Galaxy Book Pro | Pro 360 ជាកុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ Samsung មានបំពាក់អេក្រង់ AMOLED ជាមួយទម្ងន់ស្រាលបំផុត​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

ក្នុងព្រឹត្តិការណ៍ Unpacked របស់ Samsung យប់ម្សិលមិញនេះ គេបានប្រកាសចេញកុំព្យូទ័រយួរដៃជំនាន់ថ្មីជាច្រើន ដោយក្នុងនោះរួមមានម៉ូឌែល Gaming ហៅថា Galaxy Book Odyssey ទៀតផង ហើយយើងក៏បានធ្វើការបង្ហាញលម្អិតពីវារួចហើយដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងមកក្រឡេកមើលកុំព្យូទ័រយួរដៃរម៉ូឌែល Pro របស់ Samsung វិញម្ដង ដោយត្រូវបានគេហៅថា Galaxy Book Pro និង Galaxy Book Pro 360 ដោយពួកវាទាំងពីរនេះ គឺសុទ្ធតែបំពាក់ជាមួយអេក្រង់ AMOLED និងជាប្រភេទកុំព្យូទ័រដែលមានទម្ងន់ស្រាលទៀតផង។

សម្រាប់ផ្នែកអេក្រង់ Galaxy Book Pro និង Galaxy Book Pro 360 វាមិនខុសគ្នានោះទេ ដោយត្រូវបាន Samsung ផ្តល់ជម្រើសទំហំចំនួន 2 គឺទំហំ 13.3 អ៊ីញ និងទំហំ 15.6 អ៊ីញ ហើយមិនថាជម្រើសទំហំមួយណានោះទេ វាសុទ្ធសឹងតែជាប្រភេទអេក្រង់ Super AMOLED មានកម្រិតបង្ហាញ FHD ព្រមទាំងកម្រិតសមាមាត្រ 16:9 ដូចគ្នា។ ពួកវាមានតួខ្លួនធ្វើឡើងពីអាលុយមីញ៉ូមស្រាល និងត្រូវបានទទួលស្គាល់ពីភាពរឹងមាំ ស្ថិតក្នុងលំដាប់យោធាទៀតផង (MIL-STD-810G)។

យ៉ាងណាសម្រាប់លក្ខណៈសម្បត្តិផ្សេងៗទៀត របស់កុំព្យូទ័រទាំងពីរម៉ូឌែលខាងលើ មានភាពខុសគ្នាច្រើនគួរសមដែរ ដូច្នេះយើងនឹងធ្វើការរៀបរាប់វាម្ដងមួយម៉ូឌែលៗ ដើម្បីងាយស្រួលដល់ប្រិយមិត្តអ្នកអាន៖

• Galaxy Book Pro

Galaxy Book Pro មានទម្ងន់ស្រាលត្រឹមតែ 0.87kg ប៉ុណ្ណោះ ជាមួយកម្រាស់ស្ដើងត្រឹម 11.2mm សម្រាប់ម៉ូឌែល 13 អ៊ីញ រីឯម៉ូឌែល 15 អ៊ីញវិញ វាមានទម្ងន់ស្រាលត្រឹម 1.15kg ប៉ុណ្ណោះ។ ទៅលើកម្លាំងម៉ាស៊ីន វាបានប្រើប្រាស់ CPU ជំនាន់ទី 11 ចុងក្រោយរបស់ Intel និងមានជម្រើសពីរគឺ Core i5 និង Core i7 ហើយទន្ទឹមគ្នានេះដែរ ម៉ូឌែល 13 អ៊ីញបានបំពាក់រ៉េមមកស្រាប់ទំហំ 8GB ប្រភេទ LPDDR4X ខណៈពេលម៉ូឌែល 15 អ៊ីញវិញ បានបំពាក់មកស្រាប់ដល់ទំហំ 16GB តែម្ដង ប៉ុន្តែសម្រាប់អង្គផ្ទុកវិញ ពួកវាមានមកស្រាប់ទំហំ 512GB ជាប្រភេទ NVMe SSD ដូចៗគ្នា។ 

មិនថាម៉ូឌែលណាមួយនោះទេ គឺសុទ្ធតែមិនមានភ្ជាប់មកជាមួយក្រាហ្វិកកាត ដាច់ដោយឡែកឡើយ ដោយវាមានតែក្រាហ្វិកក្នុង CPU ស្រាប់ Intel Iris Xe នេះឯង ហើយសម្រាប់ចំណុចសំខាន់ៗផ្សេងទៀតនោះ គឺវាមានគាំទ្រជាមួយ WiFi 6E, Bluetooth 5.1, សេនស័រស្កេនស្នាមម្រាមដៃជាមួយប៊ូតុង Power, មាន Speaker 2 គ្រាប់សហការជាមួយ AKG និងគាំទ្រ Dolby Atmos, មានកាមេរ៉ាមួយគ្រាប់អាចចាប់យករូបភាពបានកម្រិត 720p ក៏ដូចជាមាន Dual-Array Microphone ជាមួយមុខងារលុបសម្លេងរំខាន ដូចនៅលើ Galaxy Buds Pro អញ្ចឹងដែរ។

សម្រាប់រន្ធចេញចូល ដែលភ្ជាប់មកវិញមានដូចជា រន្ធ Thunderbolt 4 មួយ, USB Type-C មួយ, USB 3.2 Type-A, រន្ធ HDMI និងចុងក្រោយគឺរន្ធដោតកាសស្ដង់ដារមួយ។ សម្រាប់ថ្មវិញ ម៉ូឌែលទំហំ 13 អ៊ីញមានថាមពលថ្ម 63Wh ខណៈម៉ូឌែល 15 អ៊ីញបំពាក់មកទំហំ 68Wh ដែល Samsung អះអាងថា វាទាំងពីរម៉ូឌែលអាចកំដរអ្នកប្រើបានដល់ទៅខ្ទង់ 20 ម៉ោងឯណោះ សម្រាប់ការមើលវីដេអូ រីឯការសាកចូល គឺសាកដោយប្រើរន្ធ USB-C ហើយវាអាចគាំទ្រកម្លាំងសាក 65W ផងដែរ។

• Galaxy Book Pro 360

ចូលមកដល់ Galaxy Book Pro 360 វិញ វារាងពិសេសជាងម៉ូឌែលខាងលើ ព្រោះថាអេក្រង់របស់វាអាចគាំទ្រជាមួយ Touch Screen, អាចធ្វើការកាច់បង្វិលទៅក្រោយបាន 360 ដឺក្រេ និងមានភ្ជាប់មកជាមួយប៊ិក S Pen ស្រាប់តែម្ដង។ សម្រាប់ម៉ូឌែល 13 អ៊ីញវាមានទម្ងន់ធ្វន់ជាងម៉ូឌែលខាងលើ ពោលគឺ 1.04kg រីឯម៉ូឌែល 15 អ៊ីញ មានទម្ងន់ 1.39kg ផងដែរ។ សម្រាប់ជម្រើស CPU នោះ មិនខុសគ្នាពីម៉ូឌែល Galaxy Book Pro ធម្មតាឡើយ ប៉ុន្តែសម្រាប់ម៉ូឌែល Pro 360 នេះ មិនថាម៉ូឌែលតូច ឬធំទេ វាមានជម្រើសរ៉េម 2 ប្រភេទ 8GB និង 16GB ជាមួយអង្គផ្ទុកស្រាប់ទំហំ 512GB នៅលើម៉ូឌែលតូច រីឯម៉ូឌែលអេក្រង់ធំ មានអង្គផ្ទុកស្រាប់ដល់ទៅ 1TB មកតែម្ដង (NVMe SSD)។ 

សម្រាប់រន្ធចេញចូល វាទាំងពីរនេះ ខុសពីម៉ូឌែល Pro ធម្មតាបន្តិច ដោយមានរន្ធ Thunderbolt 4 មួយ, រន្ធ USB-C ចំនួន 2, រន្ធដោតកាសស្ដង់ដារ (3.5mm) និងចុងក្រោយជារន្ធ MicroSD Card នោះឯង។ សម្រាប់មុខងារផ្សេងៗទៀត វាមិនខុសពីម៉ូឌែល Galaxy Book Pro ឡើយ គ្រាន់តែនៅលើម៉ូឌែល Galaxy Book Pro 360 នេះ Samsung សន្យាថា នឹងមានជម្រើសម៉ូឌែល ដែលគាំទ្រជាមួយសេវាអ៊ីនធើណេត 5G ទៀតផង។ 

ចុងក្រោយសម្រាប់តម្លៃ គឺដូចយើងបានឃើញនៅខាងលើអញ្ចឹងថា គេបានបែងចែកជា 4 ម៉ូឌែល ដូច្នេះតម្លៃចាប់ផ្តើម នឹងមាន 4 ប្រភេទខុសៗគ្នា ជាក់ស្ដែងក្នុងទីផ្សារស្រុកគេ Samsung បានដាក់លក់ Galaxy Book Pro ម៉ូឌែល 13 អ៊ីញជាមួយតម្លៃចាប់ផ្តើមពី 999 ដុល្លារឡើងទៅ រីឯម៉ូឌែល 15 អ៊ីញចាប់ផ្តើមពី 1,099 ដុល្លារឡើងទៅ។ ចំណែកម៉ូឌែល Galaxy Book Pro 360 វិញ ម៉ូឌែល 13 អ៊ីញជាមួយតម្លៃចាប់ផ្តើមពី 1,199 ដុល្លារឡើងទៅ រីឯម៉ូឌែល 15 អ៊ីញចាប់ផ្តើមពី 1,299 ដុល្លារឡើងទៅផងដែរ។ 

ពួកវាទាំង 4 ម៉ូឌែលនេះ នឹងមានលក់ផ្លូវការលើទីផ្សារ ចាប់ពីខែឧសភាខាងមុខទៅ ហើយ Samsung ក៏បានដាក់ឲ្យអ្នកមានចំណាប់អារម្មណ៍ ធ្វើការកុម្ម៉ង់ទុកមុនបាន ចាប់ពីថ្ងៃនេះទៅតែម្ដង។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង