លោក Jeff Bezos នឹងចុះចេញពីតំណែង CEO របស់ Amazon ជាផ្លូវការនៅថ្ងៃទី 5 ខែកក្កដាខាងមុខនេះ​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីដើមឆ្នាំ យើងបានដឹងហើយថា លោក Jeff Bezos មានគម្រោងក្នុងការចុះចេញពីតំណែងជា CEO របស់ Amazon ដើម្បីបុគ្គលិកជាន់ខ្ពស់មួយរូបទៀត របស់ក្រុមហ៊ុនអាមេរិកមួយនេះ ចូលមកកាន់តំណែងជំនួសវិញ។ ដំណឹងកាលពីពេលនោះដែរ គឺបញ្ជាក់ថា មហាសេដ្ឋីលំដាប់ទី 1 លើពិភពលោកខាងលើ មានគម្រោងចុះចេញ នៅក្នុងអំឡុងត្រីមាសទី 3 ខាងមុខ ខណៈពេលនេះវិញ គឺច្បាស់ការហើយ ដោយលោក Jeff Bezos បានបញ្ជាក់ប្រាប់ជាសាធារណៈជនថា គាត់នឹងបញ្ចប់តួនាទីជា CEO របស់ផ្សារអនឡាញខាងលើ នៅដើមខែកក្កដាខាងមុខតែម្ដង។

មិនខុសទេ លោក Jeff Bezos បានបញ្ជាក់ប្រាប់ពីពេលវេលា នៃការចុះចេញពីតំណែងជាក់លាក់ នៅក្នុងការប្រជុំជាមួយម្ចាស់ភាគហ៊ុនរបស់ Amazon កាលពីថ្ងៃម្សិលមិញនេះឯង ដោយបានប្រាប់ច្បាស់ថា ថ្ងៃចុងក្រោយក្នុងនាមជា CEO នៃ Amazon របស់គាត់ គឺនឹងបញ្ចប់ត្រឹមថ្ងៃទី 5 ខែកក្កដាឆាប់ៗខាងមុខនេះ។ សូមបញ្ជាក់ថា បន្ទាប់ពីចុះចេញពីតំណែងជា CEO ប្រចាំក្រុមហ៊ុនយក្សខាងលើ មិនមែនមានន័យថា គាត់ចាកចេញពីក្រុមហ៊ុនឡើយ ពោលគឺ លោក Jeff Bezos នឹងផ្ទេរទៅធ្វើជា ប្រធាននាយកប្រតិបត្តិតែម្ដង (Executive Chairman)។ 

អ្នកដែលនឹងចូលខ្លួនមកជំនួសតំណែងឲ្យលោក Jeff Bezos ក្នុងនាមជា CEO ប្រចាំ Amazon វិញនោះ គឺលោក Andy Jassy សព្វថ្ងៃគាត់កំពុងតែកាន់តួនាទីជា CEO ប្រចាំផ្នែកសេវាកម្មវេបសាយ Amazon Web Services (AWS) ដែលជាផ្នែកមួយ ជួយរកចំនូលឲ្យ Amazon បានខ្ទង់ 13.5 ពាន់លានដុល្លារ ត្រូវជា 12% នៃចំណូលសរុបរបស់ក្រុមហ៊ុននេះ គិតតែក្នុងត្រីមាសទី 1 ឬបីខែដំបូងនៃឆ្នាំ 2021 ប៉ុណ្ណោះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ លោក Jeff Bezos នៅតែបន្តតំណែងជាមហាសេដ្ឋី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី 1 លើពិភពលោកដដែល ជាក់ស្ដែងបើគិតក្នុងពេលដែលយើងបានចេញអត្ថបទនេះ ទ្រព្យសម្បត្តិសរុបទាំងអស់របស់គាត់ គិតជាទឹកប្រាក់សុទ្ធ គឺស្មើនឹង 189.2 ពាន់លានដុល្លារឯណោះ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង