AirPods ជំនាន់ទី 3 និង HiFi Apple Music អាចនឹងត្រូវប្រកាសចេញ នៅក្នុងអំឡុងប៉ុន្មានសប្តាហ៍ខាងមុខ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

បន្ទាប់ពីមិនបានឃើញវត្តមាន AirPods ជំនាន់ថ្មី បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Spring Loaded ដែលធ្វើឡើងកាលពីខែមុនរួចមក ព័ត៌មានទាក់ទងទៅនឹង AirPods ជំនាន់ទី 3 របស់ Apple ត្រូវបានស្ងប់ស្ងាត់ទៅវិញ។ ដោយឡែក នៅក្នុងថ្ងៃនេះ តាមរយៈគណនីបង្ហាញសង្គម Twitter របស់ខ្លួន អ្នកចែកចាយព័ត៌មានបែកធ្លាយ Hits Double Daily បានបង្ហើបឲ្យយើងដឹងថា AirPods ជំនាន់ទី 3 អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងប៉ុន្មានសប្តាហ៍ខាងមុខ។

មិនខុសនោះទេ ប្រភពខាងលើបានរំពឹងថា នៅក្នុងអំឡុងប៉ុន្មានសប្តាហ៍ខាងមុខ Apple អាចនឹងប្រកាសចេញជម្រើសគុណភាពសម្លេងខ្ពស់ HiFi (High Fidelity) សម្រាប់សេវាកម្ម Apple Music របស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយនឹង HiFi ដែលមាននៅក្នុងសេវាកម្ម Spotify។ ជាមួយគ្នានោះដែរ Apple ក៏អាចនឹងប្រកាសចេញ AirPods ជំនាន់ទី 3 ជាផ្លូវការ ផងដែរ។ ផ្អែកទៅតាមដំណឹងជាច្រើន ដែលទទួលបានកន្លងមក បានបង្ហាញឲ្យយើងដឹងថា AirPods ជំនាន់ទី 3 អាចនឹងទទួលបានរចនាបថរូបរាងថ្មី ខុសប្លែកពីជំនាន់មុនរបស់វា។ ដោយវាមានដងកាសខ្លីជាងមុន និងមានតួខ្លួនមូលជាងមុនផងដែរ។ លើសពីនេះ ប្រអប់ទុកសម្រាប់ដាក់ AirPods ជំនាន់ទី 3 ក៏ដូចជាសាកបញ្ចូលថ្មរបស់វាក៏អាចនឹងលក្ខណៈស្រដៀងគ្នាទៅនឹងប្រអប់ទុកសម្រាប់ដាក់ AirPods Pro ថែមទៀតផង។

ថ្វីត្បិតតែ AirPods ជំនាន់ទី 3 អាចនឹងមានរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹង AirPod Pro ក៏ពិតមែន ប៉ុន្តែមិនមានន័យថា វានឹងបង្ហាញខ្លួនមកជាមួយមុខងារសំខាន់ៗរបស់ AirPods Pro ទាំងអស់នោះទេ។ ជាក់ស្តែង AirPods ជំនាន់ទី 3 ត្រូវបានគេរាយការណ៍ថា នឹងមិនភ្ជាប់មកជាមួយបច្ចេកវិទ្យាទប់សម្លេងរំខាន (Active Noise Cancelling) និងមុខងារ Transparency នោះទេ។ ហេតុដូច្នេះហើយ AirPods ជំនាន់ទី 3 អាចនឹងមានតម្លៃថោកជាង AirPods Pro ដោយវាអាចនឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ ៨០ ម៉ឺនរៀល (200 ដុល្លារ)។

ដោយ​ ៖ HITS Daily Double
អត្ថបទទាក់ទង