រដ្ឋាភិបាលអាមេរិកព្រមព្រៀងក្នុងការដក Xiaomi ចេញពីបញ្ជីខ្មៅរបស់គេវិញហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងបានដឹងហើយថា កន្លងទៅអាមេរិកបានធ្វើការដាក់បញ្ចូលក្រុមហ៊ុនចិនជាច្រើន ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដោយក្នុងនោះក៏រួមមានទាំងក្រុមហ៊ុន Xiaomi ដូចគ្នាដែរ។ មូលហេតុធំបំផុតដែលអាមេរិកធ្វើបែបនោះ គឺដោយសារតែក្រសួងការពារជាតិរបស់គេ ចោទប្រកាន់ថា Xiaomi គឺជាក្រុមហ៊ុនមួយ ដែលមានទំនាក់ទំនងជាមួយយោធាចិន។ បន្ទាប់ពីនោះ Xiaomi ក៏មានប្រតិកម្មតប យ៉ាងឆាប់រហ័សដែរ ដោយបានដាក់ពាក្យបណ្ដឹងប្ដឹងតបវិញ ហើយក្រោយមកតុលាការក៏សម្រេច ឲ្យអាមេរិកបញ្ឈប់ការចោទប្រកាន់ និងដាក់ពិន័យលើ Xiaomi តទៅទៀត។

យ៉ាងណាក៏ដោយ បន្ទាប់ពីពេលនោះមក អាមរិកនៅមិនទាន់មានការឆ្លើយតបវិញនៅឡើយទេ ទើបតែថ្មីៗនេះ រដ្ឋាភិបាលអាមេរិក បានធ្វើការព្រមព្រៀងហើយ ដោយបានដក Xiaomi ចេញពីបញ្ជីខ្មៅរបស់គេវិញ បន្ទាប់បានដាក់បញ្ចូលក្រុមហ៊ុនចិននេះទៅ កាលពីប្រមាណជាជាង 3 ខែមុន។ គួរបញ្ជាក់ដែរ បើតាមរបាយការណ៍ដែលទទួលបាន គឺឲ្យដឹងថាភាគីទាំង 2 បានសម្របសម្រួល និងព្រមព្រៀងគ្នាហើយ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់លម្អិត ពីលក្ខខណ្ឌនៃការព្រមព្រៀងនោះទេ គ្រាន់តែដឹងថាពួកគេគ្រោងនឹងដាក់ឯកសាររួមគ្នាមួយទៀត នៅមុនថ្ងៃទី 20 ខែឧសភានេះ។ សូមរំឮកថា តុលាការអាមេរិក សម្រេចឲ្យរដ្ឋាភិបាលអាមេរិកបញ្ឈប់ការចោទប្រកាន់ និងដាក់ពិន័យលើ Xiaomi ប្រមាណជាជាងមួយខែមុន ដោយក្នុងនោះដែរ ចៅក្រមបាននិយាយថា ការចោទប្រកាន់របស់ក្រសួងការពារជាតិអាមេរិក គឺជាការបំពាន និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុន Xiaomi។

មុនពេលមានការសម្រេចរបស់តុលាការ Xiaomi ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងប្ដឹងតបវិញ និងធ្លាប់ចេញលិខិតអះអាងថា ពួកគេមិនត្រូវបានគ្រប់គ្រង ឬមានទំនាក់ទំនងណាមួយជាមួយយោធាចិនឡើយ ហើយការចោទប្រកាន់របស់អាមេរិកនោះ គឺបានបង្ករការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនខ្លួន ក្នុងទីផ្សារសកល ជាពិសេសនោះ គឺធ្វើឲ្យអ្នកវិនិយោគរបស់គេ ដែលភាគច្រើនជាជនជាតិអាមេរិក មិនអាចបន្តការវិនិយោគតទៅទៀត។

យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ ការតវ៉ារបស់ Xiaomi ចេញជាផ្លែផ្កាហើយ ព្រោះថារដ្ឋាភិបាលអាមេរិក សម្រេចដកគេចេញពីបញ្ជីខ្មៅវិញហើយ ដូច្នេះគឺមិនមានសម្ពាធណាមួយ បន្តដាក់គំនាបលើ Xiaomi ទៀតនោះទេ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង