យល់យ៉ាងណាដែរ បើរូបរាងខាងក្រៅផ្លូវការរបស់ Galaxy Z Flip 2 ចេញមកមានលក្ខណៈបែបនេះ?​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ប៉ុន្មានម៉ោងមុននេះ ប្រិយមិត្តប្រហែលជាបានឃើញហើយ នូវដំណឹងលេចធ្លាយមួយ ដែលក្រុមការងាររបស់យើង បានរាយការណ៍ទាក់ទងនឹង រូបភាពបែកធ្លាយរបស់ Galaxy Z Fold 3 ដោយក្នុងនោះចំណុចសំខាន់គឺថា វាអាចនឹងមានកាមេរ៉ាបង្កប់ក្រោមអេក្រង់មែន ថែមទាំងអាចនឹងគាំទ្រជាមួយប៊ិក S Pen បានទៀតផង។ ដោយឡែក នៅក្នុងពេលនេះ យើងបានឃើញរូបភាពបែកធ្លាយមួយទៀត និយាយពីទូរសព្ទឆ្លាតអេក្រង់បត់របស់ Samsung ដែរ ប៉ុន្តែលើកនេះជាម៉ូឌែល Galaxy Z Flip 2 ឬ 3 វិញម្ដង ដោយក្នុងនោះយើងឃើញថា វាមានការរចនារូបរាងខុសពីការរំពឹងទុកទាំងស្រុងតែម្ដង។

ជាការពិតណាស់ បើតាមរូបភាពបែកធ្លាយថ្មី បានបង្ហាញឲ្យដឹងថា Galaxy Z Flip ជំនាន់ក្រោយរបស់ Samsung អាចនឹងមានការកែប្រែច្រើនគួរសម សម្រាប់ការរចនារូបរាងខាងក្រៅរបស់វា ជាក់ស្ដែងលើកនេះ យើងឃើញថា វាអាចមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ តម្រៀបជួរឈចុះក្រោម និងអាចមានអេក្រង់ខាងក្រៅធំជាងមុនថែមទៀតផង។ មិនខុសទេ កញ្ចប់កាមេរ៉ា និងអេក្រង់ខាងក្រៅរបស់វានោះ អាចនឹងត្រូវបាន Samsung ចាក់ពណ៌ខ្មៅរាបស្មើតែម្ដង ហើយកាន់តែពិសេសអេក្រង់ខាងក្រៅរបស់វា អាចនឹងមានទំហំធំគ្រប់គ្រាន់ ដើម្បីធ្វើការបង្ហាញពីអក្សរដែលគេផ្ញើសារមក បានយ៉ាងពេញលេញតែម្ដង។ ក្រៅពីនេះ វាក៏អាចមានជម្រើសច្រើនពណ៌ដែរ ដោយក្នុងរូបភាពនោះយើងឃើញចំនួន 4 ពណ៌ ប៉ុន្តែបើតាមដំណឹងលេចធ្លាយចេញពីប្រភព Ross Young ថ្មីៗនេះ បានបញ្ជាក់ថា វាអាចនឹងមានដល់ 8 ពណ៌ឯណោះដូចជា ខ្មៅ ត្នោតខ្ចី ខៀវ ប្រផេះ បៃតង ផ្កាឈូកស្រាល ស្វាយស្រាល និងចុងក្រោយគឺពណ៌ស។

ក្នុងនោះក៏មានការបញ្ជាក់ដែរ អំពីកញ្ចក់ដែលក្រាលនៅផ្នែកខាងក្រៅរបស់វានោះ គឺអាចនឹងជាប្រភេទ Gorilla Glass Victus ហ្នឹងឯង ហើយវាក៏ទំនងជានឹងមានបំពាក់ជាមួយស៊ុមជុំវិញប្រភេទ Armor ដូចម៉ូឌែល Galaxy Z Fold 3 ដែរ។ សូមរំឮកថា Samsung មិនទាន់បញ្ជាក់ចំណុចអ្វីមួយ ពីទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួនទេ មិនថា Galaxy Z Fold ឬ Z Flip ជំនាន់ថ្មីឡើយ ប៉ុន្តែធ្លាប់មានរបាយការណ៍មួយចំនួនអះអាងថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ អាចនឹងប្រកាសចេញពួកវា នៅក្នុងអំឡុងខែកក្កដាខាងមុខជាមួយគ្នាតែម្ដង។

ដោយ​ ៖ SamMoblie
អត្ថបទទាក់ទង