Galaxy Book Odyssey ជាកុំព្យូទ័រហ្គេមជំនាន់ថ្មីរបស់ Samsung មានបំពាក់ GPU RTX 3050Ti របស់ NVIDIA ដំបូងគេបង្អស់​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កាលពីយប់ម្សិលមិញនេះ Samsung បានបើកព្រឹត្តិការណ៍ Unpacked មួយទៀត ដើម្បីប្រកាសចេញផលិតផលជំនាន់ថ្មីរបស់ខ្លួន ដោយក្នុងនោះ យើងបានឃើញថា គេបានប្រកាសចេញមកសុទ្ធសឹងតែជា កុំព្យូទ័រយួរដៃត្រកូល Galaxy Book ទាំងអស់តែម្ដង ដែលមានច្រើនម៉ូឌែលមែនទែន ប៉ុន្តែក្នុងនោះចំណោមនោះ គឺមានម៉ូឌែលមួយសម្រាប់ Gaming ដែលគេហៅថា Galaxy Book Odyssey នេះឯង។ មិនខុសទេ កុំព្យូទ័រហ្គេមត្រកូល Odyssey របស់ Samsung លើកនេះ គឺត្រូវបានគេរចនារូបរាងមកប្លែក និងមានភាពសាមញ្ញ ហាក់ដូចជាកុំព្យូទ័រសម្រាប់ប្រើការងារការិយាល័យទូទៅដែរ។

ដូចបានបញ្ជាក់អញ្ចឹង សម្រាប់ការរចនារូបរាងខាងក្រៅគឺ Galaxy Book Odyssey មិនសូវជាមានអ្វីប្លែកច្រើននោះទេ ដោយមានការរចនាមកបែបសាមញ្ញ ជាមួយ Logo តំណាងឲ្យកុំព្យូទ័រត្រកូល Odyssey នៅចំកណ្ដាលផ្នែកខាងក្រោយតែម្ដង ហើយវាក៏មានកម្រាស់ស្ដើងត្រឹមតែ 17.7mm ជាមួយទម្ងន់ស្រាលត្រឹម 1.85kg ប៉ុណ្ណោះ។ ចំពោះអេក្រង់របស់វាវិញ វាបានបំពាក់មកទំហំ 15.6 អ៊ីញ ជាប្រភេទ LCD និងមានកម្រិតបង្ហាញ FHD ដូចកុំព្យូទ័រទូទៅដែរ។ 

ក្រឡេកទៅមើលកម្លាំងម៉ាស៊ីន Samsung ផ្តល់ឲ្យអ្នកទិញនូវ CPU ជំនាន់ចុងក្រោយរបស់ Intel ចំនួន 2 ប្រភេទគឺ Core i5 និង Core i7 ជាមួយជម្រើស GPU 2 ប្រភេទរបស់ NVIDIA ដូចគ្នារួមមាន RTX 3050 Max-Q និង RTX 3050Ti Max-Q ហើយវាក៏ជាកុំព្យូទ័រដំបូងគេបង្អស់ហើយ ដែលមានប្រើ GPU ត្រកូល RTX 3050 Ti នោះ។ GPU ថ្មីទាំងពីប្រភេទនេះដែរ គឺមាន VRAM ទំហំ 4GB ប្រភេទ GDDR6 ដូចគ្នា ដោយត្រូវបានគេអះអាងថា វាអាចផ្តល់ឲ្យអ្នកប្រើប្រាស់នូវកម្រិត Frame Rate លើសពី 60fps ក្នុងកម្រិត Setting Ultra នៃហ្គេមមួយចំនួនធំទៀតផង។

សម្រាប់រ៉េម និងអង្គផ្ទុកវិញ ក្រុមហ៊ុនកូរ៉េខាងត្បូងខាងលើ បានផ្តល់ជម្រើសរ៉េមឲ្យដល់ 3 ប្រភេទដូចជា 8GB, 16GB និង 32GB ហើយចំណែកអង្គផ្ទុក គឺប្រសើរមែនទែន ព្រោះ Samsung បានបំពាក់ទំហំ 1TB ជាប្រភេទ SSD មកឲ្យស្រាប់តែម្ដង បន្ថែមពីនេះ Galaxy Book Odyssey គឺមាន Slot សម្រាប់ដាក់ PCIe NVMe SSD ចំនួន 2 មានន័យថា មួយត្រូវបានគេដាក់ SSD 1TB មកស្រាប់ និងមួយទៀត គឺទុកឲ្យអ្នកប្រើធ្វើការ Upgrade បន្ថែមដោយខ្លួនឯងបាន។ 

ចំណែកចំណុចសំខាន់ៗផ្សេងទៀតនោះ Galaxy Book Odyssey ត្រូវបានអះអាងថា បំពាក់ក្តារចុចគុណភាពខ្ពស់មួយ មានសេនស័រស្កេនស្នាមម្រាមដៃ នៅជាមួយប៊ូតុង Power, Speaker 2 គ្រាប់ គាំទ្របច្ចេកវិទ្យា Dolby Atmos, Dual-band Wi-Fi 6 (2×2 MIMO) និងប្រើប្រាស់ Bluetooth 5.1 ជាដើម។ 

ទៅមើលរន្ធចេញចូលដែលភ្ជាប់មកវិញ មានដូចជា រន្ធ Gigabit Ethernet, រន្ធ HDMI មួយ, USB 3.2 Type-A ចំនួន 3, USB Type-C ចំនួន 2, រន្ធដោតកាសស្ដង់ដារ និងមានរន្ធ MicroSD Card មួយផងដែរ។ ចំពោះថ្មវិញ Samsung ផ្តល់ឲ្យ Galaxy Book Odyssey នូវតួរលេខដ៏ប្រសើរមួយ ពោលគឺបានបំពាក់ថាមពលថ្មដល់ 83Wh និងមានកម្លាំងសាកចូលវិញដល់ទៅ 135W ឯណោះតាមរយៈរន្ធសាក USB-C តែម្ដង។ 

សម្រាប់តម្លៃរបស់វាវិញ Samsung បានបញ្ជាក់ប្រាប់សម្រាប់ក្នុងទីផ្សារស្រុកគេប៉ុណ្ណោះ ដោយនឹងត្រូវដាក់លក់ចាប់ផ្តើមពីខ្ទង់ 1,399 ដុល្លារឡើងទៅ ប៉ុន្តែពេលនេះមិនទាន់មានលក់ លើទីផ្សារផ្លូវការនោះទេ ហើយបើសិនអ្នកចាប់អារម្មណ៍ចង់ទិញ គឺត្រូវរង់ចាំរហូតដល់អំឡុងខែសីហាឯណោះ។

ដោយ​ ៖ SamMoblie
អត្ថបទទាក់ទង