ថ្មីៗនេះកម្ទេចកម្ទីរ៉ុកកែតរបស់ប្រទេសចិន បានធ្លាក់ចូលទៅមហាសមុទ្រប្រទេសឥណ្ឌា​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

សំណល់ដែលត្រូវដាច់ចេញពី រ៉ុកកែតទំហំធំមានឈ្មោះហៅថា Long March 5 ឬ Chang Zheng 5 របស់ប្រទេសចិន បានធ្លាក់ចូលទៅមហាសមុទ្រប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយដោយ ក្រុមសារព័ត៌មានបរទេស BBC កាលពីពេលថ្មីៗនេះ។ ទោះបីជាមានសេចក្ដីរាយការណ៍ហើយមែនក្ដី ប៉ុន្ដែយើងមិនទទួលបាន រូបភាពឬវីដេអូបង្ហាញផ្ទាល់ នៅពេលដែលវាបាន ធ្លាក់ចូលក្នុងទឹកនោះទេ។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មនុស្សជាច្រើនបានព្រួយបារម្ភថា កម្ទេចកម្ទីរ៉ុកកែតរបស់ប្រទេសចិន ដែលត្រូវបានធ្លាក់មកផែនដីវិញ អាចនឹងធ្លាក់ត្រូវប្រទេសរបស់ពួកគេ ព្រមទាំងបង្កជាបញ្ហាធំ ថែមទៀតផង។ យ៉ាងណាមិញ ដោយសារតែមានសំណាងល្អ ដូច្នេះហើយកម្ទេចរបស់រ៉ុកកែតនោះ ត្រូវបានធ្លាក់ចូលទឹកប៉ុណ្ណោះ ហើយមិនប៉ះពាល់ដល់ដី របស់ប្រទេសណាមួយឡើយ។

ក្រុមសារព័ត៌មាន BBC បានចុះផ្សាយឲ្យដឹងថា រ៉ុកកែតនោះត្រូវបានធ្លាក់នៅ មហាសមុទ្រប្រទេសឥណ្ឌា ក្បែរភាគខាងលិចនៃកោះម៉ាល់ឌីវ។ រ៉ុកកែត Long March 5 នេះ ត្រូវបានយកទៅប្រើប្រាស់ ដើម្បីជួយបង្ហោះយានអវកាសទៅ ស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន កាលពីថ្ងៃទី 29 ខែមេសា ឆ្នាំ 2021 ប៉ុន្ដែជួបប្រទះបញ្ហាគ្រប់គ្រងលែងបាន ក៏ធ្លាក់មកផែនដីវិញតែម្ដង។

អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលប្រទេសចិន ពិតជាព្យាយាមពង្រីកបេសកកម្ម ទៅកាន់ភពខាងក្រៅរបស់ខ្លួនណាស់ ហើយបានចំណាយថវិកា អស់រាប់ពាន់លានដុល្លារ និងបានជោគជ័យលើការបញ្ជូនយាន ទៅកាន់ទីតំាងឆ្ងាយបំផុតមួយនៃឋានព្រះច័ន្ទ ដោយគ្មានមនុស្សទៅជាមួយឡើយ។

ដោយ​ ៖ BBC
អត្ថបទទាក់ទង