របាយការណ៍ថ្មីបញ្ជាក់ថា Samsung នឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ 120Hz ផ្តាច់មុខសម្រាប់ iPhone 13 Pro និង 13 Pro Max​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងធ្លាប់បានដឹងច្រើនដងហើយ ទាក់ទងនឹងដំណឹងលេចធ្លាយ ដែលនិយាយពីល្បឿន Refresh Rate 120Hz នៅលើអេក្រង់របស់ iPhone ជំនាន់ក្រោយ ហើយក្នុងនោះ យើងក៏ធ្លាប់ទទួលបានដំណឹង ដែលបញ្ជាក់ពីអ្នកផ្គត់ផ្គង់អេក្រង់សម្រាប់ iPhone ជំនាន់ថ្មីដូចគ្នាដែរ។ ដោយឡែក នៅក្នុងពេលនេះវិញ យើងទើបទទួលបានដំណឹងលេចធ្លាយថ្មីមួយ និយាយទាក់ទងនឹងដំណឹងខាងលើដែរ ប៉ុន្តែលើកនេះ គឺមានការបញ្ជាក់ច្បាស់ជាងមុនថា Samsung នឹងក្លាយជាអ្នកផ្គត់ផ្គង់អេក្រង់ផ្តាច់មុខសម្រាប់ iPhone 13 ម៉ូឌែល Pro តែម្ដង។

ជាការពិតណាស់ បើយោងតាមរបាយការណ៍ដើមចេញពីប្រភព The Elec នោះ បានបញ្ជាក់ដូចខាងលើអញ្ចឹងថា Samsung នឹងក្លាយជាក្រុមហ៊ុនតែមួយគត់ ដែលធ្វើការផ្គត់ផ្គង់អេក្រង់ សម្រាប់ iPhone 13 Pro និង Pro Max។ មូលហេតុដែល Apple ជ្រើសយកអេក្រង់របស់ Samsung ផ្តាច់មុខសម្រាប់ iPhone ម៉ូឌែល Pro ទាំងពីររបស់គេនោះ គឺប្រភពខាងលើក៏បញ្ជាក់ដែរថា ដោយសារតែគេចង់នាំយកបច្ចេកវិទ្យា LTPO ជាមួយគ្នានឹងល្បឿន Refresh Rate 120Hz មកបំពាក់នៅលើ iPhone កំពូលទាំងពីរម៉ូឌែលនោះតែម្ដង ដូច្នេះហើយបានជា Samsung Display ជាជម្រើសតែមួយគត់សម្រាប់ក្រុមហ៊ុនអាមេរិកខាងលើ។ បើបូករួមទាំងដំណឹងចុងក្រោយលើកនេះទៀត អាចបញ្ជាក់ឲ្យយើងកាន់តែដឹងច្បាស់ហើយថា វត្តមានអេក្រង់ 120Hz នៅលើ iPhone 13 Pro និង Pro Max គឺមានភាគរយច្រើនក្នុងការក្លាយជាការពិតមែនហើយ ព្រោះថាមកទល់ពេលនេះ មានប្រភពល្បីៗជាច្រើនរួចមកហើយ បានបញ្ជាក់យ៉ាងដូច្នោះដែរ។

សូមបញ្ជាក់ដែរថា ចំណុចសំខាន់បំផុតនៃបច្ចេកវិទ្យា LTPO នៅលើអេក្រង់ OLED នោះ គឺត្រង់ថា វាជាបច្ចេកវិទ្យាថ្មីមួយ ធ្វើឲ្យអេក្រង់ប្រភេទនេះជាមួយល្បឿន Refresh Rate ខ្ពស់ៗ ប្រើប្រាស់ថាមពលថ្មតិចជាងអេក្រង់ OLED ធម្មតាដែលមានល្បឿន Refresh Rate ខ្ពស់ដូចគ្នា។ ហេតុនេះហើយ បានជាវាជាចំណុចសំខាន់មួយសម្រាប់ Apple ព្រោះជាទូទៅក្រុមហ៊ុនអាមេរិកនេះ តែងតែគិតគូរខ្លាំងបំផុតទៅលើថាមពលថ្ម ក៏ដូចជាអាយុកាលនៃថ្មនៅលើផលិតផលរបស់គេ ជាពិសេសគឺ iPhone ហ្នឹងតែម្ដង ដែលកន្លងមក គេតែងតែបំពាក់ថាមពលថ្មទំហំតូចប៉ុណ្ណោះ បើធៀបនឹងថ្មលើទូរសព្ទឆ្លាតរបស់ក្រុមហ៊ុនដទៃ ប៉ុន្តែសមត្ថភាពវិញ ថ្មរបស់ iPhone គឺអាចកាន់បានយូរគ្រប់គ្រាន់ អាចទទួលយកបានមួយ។ 

ដោយ​ ៖ Macrumors
អត្ថបទទាក់ទង