ទូរសព្ទឆ្លាតជំនាន់ថ្មី OPPO Reno6 Series អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2021​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

អស់រយៈពេលជាង 4 ខែមកហើយ ដែល OPPO Reno5 Series ត្រូវបានប្រកាសចេញជាផ្លូវការ នៅក្នុងប្រទេសចិន។ ខណៈព័ត៌មានទាក់ទងទៅនឹងទូរសព្ទឆ្លាតជំនាន់ថ្មី ដែលត្រូវបន្តតំណែងរបស់ Reno5 Series ត្រូវបានលេចឡើងមក តាំងពីខែមីនាកន្លងមកម៉្លេះ។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ យើងទទួលបានរបាយការណ៍ថ្មីមួយផ្សេងទៀត ដែលបង្ហាញឲ្យយើងដឹងថា OPPO Reno6 Series អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែឧសភា ឆ្នាំ 2021 នេះ។

ផ្អែកទៅតាមរបាយការណ៍ថ្មី រាយការណ៍ដោយសារព័ត៌មានចិន ITHome ដែលយើងទើបតែទទួលបាន បានបង្ហាញឲ្យយើងដឹងថា នៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2021 ខាងមុខនេះ OPPO នឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយ មានឈ្មោះហៅថា Mid-Year Gala។ នៅក្នុងព្រឹត្តិការណ៍នេះដែរ នឹងមានការចូលរួមពីសំណាក់តារាល្បីៗ ក៏ដូចជាសារព័ត៌មានធំៗជាច្រើនទៀតផងដែរ។ ហេតុដូច្នេះហើយ ធ្វើឲ្យគេរំពឹងថា OPPO អាចនឹងប្រកាសចេញទូរសព្ទឆ្លាតជំនាន់ថ្មី Reno6 Series ជាផ្លូវការ ដើម្បីបង្កើតភាពភ្ញាក់ផ្អែលបន្ថែមទៀត។ មូលហេតុដែលធ្វើឲ្យគេគិតបែបនេះ ក៏ព្រោះតែ OPPO ធ្លាប់ប្រកាសចេញ Reno R15 នៅក្នុងព្រឹត្តិការណ៍ Gala ឆ្នាំ 2018 និង Reno Series ជំនាន់ដំបូង នៅក្នុងព្រឹត្តិការណ៍ Gala ឆ្នាំ 2019។

តាមរយៈព័ត៌មានដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងបន្ថែមទៀតថា ទូរសព្ទឆ្លាតជំនាន់ថ្មី OPPO Reno6 Series អាចនឹងត្រូវចែកចេញជា 3 ម៉ូឌែល ដោយក្នុងនោះរួមមានដូចជា Reno6, Reno6 Pro និង Reno6 Pro+។ ជាមួយគ្នានេះ Reno6 ទាំង 3 ម៉ូឌែល ក៏អាចនឹងភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,500mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W និងបច្ចេកវិទ្យាសាកថ្មឥតខ្សែកម្លាំង 30W ដូចគ្នា ផងដែរ។ ទៅលើកម្លាំងម៉ាស៊ីនវិញ Reno6 អាចនឹងប្រើប្រាស់បន្ទះឈីប Dimensity 1200 ខណៈ Reno6 Pro អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 870។ សម្រាប់ Reno6 Pro+ ដែលជាម៉ូឌែលខ្ពស់ជាងគេ អាចនឹងប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 888 ក៏ដូចជាអេក្រង់ Refresh Rate 120Hz ថែមទៀតផង។

ដោយ​ ៖ ITHome
អត្ថបទទាក់ទង