ MatePad Pro ទំហំ 12.6 អ៊ីញ យើងសង្កេតឃើញថា វារចនាបថស្រដៀងគ្នាទៅនឹង Galaxy Tab S7+ របស់ Samsung ឬ iPad Pro ទំហំ 12.9 អ៊ីញ ឆ្នាំ 2021 របស់ Apple អញ្ចឹងដែរ។ ដោយវាបានបំពាក់មកជាមួយអេក្រង់លាតរាបស្មើ មានគែមទាំង 4 ជ្រុងស្មើគ្នា និងមានកាមេរ៉ាមុខបង្កប់នៅក្នុងគែមអេក្រង់តែម្តង។ សម្រាប់ផ្នែកខាងក្រោយវិញ វាបានភ្ជាប់មកជាមួយកាណុងកាមេរ៉ា មានរាងចតុកោណ ទាលនៅជ្រុងនីមួយៗ ហើយនៅក្នុងកាណុងកាមេរ៉ានេះដែរ មានផ្ទុកកាមេរ៉ាចំនួន 3 គ្រាប់ ភ្លើង LED Flash 1 គ្រាប់ និងរន្ធស្រូបសំឡេង 1 គ្រាប់ ផងដែរ។

Huawei MatePad Pro ទំហំ 12.6 អ៊ីញ បំពាក់មកជាមួយអេក្រង់ទំហំ 12.6 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត 2560 x 1600 ភិចស៊ែល គាំទ្រកម្រិតទឹកពណ៌ DCI-P3 ជាមួយកម្រិតពន្លឺ 400nits។ ខណៈ MatePad Pro ទំហំ 10.8 អ៊ីញ បំពាក់មកជាមួយអេក្រង់ទំហំ 10.8 អ៊ីញ ប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត 2560 X 1600 ភិចស៊ែល គាំទ្រកម្រិតទឹកពណ៌ DCI-P3 ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីន MatePad Pro ទំហំ 12.6 ប្រើប្រាស់បន្ទះឈីប Kirin 9000E គួបផ្សំជាមួយ RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ ខណៈ MatePad Pro ទំហំ 10.8 អ៊ីញ ប្រើប្រាស់បន្ទះឈីប Snapdragon 870 គួបផ្សំជាមួយ RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB ដូចគ្នា។

សម្រាប់ផ្នែកកាមេរ៉ាវិញ Huawei MatePad Pro ទំហំ 12.6 អ៊ីញ បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 8MP និងកាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ ដោយក្នុងនោះមួយគ្រាប់គឺជាលេនគោលទំហំ 13MP, មួយគ្រាប់ទៀតជាលេនទូលាយ (Ultra-Wide) ទំហំ 8MP និងមួយគ្រាប់ចុងក្រោយជាលេន ToF។ ខណៈ MatePad Pro ទំហំ 10.8 អ៊ីញ បានភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ និងកាមេរ៉ាក្រោយចំនួន 2 គ្រាប់។ ដើម្បីអាចឲ្យម៉ាស៊ីនដំណើរការទៅបាន MatePad Pro ទំហំ 12.6 អ៊ីញ បានបំពាក់មកជាមួយថ្មទំហំ 10,050mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 40W ផងដែរ។ ខណៈដែល MatePad Pro ទំហំ 10.8 អ៊ីញ បានបំពាក់មកជាមួយថ្មទំហំ 7,250mAh។

លើសពីនេះ Huawei MatePad Pro ទាំង 2 ម៉ូឌែលនេះ ក៏គាំទ្រប៊ិច Huawei M-Pen ជំនាន់ទី 2 និងអាចតភ្ជាប់ទៅកាន់ក្តារចុច (Smart Magnetic Keyboard) ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 2.0 ចេញពីប្រអប់ស្រាប់ ថែមទៀតផង។ ជាងនេះទៅទៀត MatePad Pro ទំហំ 12.6 ក៏បានភ្ជាប់មកជាមួយ Speaker ចំនួន 8 គ្រាប់ Mic 4 គ្រាប់ និងគាំទ្របច្ចេកវិទ្យា Wi-Fi 6 ផងដែរ។ MatePad Pro ទំហំ 12.6 កើតមកជាមួយជម្រើសពណ៌សរុបចំនួន 3 ដោយក្នុងនោះរួមមានដូចជាពណ៌បៃតងចាស់, ប្រផេះ និងពណ៌ទឹកប្រាក់។ សម្រាប់ទីផ្សារប្រទេសចិន MatePad Pro ទំហំ 12.6 ត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ប្រហែលជា ៣ លាន ១២ ម៉ឺនរៀល (780 ដុល្លារ) ឡើងទៅ។ ខណៈដែល MatePad Pro ទំហំ 10.8 អ៊ីញ ត្រូវដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ប្រហែលជា ២ លាន ៣៨ ម៉ឺនរៀល (595 ដុល្លារ) ឡើងទៅ ហើយពួកវានឹងដាក់លក់ជាផ្លូវការ នៅថ្ងៃទី 10 មិថុនា ឆ្នាំ 2021 ខាងមុខនេះ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង