ពេលនេះ MSI GF65 Thin មានបំពាក់អេក្រង់ 144Hz ក្រាហ្វិកកាតឡើងដល់ RTX 3060 លើទីផ្សារប្រទេសយើង​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុន MSI បានអាប់ដេតកុំព្យូទ័រយួរដៃ Gaming ត្រកូល GF65 Thin ជាមួយលក្ខណៈសម្បត្តិថ្មីៗ ជាមួយសមត្ថភាពជំនាន់ក្រោយ ទៅលើជម្រើសម៉ូឌែល 10UE-227KH តម្លៃ 1,249 ដុល្លារ និងជម្រើសម៉ូឌែល 10SDR-1264KH តម្លៃ 1,099 ដុល្លារ។ ពួកវាភ្ជាប់មកជាមួយនឹង បន្ទះអេក្រង់ល្បឿនលឿន 144Hz, ប្រើប្រាស់ស៊ីភីយូ Intel ជំនាន់ទី 10, រ៉េមទំហំធំរហូតដល់ 16GB និងជម្រើសក្រាហ្វិកកាតឡើងដល់ NVIDIA GeForce RTX 3060 ថែមទៀតផង។

បន្ទះអេក្រង់

MSI GF65 Thin ទំាងលេខម៉ូឌែល 10UE-227KH និង 10SDR-1264KH សុទ្ធតែមានបំពាក់បន្ទះអេក្រង់ IPS ទំហំ 15.6 អ៊ីញ អាចបង្ហាញរូបភាពបានកម្រិត Full HD (1920x1080) និងបច្ចេកវិទ្យា Anti-Glare មិនប្ដូរពណ៌អេក្រង់នៅពេលមើលពីចំហៀង។ ការទទួលបានអេក្រង់ Refresh Rate ដល់ទៅកម្រិត 144Hz ឯណោះ ពិតជាធ្វើឲ្យការអូសមើលអក្សរ, អត្ថបទសារព័ត៌មាន ឬបញ្ជា Mouse ចុះឡើង កាន់តែរលូនទៅទៀត។ លើសពីនេះ វាក៏អាចជួយផ្ដល់បទពិសោធន៍ល្អប្រសើរ នៃការបញ្ជាលេងហ្គេម សម្រាប់មនុស្សភាគច្រើន នៅពេលដែលមានកម្រិត Refresh Rate ខ្ពស់ និងធ្វើឲ្យហ្គេមដើររលូន។

កម្លាំងម៉ាស៊ីន

ជម្រើសទាំងពីរម៉ូឌែល នៃកុំព្យូទ័រយួរដៃហ្គេម MSI GF65 Thin បានប្រើប្រាស់ស៊ីភីយូ Intel Core i7-10750H ជំនាន់ទី 10 ជាមួយរ៉េមទំហំ 16GB (8GBx2) DDR4 2666MHz និងអង្គផ្ទុកទិន្នន័យ SSD ទំហំ 512GB M.2 NVMe PCIe ហើយក៏មានភ្ជាប់មកជាមួយ 802.11 ax Wi-Fi 6 + Bluetooth v5.1 ស្រាប់តែម្ដង។ ស្របនឹងពេលដែលលេខម៉ូឌែល 10UE-227KH តម្លៃ 1,249 ដុល្លារ ត្រូវបានបំពាក់ដោយក្រាហ្វិកកាត NVIDIA GeForce RTX 3060 ជាមួយ VRAM ទំហំ 6GB ប្រភេទ GDDR6 គាំទ្របច្ចេកវិទ្យា Ray Tracing រីឯសម្រាប់ម៉ូឌែល 10SDR-1264KH តម្លៃ 1,099 ដុល្លារ បានបំពាក់នូវក្រាហ្វិកកាត NVIDIA GeForce GTX 1660 Ti ជាមួយ VRAM ទំហំ 6GB ប្រភេទ GDDR6 វិញ។

ការឌីហ្សាញតួខ្លួន

កុំព្យូទ័រយួរដៃប្រភេទហ្គេមនេះ មានកម្រាស់ស្ដើងល្មមត្រឹម 21.7mm និងមានទម្ងន់ 1.86KG ដែលងាយស្រួលយកទុកដាក់តាមខ្លួន និងមានការឌីហ្សាញបែបលក្ខណៈសាមញ្ញ ជាមួយរូបតំណាងឲ្យម៉ាក MSI នៅចំកណ្ដាលផ្នែកខាងលើគំរបរបស់វា ក៏ដូចជាត្រូវបានលំអដោយ ភ្លើងពណ៌ក្រហម នៅក្រោមគ្រាប់ក្ដារចុច ដើម្បីមានភាពងាយស្រួល វាយអក្សរនៅពេលងងឹត ហើយធ្វើឲ្យមានរូបរាងដូចជា កុំព្យូទ័រយួរដៃហ្គេមពិតមែន។ យើងក៏ឃើញមានរន្ធតំណរភ្ជាប់ដូចជា រន្ធ Ethernet, រន្ធ HDMI (4K 30FPS), រន្ធ Type-C ចំនួន 2 និងរន្ធ USB 3.2 ចំនួន 2 ដូចគ្នា។

លក្ខណៈសម្បត្តិ និងតម្លៃរបស់ MSI GF65 Thin ទាំង 2 ម៉ូឌែលនេះ៖

អ៊ីចឹង ទាំងនេះគឺជាការដាក់បង្ហាញត្រួសៗ អំពីលក្ខណៈសម្បត្តិរបស់ MSI GF65 Thin (10UE-227KH និង10SDR-1264KH) ហើយបើសិនជាប្រិយមិត្តមានចំណាប់អារម្មណ៍ ទាក់ទងជាមួយនឹងម៉ូឌែលទាំងនេះ អាចធ្វើការសាកសួរព័ត៌មាន និងបញ្ជាក់ពីតម្លៃរបស់ពួកវា នៅតាមហាងលក់កុំព្យូទ័រនានា ដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុន MSI ដោយផ្ទាល់។

ដោយ​ ៖ MSI Cambodia
អត្ថបទទាក់ទង