លេចធ្លាយរូបរាង Galaxy Z Fold 3 បង្ហាញថា វាអាចមានកាមេរ៉ាបង្កប់ក្រោមអេក្រង់ និងគាំទ្រជាមួយប៊ិក S Pen មែន​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងបានឃើញដំណឹងលេចធ្លាយ ជាច្រើនលើកច្រើនសារមកហើយ ទាក់ទងនឹងទូរសព្ទឆ្លាតអេក្រង់បត់ជំនាន់ថ្មីរបស់ Samsung ដែលគ្រោងនឹងបង្ហាញខ្លួន នៅក្នុងពេលប៉ុន្មានខែខាងមុខទៀតនេះ នោះគឺជា Galaxy Z Fold 3 និង Galaxy Z Flip 2 ឬ 3 នេះឯង។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានតំរុយបន្ថែមទាក់ទងនឹងម៉ូឌែល Galaxy Z Fold 3 ដោយក្នុងនោះ គឺមានការលេចធ្លាយរូបភាពរបស់វាថែមទៀតផង ដោយបញ្ជាក់ឲ្យដឹងថា ដំណឹងជាច្រើនកន្លងមក ទំនងជានិយាយមិនខុសនោះទេ។

បើតាមរូបភាពបែកធ្លាយថ្មី ដែលយើងទើបទទួលបាន គឺបញ្ជាក់ឲ្យដឹងថា Galaxy Z Fold 3 អាចនឹងមានបំពាក់មកជាមួយបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ ពិតប្រាកដដូចដំណឹងលេចធ្លាយកន្លងមកនិយាយមែន ដោយក្នុងនោះ មានសរសេរបញ្ជាក់ថា វាជាទូរសព្ទឆ្លាតអេក្រង់បត់ដំបូងគេបំផុត ដែលមានបច្ចេកវិទ្យានេះទៀតផង។ ក្រៅពីនេះ យើងក៏បានឃើញរូបរាងខាងក្រោយរបស់វាដែរ ប៉ុន្តែអ្វីដែលចម្លែកនោះគឺថា វាមានការរចនាទម្រង់កាមេរ៉ា មិនយកគម្រូតាម Galaxy S21 Series ឡើយ ផ្ទុយទៅវិញ ឃើញថាមានទម្រង់កាមេរ៉ាបែបសាមញ្ញកាត់ទៅរក Galaxy Fold ដំបូងច្រើនជាង។ រូបភាពទើបបែកធ្លាយ មិនត្រឹមតែបង្ហាញប្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បញ្ជាក់បន្ថែមដែរថា Galaxy Z Fold 3 ទំនងជានឹងអាចគាំទ្រជាមួយប៊ិក S Pen បានមែន ប៉ុន្តែយើងអាចរំពឹងបានខ្ពស់ថា S Pen ដែលមានលើនោះ ទំនងជាដូច S Pen លើ Galaxy S21 Ultra ដែរ ដោយវាមិនមានកន្លែងផ្ទុកក្នុងតួខ្លួនទូរសព្ទឆ្លាតឡើយ។

ដំណឹងលេចធ្លាយបង្ហាញពី Galaxy Z Fold 3 គាំទ្រជាមួយប៊ិក S Pen នេះ អាចបញ្ជាក់បានថា Samsung ទំនងជាបានធ្វើការបង្កើនបន្ថែមទៅលើភាពធន់ នៃទូរសព្ទឆ្លាតអេក្រង់បត់របស់គេពិតមែន ជាក់ស្ដែងកន្លងមក យើងក៏ធ្លាប់ទទួលបានដំណឹងថា ក្រុមហ៊ុនខាងលើគ្រោងនឹងប្រើប្រាស់ស៊ុមជុំវិញប្រភេទថ្មីហៅថា Armor ដែលមានភាពរឹងមាំជាងមុន និងស្រាលជាងមុនទៀតផង។ សូមរំឮកដែរថា Samsung មិនទាន់បញ្ជាក់ចំណុចអ្វីមួយ ពីទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួនឡើយ ប៉ុន្តែធ្លាប់មានរបាយការណ៍មួយចំនួនអះអាងថា ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ អាចនឹងប្រកាសចេញវានៅក្នុងអំឡុងខែកក្កដាខាងមុខតែម្ដង។

ដោយ​ ៖ SamMoblie
អត្ថបទទាក់ទង