Samsung និង Lenovo ក៏សម្រេចចិត្តមិនចូលរួមក្នុងព្រឹត្តិការណ៍ MWC 2021 ដោយផ្ទាល់ដែរ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កន្លងទៅនេះ យើងទទួលបានដំណឹងថា មានក្រុមហ៊ុនធំៗជាច្រើនមកហើយ ដែលបានធ្វើការដកខ្លួនចេញពីព្រឹត្តិការណ៍ធំប្រចាំឆ្នាំ MWC 2021 ជាផ្លូវការ ដោយរួមមានទាំង Google ផងដែរ ព្រោះតែពួកគេមានការព្រួយបារម្ភ ពីការបន្តរាតត្បាតនៃមេរោគកូវីដ-១៩ មកកាន់បុគ្គលិកខ្លួន ក៏ដូចជាអ្នកដែលបានចូលរួមជាដើម។ មិនខុសទេ បើទោះជាក្រុមហ៊ុនទាំងនោះ ប្រកាសដកខ្លួនហើយក្តី ប៉ុន្តែ GSMA ដែលជាអ្នករៀបចំព្រឹត្តិការណ៍នោះ នៅមិនទាន់មានប្រតិកម្មណាមួយឡើយ ហើយពេលនេះ ក្រុមហ៊ុនយក្សចំនួនពីរទៀត បានសម្រេចចិត្តមិនចូលរួមដោយផ្ទាល់នោះទេ។

មិនខុសទេ ថ្មីៗនេះ Samsung បានធ្វើការប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ពួកគេនឹងមិនចូលក្នុងព្រឹត្តិការណ៍ MWC 2021 ដោយផ្ទាល់នៅទីក្រុង Barcelona នោះទេ ប៉ុន្តែមិនមានន័យថា ពួកគេអវត្តមានឡើយ ផ្ទុយទៅវិញ ក្រុមហ៊ុននេះជ្រើសយកការចូលរួមមិនផ្ទាល់វិញ មានន័យថាជាការចូលរួមតាមអនឡាញហ្នឹងឯង។ មិនត្រឹមតែ Samsung មួយទេ ជាក់ស្ដែង Lenovo ក៏បានសម្រេចចិត្តដូចគ្នានោះដែរ ដោយគេសម្រេចចូលរួម MWC 2021 ជាលក្ខណៈ Virtual Event ជំនួសឲ្យការបញ្ជូនបុគ្គលិកទៅចូលរួមដោយផ្ទាល់វិញ។ សម្រាប់ហេតុផលនៃការសម្រេចចិត្តរបស់ក្រុមហ៊ុនទាំងពីរខាងលើ គឺមិនខុសពីហេតុផលរបស់ក្រុមហ៊ុនមួយចំនួន ដែលបានដកខ្លួនចេញកន្លងទៅនោះទេ ដោយគឺដោយសារតែមេរោគរាតត្បាតកូវីដ-១៩ នោះឯង ដូច្នេះហើយ នេះជាការសម្រេចចិត្តមួយ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិក ក៏ដូចជាអ្នកចូលរួមទាំងអស់។

សូមរំឮកដែរថា ដំបូងឡើយ Ericson និង Nokia បានសម្រេចដកខ្លួនចេញពីព្រឹត្តិការណ៍ខាងលើមុនគេតែម្ដង ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារ ផ្នែកទូរគមនាគមន៍ បន្ទាប់មកទៀត Sony និង Oracle ក៏បានសម្រេចចិត្តដូចគ្នាដែរ ហើយចុងក្រោយគេបង្អស់គឺ Google នេះឯង គេបានសម្រេចមិនចូលរួមតែម្ដង មិនថាអនឡាញ ឬដោយផ្ទាល់នោះទេ។ កន្លងទៅ GSMA បានបង្ហាញពីការពង្រឹងការការពាររបស់គេ នៅពេលដែលព្រឹត្តិការណ៍ MWC 2021 នឹងចាប់ផ្តើម ជាក់ស្ដែងគេនឹងធ្វើការកាត់បន្ថយ ចំនួននៃអ្នកចូលទស្សនាឲ្យនៅតិចជាងមុន ព្រមទាំងមានការត្រួតពិនិត្យម៉ត់ចត់ ដើម្បីប្រាកដថា អ្នកដែលចូលរួមទាំងអស់ គឺមិនមានផ្ទុក COVID-19 នោះទេ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង