Apple Watch ជំនាន់ក្រោយអាចនឹងទទួលបានមុខងារវាស់កម្រិតជាតិស្ករ និងកម្រិតជាតិអាល់កុលទៀតផង​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កន្លងទៅយើងធ្លាប់ទទួលបានដំណឹងលេចធ្លាយមួយចំនួនដែរ ទាក់ទងនឹងមុខងារវាស់កម្រិតជាតិស្ករនៅលើ Apple Watch ជំនាន់ថ្មី ប៉ុន្តែនាពេលនោះ មិនទាន់មានការបញ្ជាក់ឲ្យច្បាស់ការនៅឡើយទេ ទាក់ទងនឹងមុខងារខាងលើនេះ។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានព័ត៌មានថ្មីមួយ ដែលបញ្ជាក់ដូចគ្នានេះ ប៉ុន្តែជាការបញ្ជាក់ចេញពីភ្នាក់ងារដែល Apple បានសហការជាមួយតែម្ដង ហើយកាន់តែពិសេសនោះ គឺថា Apple មិនមែនត្រឹមសិក្សាលើមុខងារវាស់ជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ គេក៏អាចនឹងនាំយកមុខងារវាស់កម្រិតជាតិអាល់កុល ទៅកាន់ Apple ផងដែរ។

មិនខុសទេ បើយោងតាមឯកសារ SEC filing របស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសុខភាព Rockley Photonics មានមូលដ្ឋានក្នុងប្រទេសអង់គ្លេសនោះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា Apple គឺជាអតិថិជនធំមួយរបស់គេ នៅក្នុងរយៈពេល 2 ចុងក្រោយនេះ ហើយក្នុងនោះ ពួកគេបានធ្វើការព្រមព្រៀងគ្នា ក្នុងការអភិវឌ្ឍន៍មុខងារសុខភាព សម្រាប់បំពាក់លើផលិតផលនាពេលអនាគតរបស់ Apple ថែមទៀតផង។ ជាការពិតណាស់ Rockley Photonics គឺជាក្រុមហ៊ុនមួយ ដែលជាទូទៅ គឺតែងតែធ្វើការសិក្សា និងអភិវឌ្ឍសេនស័រភាគច្រើន ទាក់ទងនឹងមុខងារវាស់កម្រិតជាតិស្ករក្នុងឈាម មុខងារវាស់សម្ពាធឈាម ក៏ដូចជាមុខងារវាស់កម្រិតជាតិអាល់កុលជាដើម ដូច្នេះហើយគេរំពឹងខ្ពស់ថា ក្នុងចំណោមមុខងារទាំង 3 នេះ យ៉ាងហោចណាស់ក៏មានមួយដែរ ដែល Apple យកទៅបំពាក់លើ Apple Watch ជំនាន់ក្រោយ។ សម្រាប់មុខងារ វាស់កម្រិតជាតិស្ករក្នុងឈាមនោះ គឺអាចជាមុខងារអាទិភាព ចំពោះ Apple បំពាក់លើ Apple Watch ម៉ូឌែលថ្មីរបស់គេ។

យ៉ាងណាក៏ដោយ គេក៏រំពឹងដែរថា បើសិនជា Apple Watch ជំនាន់ថ្មីមានមុខងារវាស់កម្រិតជាតិស្ករក្នុងឈាមមែន ដូច្នេះក៏មានភាគរយច្រើនសម្រាប់ Apple ពិចារណាក្នុងការនាំយកមុខងារវាស់សម្ពាធឈាម ក៏ដូចជាមុខងារវាស់កម្រិតជាតិអាល់កុលមកដែរ។ សូមបញ្ជាក់ថា ក្នុងឯកសារខាងលើ មិនបានបញ្ជាក់ឡើយថា មុខងារទាំងអស់នេះ អាចនឹងមាននៅលើ Apple Watch ជំនាន់ក្រោយមួយណា ហេតុនេះយើងមិនប្រាកដទេថា Apple សម្រេចផ្តល់ឲ្យក្នុងឆ្នាំនេះ ឬក៏ Apple ឆ្នាំក្រោយៗទៀត ប៉ុន្តែបើតាមដំណឹងកន្លងមក គឺមានដំណឹងថា គេអាចនឹងបំពាក់លើ Apple Watch Series 7 ឬ Series 8 ហ្នឹងឯង ដូច្នេះបើមិនឆ្នាំនេះទេ អាចយ៉ាងយូរក្នុងឆ្នាំក្រោយតែម្ដង។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង