Geekbench បង្ហាញថា iPad Pro ប្រើឈីប M1 មានល្បឿនលឿនជាង iPad Pro ជំនាន់មុនដល់ទៅជាង 50% ឯណោះ​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

តាមរយៈព្រឹត្តិការណ៍ពិសេស Spring Loaded ដែលធ្វើឡើងកាលពីខែមុន Apple បានប្រកាសចេញ iPad Pro ឆ្នាំ 2021 ជាផ្លូវការ។ ជាងនេះទៅទៀត ថេប្លេតជំនាន់ថ្មីទាំង 2 ម៉ូឌែលនេះ ក៏បានបង្ហាញខ្លួនមកជាមួយបន្ទះឈីបលំដាប់កំពូល M1 ទំហំ 5nm ដែលឃើញមានបំពាក់នៅលើកុំព្យូទ័រយួរដៃ MacBook Air ឆ្នាំ 2020, MacBook Pro ឆ្នាំ 2020 ទំហំ 13 អ៊ីញ និងកុំព្យូទ័រលើតុ iMac ឆ្នាំ 2021 ផងដែរ។

ដោយឡែក នៅក្នុងថ្ងៃនេះវិញ តាមរយៈគេហទំព័រ MacRumors បានធ្វើឲ្យយើងដឹងថា iPad Pro ឆ្នាំ 2021 ប្រើប្រាស់បន្ទះឈីប M1 មានសមត្ថភាពអាចទាញយកពិន្ទុ Single-Core ពីកម្មវិធី Geekbench 5 បានខ្ទង់ 1718 ពិន្ទុ និង Multi-Core បានខ្ទង់ 7284 ពិន្ទុ។ ខណៈ iPad Pro ឆ្នាំ 2020 ប្រើប្រាស់បន្ទះឈីប A12Z មានសមត្ថភាពអាចទាញយកពិន្ទុ Single-Core ពីកម្មវិធី Geekbench 5 បានខ្ទង់ 1121 ពិន្ទុ និង Multi-Core បានខ្ទង់ 4656 ពិន្ទុ។ អញ្ចឹងបើផ្អែកទៅតាមលទ្ធមួយនេះ បានបញ្ជាក់ឲ្យយើងដឹងថា iPad Pro ឆ្នាំ 2021 ប្រើប្រាស់បន្ទះឈីប M1 មានល្បឿនលឿនជាង iPad Pro ប្រើប្រាស់បន្ទះឈីប A12Z ដល់ទៅជាង 50% ឯណោះ។

តាមរយៈប្រភពខាងលើដដែល ក៏បានធ្វើឲ្យយើងបានដឹងបន្ថែមទៀតថា iPad Pro 2021 ប្រើប្រាស់បន្ទះឈីប M1 មានល្បឿនលឿនជាង MacBook Pro ទំហំ 16 អ៊ីញ ទៅទៀត។ ជាក់ស្តែង MacBook Pro ទំហំ 16 អ៊ីញ ប្រើប្រាស់ CPU Intel Core i9 ជំនាន់ទី 9 មានសមត្ថភាពអាចទាញយកពិន្ទុ Single-Core ពីកម្មវិធី Geekbench 5 បានខ្ទង់ 1091 ពិន្ទុ និង Multi-Core បានខ្ទង់ 6845 ពិន្ទុ ប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយ MacBook Air ឆ្នាំ 2020 ប្រើប្រាស់បន្ទះឈីប M1 ដូចគ្នា យើងសង្កេតឃើញថា ពួកវាមានល្បឿនប្រហាក់ប្រហែលគ្នា។ ដោយ MacBook Air ឆ្នាំ 2020 ប្រើប្រាស់បន្ទះឈីប M1 មានសមត្ថភាពអាចទាញយកពិន្ទុ Single-Core ពីកម្មវិធី Geekbench 5 បានខ្ទង់ 1701 ពិន្ទុ និង Multi-Core បានខ្ទង់ 7378 ពិន្ទុ។

ដោយ​ ៖ MacRumors
អត្ថបទទាក់ទង