រូបភាព Case ការពាររបស់ Huawei P50 ក៏បានបង្ហាញថា វាមានរចនាបថទម្រង់កាមេរ៉ាក្រោយខុសពីជំនាន់មុនផងដែរ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

 

 

បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈរួចមក ទីបំផុត នៅក្នុងថ្ងៃនេះ ព័ត៌មានទាក់ទងទៅនឹងទូរសព្ទឆ្លាតជំនាន់ថ្មី Huawei P50 Series ត្រូវបានលេចឡើងមក សាជាថ្មីម្តងទៀតហើយ។ មិនខុសនោះទេ តាមរយៈគេហទំព័រ Gizmochina យើងបានប្រទះឃើញរូបភាពស្រោមការពារ (Case) របស់ Huawei P50 ជាច្រើនសន្លឹក ដែលបង្ហាញឲ្យយើងឃើញពីរចនាបថផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់វា កាន់តែច្បាស់ជាងមុន។

ពិតណាស់ តាមរយៈរូបភាព Case ការពាររបស់ Huawei P50 ជាច្រើនសន្លឹក ដែលយើងទើបតែបានប្រទះឃើញនេះ បានបង្ហាញថា P50 នឹងបំពាក់មកជាមួយអេក្រង់លាត អមមកជាមួយលេនទម្លុះអេក្រង់ 1 គ្រាប់ ស្ថិតនៅចំកណ្តាល ក្បែរគែមអេក្រង់ផ្នែកខាងលើ។ ខណៈដែល P40 ប្រើប្រាស់លេនទម្លុះអេក្រង់ រាងគ្រាប់ថ្នាំទ្រវែង ស្ថិតនៅជ្រុងខាងឆ្វេង។ ជាមួយគ្នានេះដែរ វាក៏បានបង្ហាញថា P50 មានរចនាបថទម្រង់កាមេរ៉ាក្រោយខុសពីជំនាន់មុនរបស់វា ផងដែរ។ ដោយ P50 នឹងភ្ជាប់មកជាមួយកាណុងកាមេរ៉ាដ៏ធំ មានសណ្ឋានជារាងពងក្រពើ ហើយនៅក្នុងកាណុងកាមេរ៉ានោះដែរ ឃើញមានកងរង្វង់មូលធំចំនួន 2 នៅដាច់ពីគ្នា។

តាមរយៈរូបភាព Case ការពារដដែលទាំងនេះ ក៏បានបង្ហាញឲ្យយើងបានដឹងផងដែរថា Huawei P50 នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយក្នុងនោះ 3 គ្រាប់ ស្ថិតនៅក្នុងកងរង្វង់ទី 1 នៃផ្នែកខាងលើ។ ខណៈ 1 គ្រាប់ទៀត ស្ថិតនៅក្នុងកងរង្វង់ទី 2 នៃផ្នែកខាងក្រោម ដាច់ដោយឡែកតែឯង ហើយវាគឺជាលេនពង្រីក Periscope ផងដែរ។ ជាងនេះទៅទៀត នៅក្នុងកាណុងកាមេរ៉ាក្រោយរបស់ P50 ក៏ឃើញមានភ្ជាប់មកជាមួយសេនស័រជំនួយ និងភ្លើង LED Flash 1 គ្រាប់ បន្ថែមទៀត ផងដែរ។ លើសពីនេះ បើផ្អែកទៅតាមដំណឹងបែកធ្លាយ ដែលទើបទទួលបានកន្លងមក ក៏បានបង្ហាញឲ្យយើងបានដឹងបន្ថែមទៀតថា Huawei P50 Series អាចនឹងត្រូវប្រកាសចេញជាផ្លូវការ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ 2021 ខាងមុខ ផងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង