Lenovo បញ្ចេញថេប្លេតថ្មី 3 ម៉ូឌែល ក្នុងនោះម៉ូឌែល Pad Pro ប្រើអេក្រង់ OLED 90Hz ទំហំ 11.5 អ៊ីញ ជាមួយឈីប Snapdragon 870​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

ថ្មីៗនេះ Lenovo ទើបប្រកាសចេញថេប្លេតជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការ ដោយក្នុងនោះសម្រាប់ម៉ូឌែលដែលមានបំពាក់អេក្រង់ទំហំខ្ទង់ 11 អ៊ីញ ឃើញថាមានដល់ទៅ 3 ម៉ូឌែលឯណោះ ប៉ុន្តែម៉ូឌែលកំពូលមានតែមួយគត់ ថែមទាំងត្រូវបាន Lenovo ដាក់លក់នៅក្នុងតម្លៃដ៏ប្រសើរមួយថែមទៀតផង។ ថេប្លេតជំនាន់ថ្មីទាំង 3 នោះត្រូវបានគេហៅថា Lenovo Pad Pro 2021 ជាម៉ូឌែលខ្ពស់ជាងគេ, Lenovo Pad Plus 11 ជាម៉ូឌែលបង្គួរ និងចុងក្រោយគេជាម៉ូឌែលមធ្យម សម្រាប់ការប្រើប្រាស់ទូទៅ ត្រូវបានហៅថា Lenovo Pad 11 នេះឯង។

សម្រាប់ការរចនារូបរាង ថេប្លេតទាំង 3 ម៉ូឌែលនោះ មើលទៅស្រដៀងៗគ្នាដែរ ជាពិសេសគឺម៉ូឌែល Lenovo Pad Pro 2021 និង Pad Plus 11 តែម្ដង ដោយផ្នែកខាងក្រោយគឺស្ទើរតែដូចគ្នាទៅហើយ ព្រោះមិនថា ស្ទាយឆ្នូត ឬទម្រង់កាមេរ៉ានោះទេ អាចនិយាយបានថា មិនឃើញចំណុចខុសគ្នាឡើយ ក្រៅពីពណ៌របស់វា។ ដោយឡែកសម្រាប់ម៉ូឌែលទាបជាងគេវិញ វាខុសគេបន្តិចនៅខាងក្រោយ ដោយសារមានកាមេរ៉ាមួយគ្រាប់រាងរង្វង់តែម្ដង មិនមែនទ្រវែងដូចគេទេ។ យ៉ាងណាខាងមុខ ជាផ្នែកសំខាន់អាចឲ្យយើងបែងចែកបានថា មួយណាជាមួយម៉ូឌែលកំពូល ឬមធ្យម ជាក់ស្ដែងម៉ូឌែល Pad Pro 2021 វាមានគែមអេក្រង់ជុំវិញខ្លីជាងគេ រីឯពីរម៉ូឌែលទៀត គែមអេក្រង់របស់វានៅសល់ក្រាស់គួរសម។ 

ដំបូងយើងនឹងនិយាយពីម៉ូឌែលខ្ពស់មុន ពោលគឺ Lenovo Pad Pro 2021 ដោយវាបានបំពាក់មកជាមួយអេក្រង់ទំហំ 11.5 អ៊ីញ ជាប្រភេទ OLED មានល្បឿន Refresh Rate 90Hz ព្រមទាំងមានកម្រិត Response Time ដល់ទៅ 1ms ទៀតផង។ អេក្រង់នេះមានកម្រិតបង្ហាញ 2,560 x 1,600 ភិចសែល ជាមួយកម្រិតសមាមាត្រ 16:10 គាំទ្រជាមួយ Dolby Vision, HDR10, អាចបង្ហាញទឹកពណ៌ DCI-P3 បាន 100% ពេញ ព្រមទាំងមានកម្រិតពន្លឺខ្ពស់បំផុតដល់ 600 nits ផងដែរ។ 

ទៅលើបន្ទះឈីបវិញ Pad Pro 2021 បានបំពាក់ឈីប Snapdragon 870 ជាមួយរ៉េមទំហំ 6GB និងអង្គផ្ទុក 128GB ជាប្រភេទ UFS 3.1 ហើយអ្នកប្រើក៏អាចបន្ថែមអង្គផ្ទុកប្រភេទ micro SD Card បានដែរ។ ចំពោះកាមេរ៉ានៅខាងក្រោយ ដូចបានឃើញអញ្ចឹង វាមានពីរគ្រាប់ ដោយលេនគោលមានទំហំ 13MP មានមុខងារ Autofocus និងមួយទៀតជាលេនទូលាយ Ultrawide 120 ដឺក្រេ ទំហំ 5MP ហើយផ្នែកខាងមុខវិញ វាមានមួយគ្រាប់ទំហំ 8MP ជាមួយសេនស័រ ToF មួយទៀត សម្រាប់ជំនួយដល់មុខងារស្កេនសម្គាល់មុខ។ ថេប្លេតខាងលើ បានបំពាក់ថាមពលថ្មទំហំ 8,600mAh ជាមួយកម្លាំងសាកល្បឿនលឿនត្រឹម 20W ប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាវាជាថេប្លេតមានកម្រាស់ស្ដើងត្រឹម 5.8mm ជាមួយទម្ងន់ 485g។ 

ក្រៅពីនេះ វាក៏គាំទ្រជាមួយប៊ិកបានដែរ ប៉ុន្តែ Lenovo មិនឲ្យមកឥតគិតថ្លៃឡើយ បើអ្នកប្រើត្រូវការគឺត្រូវទិញបន្ថែម រីឯចំណុចសំខាន់មួយទៀតគឺថា វាមាន Speaker 4 គ្រាប់សហការជាមួយ JBL ដែលអាចបង្កើតកម្លាំងសម្លេងសរុបចូលគ្នាដល់ 6W ហើយក៏គាំទ្រជាមួយ Dolby Atmos ផងដែរ។ ថេប្លេតកំពូលខាងលើនេះ នឹងត្រូវបាន Lenovo ដាក់លក់ក្នុងប្រទេសចិន ជាមួយតម្លៃសមរម្យពោលគឺខ្ទង់ ១ លាន ៥៦ ម៉ឺនរៀល ឬ 390 ដុល្លារ។

ដល់ពេលដែលត្រូវរៀបរាប់ពីម៉ូឌែលបង្គួរ Lenovo Pad Plus 11 វិញម្ដង ដោយវាបានប្រើប្រាស់អេក្រង់ទំហំ 11 អ៊ីញ ជាប្រភេទ LCD មានល្បឿន Refresh Rate 60Hz ធម្មតាប៉ុណ្ណោះ ព្រមទាំងមានកម្រិតបង្ហាញ 2,000 x 1,200 ភិចសែល។ សម្រាប់កម្លាំងម៉ាស៊ីនវិញ វាប្រើឈីប Snapdragon 750G ជាមួយរ៉េមទំហំ 6GB និងអង្គផ្ទុក 128GB និងអាចធ្វើការដាក់បន្ថែម micro SD Card បានដូចម៉ូឌែលខាងលើដែរ។ 

ចំពោះកាមេរ៉ារបស់វានៅខាងក្រោយមានមួយគ្រាប់ប៉ុណ្ណោះ ប៉ុន្តែការឌីហ្សាញរបស់ Lenovo ធ្វើឲ្យយើងគិតថា វាមានពីរគ្រាប់ដូចម៉ូឌែលកំពូលដែរ ប៉ុន្តែយ៉ាងណាវាជាលេនគោលទំហំ 13MP ដូចគ្នា និងបានបន្តប្រើកញ្ចប់កាមេរ៉ាមុខដូចគ្នា ពោលគឺមានកាមេរ៉ា 8MP មួយគ្រាប់ជាមួយសេនស័រ ToF នោះឯង។ វាមានថាមពលថ្ម 7,700mAh ក៏ដូចជានៅតែទទួលបាន Speaker 4 គ្រាប់សហការជាមួយ JBL ដូចម៉ូឌែលខាងលើអញ្ចឹង។ 

ដោយសារតែលក្ខណៈសម្បត្តិទាបជាង ដូច្នេះតម្លៃរបស់វាក៏ទាបជាងម៉ូឌែលខាងលើដែរ ពោលគឺ Lenovo បានដាក់លក់ក្នុងប្រទេសចិនខ្ទង់ ១ លានរៀល ឬ 250 ដុល្លារ។

ចុងក្រោយគេចូលមកដល់ម៉ូឌែលមធ្យមវិញម្ដង នោះគឺ Lenovo Pad 11 តែវាមិនសូវជាមានលក្ខណៈសម្បត្តិប្លែកច្រើននោះទេ ដោយសារមានចំណុចសំខាន់ៗដូចជា អេក្រង់ កាមេរ៉ា Speaker ថាមពលថ្ម ក៏ដូចជាចំណុចមួយចំនួនធំទៀត ដូចគ្នាទាំងស្រុងជាមួយម៉ូឌែល Pad Plus 11 ដែរ។ ចំណុចគោលសំខាន់ដែលខុសគ្នានោះគឺថា វាប្រើត្រឹមឈីប Snapdragon 662 ជាមួយរ៉េមទំហំ 4GB និងអង្គផ្ទុក 64GB ប៉ុណ្ណោះ ប៉ុន្តែអ្នកប្រើនៅតែអាចបន្ថែមអង្គផ្ទុក micro SD Card ពីក្រៅបានដូចគ្នា។ 

ចំណុចសំខាន់ខ្លះទៀត ដែលវាខុសគ្នាគឺ វាប្រើ USB-C ជំនាន់ 2.0 មិនមែនជំនាន់ថ្មី 3.1 ដូចពីរម៉ូឌែលផ្សេងទៀតនៅខាងលើឡើយ ហើយ WiFi របស់វាក៏ទាបជាងគេដែរ ពោលគឺប្រើត្រឹមជំនាន់ WiFi 5 ខណៈម៉ូឌែលពីរខាងលើប្រើ WiFi 6 ទៅហើយ។ លក្ខណៈសម្បត្តិទាបជាងគេ ក៏ព្រោះតែ Lenovo ដាក់លក់វា ក្នុងតម្លៃទាបជាងគេដូចគ្នា និយាយឲ្យចំទៅ ក្នុងប្រទេសចិនដដែលម៉ូឌែល Pad 11 មានតម្លៃខ្ទង់ ៦៨ ម៉ឺនរៀល ឬ 170 ដុល្លារ។

ដោយ​ ៖ GSMArena
អត្ថបទទាក់ទង