Dell XPS ជំនាន់ថ្មីបង្ហាញខ្លួនហើយ បន្តប្រើអេក្រង់គែមខ្លីបំផុត និងមានបំពាក់ GPU ត្រកូល RTX 30-Series របស់ NVIDIA ទៀតផង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ប្រិយមិត្តច្បាស់ជាស្គាល់ហើយ នូវកុំព្យូទ័រយួរដៃត្រកូល XPS របស់ Dell ដោយកាលពីឆ្នាំមុន គេបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាកុំព្យូទ័រត្រកូលនេះ ត្រូវបានកែប្រែរូបរាងមួយផ្នែកធំ ជាពិសេសនោះ គឺជាការបំពាក់អេក្រង់ ដែលមានគែមជុំវិញខ្លីបំផុតតែម្ដង។ ដោយឡែក នៅក្នុងពេលនេះ Dell សម្រេចបញ្ចេញជំនាន់ថ្មីនៃត្រកូល XPS របស់ខ្លួនមកទៀតហើយ ដោយលើកនេះ វានៅតែបន្តប្រើប្រាស់អេក្រង់គែមខ្លី ប៉ុន្តែវាពិសេសជាងមុនត្រង់ថា បានបំពាក់មកជាមួយក្រាហ្វិកកាតត្រកូល RTX របស់ NIVDIA មកថែមទៀតផង។

សម្រាប់រូបរាងអាចនិយាយបានថា មើលទៅគឺមិនខុសពីឆ្នាំមុនឡើយ ហើយ Dell XPS ជំនាន់ថ្មីគឺនៅតែបន្តមានជម្រើសពីរប្រភេទដដែលគឺ Dell XPS 15 មានអេក្រង់ 15.6 អ៊ីញ និង XPS 17 មានអេក្រង់ទំហំ 17 អ៊ីញហ្នឹងឯង។ មិនខុសពីកុំព្យូទ័រយួរដៃផ្សេងទៀត ដែលត្រូវបានក្រុមហ៊ុនជាច្រើនប្រកាសចេញ កាលពីយប់មិញនោះទេ ដោយ Dell XPS ជំនាន់ថ្មី គឺមានប្រើប្រាស់ CPU ជំនាន់ថ្មីចុងក្រោយបង្អស់របស់ Intel ពោលគឺ CPU ជំនាន់ទី 11 Tiger Lake H-series ដោយក្នុងនោះ មិនថាម៉ូឌែលមួយណាទេ គឺសុទ្ធតែទទួលបានជម្រើសចាប់ពី Core i5-11400H ដែលមាន CPU ចំនួន 6 Cores, Core i7-11800H និង i9-11900H មាន CPU 8 Cores ផងដែរ។ ប៉ុន្តែយ៉ាងណាសម្រាប់ម៉ូឌែល XPS 17 វាលើសពីម៉ូឌែល 15 ត្រង់ថាវាមានជម្រើស CPU Core i9-11980HK មួយទៀត ដែល CPU ម៉ូឌែលកំពូលរបស់ Intel និងមានល្បឿនខ្ពស់បំផុតដល់ 5.0GHz ទៀតផង។ 

កាន់តែពិសេសលើកនេះគឺថា វាមានបំពាក់មកជាមួយក្រាហ្វិកកាតត្រកូល GeForce RTX របស់ NVIDIA មកតែម្ដង ដោយម៉ូឌែល XPS 15 អាចជ្រើសរើសបានរវាង RTX 3050 ឬ 3050 Ti រីឯម៉ូឌែល XPS 17 វិញ វាពិសេសជាងព្រោះទទួលបានជម្រើសខ្ពស់បំផុតដល់ RTX 3060 ផងដែរ។ សម្រាប់ផ្នែកអេក្រង់វិញ មិនខុសពីឆ្នាំមុនឡើយ ដោយអ្នកទិញមានជម្រើសពីរប្រភេទគឺអាចយក ជម្រើសអេក្រង់ LCD មានកម្រិតបង្ហាញ 4K ឬ FHD ធម្មតា ហើយនៅលើម៉ូឌែល XPS 15 វិញ Dell ផ្តល់ជម្រើសអេក្រង់ 4K ជាប្រភេទ OLED ឲ្យមួយទៀត។ 

សម្រាប់ចំណុចពិសេសផ្សេងៗ ដែលខុសពីឆ្នាំមុនគឺថា គេបាន Upgrade ផតនៅលើនោះឲ្យកាន់តែប្រសើរជាងមុន ដោយនៅលើម៉ូឌែល 17 អ៊ីញ វាមានរន្ធ Thunderbolt 4 ដល់ទៅ 4 តែម្ដង ខណៈពេលម៉ូឌែល 15 អ៊ីញវិញ វាមានចំនួន 2 ប៉ុណ្ណោះ ហើយសម្រាប់ពីរទៀតគឺប្តូរមកជារន្ធ USB 3.2 Gen 2 Type-C ធម្មតាវិញ។ ចូលដល់ផ្នែកតម្លៃគឺថា ក្នុងស្រុកគេ Dell បានដាក់លក់ចាប់ពី 1,200 ដុល្លារឡើងទៅសម្រាប់ម៉ូឌែល 15 អ៊ីញ រីឯម៉ូឌែល 17 អ៊ីញ Dell បានដាក់លក់ចាប់ពីខ្ទង់ 1,400 ដុល្លារឡើងទៅ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង