កម្មវិធីចម្រៀង Spotify ទទួលបានការទាញយកលើ Play Store សរុបរហូតដល់ទៅ 1 ពាន់លានដងឯណោះ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

មនុស្សជាច្រើនជុំវិញពិភពលោក បានធ្វើការប្រើប្រាស់កម្មវិធី Spotify ទុកសម្រាប់ស្ដាប់បទចម្រៀង ក៏ដូចជាស្ដាប់ផតខាស់ (Podcasts) ជាមួយនឹងជម្រើសរាប់លានបទ ដើម្បីកំដរជាការកម្សន្ដប្រចាំថ្ងៃផងដែរ។ ឈានចូលមកដល់ពេលថ្មីៗនេះ ចំនួនទាញយកសរុបនៅលើ Google Play Store បានកើនឡើងដល់ 1 ពាន់លានដងឯណោះ សុទ្ធតែទាញយកដោយឧបករណ៍ Android តែម្ដង។

ស្ទើរតែមិនគួរឲ្យជឿថា កម្មវិធី Spotify មានសមត្ថភាពអាចកើនឡើង បានលឿនបែបនេះឡើយ ព្រោះតែកាលពីរយៈពេល 2 ឆ្នាំមុន ពួកគេមានចំនួនទាញយកសរុបត្រឹម 500 លានដង ហើយក៏អាចកើនឡើងបានគុណនឹង 2 ក្នុងពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងថា កាលពីប៉ុន្មានខែកន្លងទៅនេះ កម្មវិធី Spotify ក៏ទើបនឹងដាក់ឲ្យប្រជាជនកម្ពុជាយើង ប្រើប្រាស់ជាផ្លូវការលើកដំបូងដែរ។

ចំពោះការស្ដាប់ដោយឥតគិតថ្លៃ នឹងមានផ្ទាំងពាណិជ្ជកម្ម, សំឡេងពាណិជ្ជកម្ម ក៏ដូចជាការហាមឃាត់ មិនឲ្យប្រើប្រាស់មុខងារមួយចំនួនដូចជា ប្ដូរបទចម្រៀងតាមចំណង់ចំណូលចិត្ត ជាដើម។ យ៉ាងណាមិញ សេវាកម្មប្រចាំខែ Premium នឹងផ្ដល់ជូនការស្ដាប់ចម្រៀង ហើយស្ដាប់ផតខាស់ (Podcasts) ឥតដែនកំណត់ (Unlimited) ជាមួយតម្លៃខ្ទង់ 2.99 ដុល្លារក្នុងមួយខែ។

អ៊ីចឹង នេះពិតជាជោគជ័យមួយ សម្រាប់កម្មវិធីចម្រៀង Spotify ដ៏ល្បីល្បាញមួយនេះ ដែលនៅអាចបន្ដប្រជាប្រិយភាព របស់ខ្លួនឯងបានដដែល ទោះបីជាមានគូប្រជែងជាច្រើន បានព្យាយាមដណ្ដើមអតិថិជន ពីពួកគេក៏ដោយ។ ចុះអ្នកទាំងអស់គ្នាវិញ តើរៀងរាល់ថ្ងៃនេះ ប្រើប្រាស់កម្មវិធីមួយណាដែរ សម្រាប់ការស្ដាប់បទចម្រៀង ឬក៏ស្ដាប់ផតខាស់ (Podcasts)?

ដោយ​ ៖ Android Police
អត្ថបទទាក់ទង