គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 កន្លងទៅ Sony លក់ម៉ាស៊ីនហ្គេម PlayStation 5 បានចំនួន 7.8 លានគ្រឿងហើយ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

កាលពីដើមខែកុម្ភៈ កន្លងទៅ តាមរយៈរបាយការណ៍ប្រាក់ចំណូលរបស់ Sony បានធ្វើឲ្យយើងដឹងថា កាលពីឆ្នាំមុន Sony លក់ PlayStation 5 បានចំនួនបានចំនួន 4.5 លានគ្រឿង។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ តាមរយៈរបាយការណ៍ប្រាក់ចំណូលរបស់ Sony ដដែល បានធ្វើឲ្យយើងដឹងថា គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 កន្លងទៅ Sony លក់ម៉ាស៊ីនហ្គេម PlayStation 5 បានចំនួន 7.8 លានគ្រឿងហើយ។ ដូច្នេះមានន័យថា កាលពីត្រីមាសទី 1 កន្លងទៅ Sony លក់ម៉ាស៊ីនហ្គេម PlayStation 5 បានចំនួន 3.3 លានគ្រឿង។

តាមរយៈរបាយការណ៍ប្រាក់ចំណូលរបស់ Sony ដដែលនេះ ក៏បានធ្វើឲ្យយើងបានដឹងផងដែរថា គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 កន្លងទៅ សេវាកម្ម PlayStation Plus របស់ Sony មានអ្នកចុះឈ្មោះធ្វើជាសមាជិកដល់ទៅជាង 47.6 លានអ្នកហើយ។ បើប្រៀបធៀបជាមួយឆ្នាំមុន ក្នុងរយៈពេលដូចគ្នា ចំនួនអ្នកចុះឈ្មោះធ្វើជាសមាជិករបស់សេវាកម្ម PlayStation Plus មានការកើនឡើងដល់ទៅ 14,7 % ឯណោះ។ ជាមួយគ្នានេះ យើងក៏បានដឹងបន្ថែមទៀតថា ក្នុងរយៈពេល 4 ត្រីមាស កន្លងទៅ សម្រាប់ជំនួញផ្នែកអាជីវកម្ម PlayStation ជារួម Sony រកប្រាក់ចំណេញសរុបដល់ទៅ 3.14 ពាន់លានដុល្លារ ឯណោះ។

សម្រាប់ផ្នែកហ្គេមវិញ គិតត្រឹមថ្ងៃទី 31 ខែមីនា ឆ្នាំ 2020 រហូតដល់ 31 ខែមីនា ឆ្នាំ 2021 កន្លងទៅ Sony លក់ហ្គេមបានសរុប 338.9 លាន ច្បាប់ចម្លង ក្នុងនោះរាប់បញ្ចូលទាំងច្បាប់ចម្លង Digital ផងដែរ។ ក្នុងចំណោម 338.9 លាន ច្បាប់ចម្លង នេះដែរ មាន 65% ឬ 220 លាន ច្បាប់ចម្លង គឺជា Third Party ហ្គេម និង 17% ឬ 58.4 លាន ច្បាប់ចម្លង គឺជា First Party ហ្គេម ឬមនុស្សភាគច្រើនស្គាល់ថាជាហ្គេមផ្តាច់មុខរបស់ PlayStation នោះឯង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង