កំហុសផ្នែកសុវត្ថិភាពមួយ អាចធ្វើឲ្យទូរសព្ទឆ្លាតប្រើឈីប Qualcomm ងាយស្រួលលួចចូលសម្រាប់ពួក Hackers​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ការស្វែងរកឃើញកំហុសថ្មីៗនេះ ដោយក្រុមអ្នកស្រាវជ្រាវ Check Point Research ជំនាញខាងផ្នែកប្រព័ន្ធសុវត្ថិភាព បានចុះផ្សាយឲ្យដឹងទាំងអស់គ្នាថា ម៉ូដឹមរបស់ក្រុមហ៊ុន Qualcomm ដែលប្រើប្រាស់ក្នុងឈីបរបស់ពួកគេ គឺកំពុងតែមានកំហុសឆ្កង និងធ្វើឲ្យងាយស្រួលសម្រាប់ពពួក Hacker ផងដែរ។ ហេតុដូច្នេះហើយ ទូរសព្ទឆ្លាតទាំងឡាយណា ដែលប្រើប្រាស់ឈីបរបស់ Qualcomm នឹងអាចរំពឹងទុកទទួលបាន កំណែអាប់ដេតផ្នែកសវត្ថិភាពថ្មី ទៅតាមក្រុមហ៊ុននីមួយៗ នៅពេលខាងមុខនេះ។

ចំពោះម៉ូដឹមរបស់ក្រុមហ៊ុន Qualcomm ដែលកំពុងមានបញ្ហាខ្វះប្រព័ន្ធសុវត្ថិភាព នោះគឺពាក់ព័ន្ធជាមួយសារ SMS និងសារសំឡេងជាដើម។ ស្ទើរតែទូរសព្ទឆ្លាត Android ទាំងអស់ទៅហើយ សុទ្ធតែបានប្រើប្រាស់បន្ទះឈីបរបស់ Qualcomm ដោយរួមមានបញ្ចូលទាំង Google, Samsung, OPPO, Xiaomi, OnePlus និងសូម្បីតែ LG ដូចគ្នាដែរ។ សម្រាប់ផលប៉ះពាល់របស់វាវិញ ពពួក Hackers នឹងអាចប្រើប្រាស់ឱកាសដ៏ល្អនេះ ដើម្បីលួចចូលទៅមើលប្រវត្តិហៅចេញហៅចូល, លួចឆែកមើលសារ ព្រមទាំងអាចស្ដាប់ការសន្ទនា របស់អ្នកប្រើប្រាស់បាន ថែមទៀតផង។ បើតាមការពិតទៅ Qualcomm បានដឹងអំពីបញ្ហានេះមួយរយៈមកហើយ និងបានបញ្ចេញរបៀបជួសជុលទៅឲ្យ ក្រុមផលិតទូរសព្ទឆ្លាតទាំងអស់នោះ កាលពីអំឡុងខែធ្នូ ឆ្នាំ 2020 រួចជាស្រេច ដូច្នេះថាតើកំណែអាប់ដេតជួសជុល នឹងត្រូវចេញនៅពេលណា គឺជាការទទួលខុសត្រូវ របស់ក្រុមហ៊ុននីមួយៗបន្ដទៀត។

គួរបញ្ជាក់ផងថា Qualcomm កាន់កាប់បានចំណែកទីផ្សារខ្ទង់ 31% នៃទូរសព្ទឆ្លាតទាំងអស់ នេះគឺមានន័យថា ទូរសព្ទឆ្លាតចំនួនខ្ទង់ 31% ក្នុងចំណោមទូទាំងពិភពលោក កំពុងតែអាចប្រឈមនឹងបញ្ហាមួយនេះ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅមិនទាន់មានក្រុមហ៊ុនផលិតទូរសព្ទឆ្លាតមួយណា បានឆ្លើយតបអំពីបញ្ហាមួយនេះនៅឡើយទេ។

ដោយ​ ៖ Check Point Research
អត្ថបទទាក់ទង