របៀបប្រើទូរសព្ទឆ្លាត Android របស់អ្នក ធ្វើជា Webcam សម្រាប់កុំព្យូទ័រដំណើរការដោយ Windows​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ដូចដែលដឹងស្រាប់ហើយថា សព្វថ្ងៃនេះសភាពការ មិនខុសពីកាលពីឆ្នាំ 2020 ឡើយ ព្រោះថាមេរោគកូវីដ-១៩ នៅតែបន្តធ្វើការរាតត្បាត ដែលបណ្ដាលឲ្យទីកន្លែងសាធារណៈ និងឯកជនជាច្រើនត្រូវបានបិទផ្អាកជាបណ្ដោះអាសន្ន មិនថាកន្លែងធ្វើការងារ ឬក៏គ្រឹះស្ថានសិក្សានោះទេ។ ដោយសារតែបែបនេះហើយ បានជាយើងលើកយកគន្លឹះមួយមកណែនាំអ្នកទាំងអស់គ្នា ព្រោះប្រាកដណាស់ថា មានមនុស្សជាច្រើនបានប្តូររបៀបធ្វើការ ក៏ដូចជាសិក្សា ទៅធ្វើតាមរយៈអនឡាញវិញ ដែលទាមទារឲ្យមានការចូលរួមក្នុង Video Conference ជាញឹកញាប់។ គន្លឹះដែលយើងបង្ហាញពេលនេះគឺ របៀបងាយស្រួល អាចឲ្យអ្នកទាំងអស់គ្នាយកទូរសព្ទឆ្លាត Android ធ្វើជា Webcam សម្រាប់កុំព្យូទ័រ Windows។

មិនខុសទេ ប្រិយមិត្តជាច្រើនប្រាកដជាជួបបញ្ហានេះមិនខាន ព្រោះជាក់ស្ដែងកុំព្យូទ័រលើតុ មិនមានភ្ជាប់មកជាមួយ Webcam ឡើយ ដែលតម្រូវឲ្យអ្នកទាំងអស់គ្នាចំណាយលុយបន្ថែមទៅទិញ Webcam មក ចំណែកឯកុំព្យូទ័រយួរដៃមួយចំនួន ក៏មិនមាន Webcam ដូចគ្នាដែរ ហើយបើទោះជាកុំព្យូទ័រយួរដៃខ្លះបំពាក់កាមេរ៉ាមកមែន ប៉ុន្តែគុណភាពដែលកាមេរ៉ានោះ អាចចាប់រូបភាពបាន គឺស្ថិតក្នុងកម្រិតទាបមែនទែន។ ដូច្នេះនេះគឺជាដំណោះស្រាយមួយដល់អ្នកទាំងអស់គ្នា ដែលជួបបញ្ហាខាងលើ ដោយមិនចាំបាច់ត្រូវចំណាយលុយនោះទេ ពោលគឺអ្នកអាចយកទូរសព្ទឆ្លាត Android ចាស់ៗ ឬថ្មីរបស់អ្នក ធ្វើជា Webcam សម្រាប់កុំព្យូទ័របាន ហើយអត្ថប្រយោជន៍មួយទៀតនោះគឺថា កាមេរ៉ាលើទូរសព្ទឆ្លាត Android របស់អ្នក អាចចាប់រូបភាពបាន ជាមួយគុណភាពប្រសើរជាងកាមេរ៉ាលើ Laptop មួយចំនួនឆ្ងាយតែម្ដង។

ដើម្បីធ្វើបែបនោះទៅបាន គឺយើងសូមណែនាំកម្មវិធីមួយ តម្រូវឲ្យអ្នកទាំងអស់គ្នាតម្លើង ទាំងនៅលើទូរសព្ទឆ្លាត Android និងកុំព្យូទ័រ Windows របស់អ្នកឲ្យរួចរាល់ ដោយវាមានឈ្មោះថា Iriun 4K Webcam for PC and Mac សម្រាប់ទូរសព្ទឆ្លាត (ចុចត្រង់នេះដើម្បីចូលទៅទាញយកក្នុង Play Store) និង Iriun Webcam សម្រាប់កុំព្យូទ័រ (ចុចត្រង់នេះដើម្បីចូលទៅទាញយកពីវេបសាយ Iriun)។ 

របៀបប្រើប្រាស់ និងដើម្បីភ្ជាប់ពីទូរសព្ទឆ្លាត Android ទៅកាន់កុំព្យូទ័រ Windows នោះ គឺងាយស្រួល និងសាមញ្ញមែនទែន ហើយយើងនឹងរៀបរាប់តាមដំណាក់កាលនីមួយៗ នៅខាងក្រោមនេះ៖

•  ដំបូងត្រូវបើកដំណើរការកម្មវិធី Iriun Webcam ទាំងនៅលើទូរសព្ទឆ្លាត និងកុំព្យូទ័ររបស់អ្នក

•  វាអាចភ្ជាប់រវាងទូរសព្ទឆ្លាត និងកុំព្យូទ័របាន តាមរយៈរបៀបទាំងពីរនៅខាងក្រោមនេះ (ប្រើមួយណាក៏បាន)៖

   -ទូរសព្ទឆ្លាត និងកុំព្យូទ័ររបស់អ្នក ត្រូវតែកំពុងប្រើ WiFi Connection ដូចគ្នា (វាក៏ដំណើរការបានដែរ តាមរយៈការស៊ែរ WiFi ឬបើក Portable Hotspot ពីទូរសព្ទឆ្លាតទៅឲ្យកុំព្យូទ័រ)។ *ចំណាំ៖ វិធីនេះត្រូវការអ៊ីនធើណេត ឬ WiFi!

   -របៀបមួយទៀតនោះ អ្នកទាំងអស់គ្នាអាចភ្ជាប់បាន តាមរយៈការប្រើខ្សែ USB ពីកុំព្យូទ័រទៅទូរសព្ទឆ្លាត ដូចសាកថ្មធម្មតាហ្នឹងឯង (សម្រាប់ទូរសព្ទឆ្លាត Android របស់ក្រុមហ៊ុនមួយចំនួន អ្នកទាំងអស់គ្នាត្រូវចូលទៅក្នុង Developer Options និងបើកមុខងារ USB Debugging ជាមុនសិន ទើបវាអាចភ្ជាប់គ្នាទៅនឹងកុំព្យូទ័រតាមខ្សែ USB បាន)។ *ចំណាំ៖ វិធីនេះមិនត្រូវការអ៊ីនធើណេត ឬ WiFi ក៏បាន!

•  បន្ទាប់ពីធ្វើតាមជំហានខាងលើរួចហើយ អ្នកនឹងឃើញរូបភាព ដែលកំពុងចាប់យកពីកាមេរ៉ាទូរសព្ទឆ្លាតរបស់អ្នក នៅក្នុងកម្មវិធី Iriun Webcam លើកុំព្យូទ័រដូចគ្នា ដែលនេះបញ្ជាក់ថា អ្នកអាចប្រើកាមេរ៉ារបស់ទូរសព្ទឆ្លាត ធ្វើជា Webcam បានជោគជ័យហើយ។

•  ចំណុចចុងក្រោយ គឺគ្រាន់តែចង់បញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា នៅពេលអ្នកបើកកម្មវិធី Video Conference ដូចជា Zoom ឬ Voov ជាដើមនោះ សូមកុំភ្លេចចុចប្តូរក្នុង Setting កាមេរ៉ានៅក្នុងកម្មវិធីទាំងនោះទៅជា Iriun Webcam ហើយសម្រាប់ឧបករណ៍ស្រូបសម្លេងវិញ អ្នកក៏អាចប្រើចេញពីទូរសព្ទឆ្លាតបានដែរ ដោយប្តូរ Setting ទៅយក Microphone ចេញពី Iriun Webcam ដូចគ្នាអញ្ចឹង។ ហេតុនេះការធ្វើ Video Conference របស់អ្នក នឹងប្រើកាមេរ៉ា ឬ Microphone ចេញពីទូរសព្ទឆ្លាត។ *ចំណាំ៖ សម្រាប់ laptop អ្នកគួរតែប្រើ Microphone ដើមប្រសើរជាង ព្រោះវានៅកៀកនឹងសម្លេងរបស់អ្នកជាងទូរសព្ទ។

សូមបញ្ជាក់ថា អ្នកក៏អាចធ្វើការកំណត់គុណភាពនៃវីដេអូ ដែលចាប់ចេញពីកាមេរ៉ារបស់អ្នកនោះបានដល់កម្រិត 4K ឯណោះ នៅក្នុងកម្មវិធី Iriun Webcam លើកុំព្យូទ័រ។ ហើយសម្រាប់កម្មវិធីក្នុងទូរសព្ទឆ្លាតវិញ វាអាចឲ្យអ្នកកំណត់មុខងារមួយចំនួនដូចជា ប្តូររវាងកាមេរ៉ាមុខ និងក្រោយ ក៏ដូចជាបើកមុខងារ Autofocus និងផ្លាស់ប្តូរពី Landscape Mode ទៅជា Portrait Model ជាដើម។ ចំណុចល្អរបស់កម្មវិធី Iriun Webcam នេះ គឺថាអ្នកទាំងអស់គ្នាទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់ ដូចបានរៀបរាប់ខាងលើ ដោយមិនគិតថ្លៃនោះទេ (Free) ថែមទាំងមិនមានលោតផ្ទាំងពាណិជ្ជកម្មឡើយ ប៉ុន្តែទន្ទឹមគ្នានោះ វាក៏មានគុណវិបិត្តតូចមួយដែរ ជាក់ស្ដែងសម្រាប់ការមើលឃើញរបស់ខ្ញុំ គឺវាមានលោត Watermark បង្ហាញពី Logo របស់ Iriun នៅពេលយើងបើកដំបូង តែមិនថ្វីឡើយព្រោះ Logo នោះ នឹងបាត់ទៅវិញ ប៉ុន្មានវិនាទីក្រោយមក។

យ៉ាងណាក៏ដោយ ក្រៅពី Iriun Webcam គឺនៅមានកម្មវិធីមួយចំនួនទៀត ដែលមានសមត្ថភាពស្រដៀងគ្នានោះ ប៉ុន្តែសម្រាប់ខ្ញុំគិតថា Iriun Webcam វាប្រសើរជាងគេ ព្រោះវាងាយស្រួលប្រើប្រាស់ | ងាយស្រួលភ្ជាប់រវាងទូរសព្ទឆ្លាត និងកុំព្យូទ័រ, អាចឲ្យយើងកំណត់បានដល់កម្រិត 4K, មិនមានលោតផ្ទាំងពាណិជ្ជកម្ម ជាពិសេសនោះ គឺវាមិនគិតថ្លៃតែម្ដង ខណៈពេលដែលកម្មវិធីមួយចំនួនទៀត គឺប្រាកដជាទាមទារឲ្យយើង Upgrade ទៅកាន់ Version Pro ឬ Premium ដែលតម្រូវឲ្យចំណាយលុយបន្ថែមមិនខាន។

ដោយ​ ៖ Cambo Report
អត្ថបទទាក់ទង