NASA ជោគជ័យក្នុងការបង្ហោះសាកល្បងជាលើកទី 3 នៃកូនឧទ្ធម្ភាគចក្ររបស់ខ្លួនលើភពអង្គារ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

ប្រមាណជាខ្ទង់មួយសប្តាហ៍មុន យើងបានដឹងហើយថា NASA ទទួយលបានជោគជ័យក្នុងការបង្ហោះសាកល្បងជាលើកដំបូង នៃកូនឧទ្ធម្ភាគចក្រ Ingenuity របស់គេនៅលើភពអង្គារ ហើយក្រោយមកទៀតគេក៏បានធ្វើការបង្ហោះសាកល្បងជាលើកទី 2 ព្រមទាំងទទួលបានជោគជ័យដូចគ្នា។ ដោយឡែក មិនបង្អង់យូរ កាលពីថ្មីៗនេះ NASA បានធ្វើការបង្ហោះសាកល្បងជាលើកទី 3 ហើយក៏បន្តដំណើរការទៅយ៉ាងរលូនដែរ ប៉ុន្តែអ្វីដែលពិសេសបន្ថែមលើកនេះ គឺថាកូនឧទ្ធម្ភាគចក្ររបស់គេនោះ អាចហោះបានកាន់តែរហ័ស និងបានឆ្ងាយជាងមុនទៀតផង។

មិនខុសទេ កាលពីយប់ថ្ងៃទី 25 ឈានចូលថ្ងៃទី 26 ខែមេសាម្សិលមិញនេះ NASA បានធ្វើការបង្ហោះសាកល្បងជាលើកទី 3 នូវកូនឧទ្ធម្ភាគចក្រ Ingenuity របស់គេលើផ្ទៃភពអង្គារ ដោយក្នុងនោះដែរ គេទទួលបានកំណត់ត្រាថ្មី កាន់តែប្រសើរជាងមុន ព្រោះថាមិនត្រឹមតែទទួលបានជោគជ័យក្នុងការបង្ហោះនោះទេ ពួកគេក៏អាចធ្វើឲ្យកូនឧទ្ធម្ភាគចក្រនោះ ហោះបានកាន់តែលឿន និងធ្វើដំណើរបានកាន់តែឆ្ងាយជាងមុនទៀតផង។ បើតាមរបាយការណ៍បានឲ្យដឹងថា កូនឧទ្ធម្ភាគចក្រ Ingenuity លើកនេះហោះបានចម្ងាយខ្ទង់ 50m ទៅភាគខាងជើងនៃទីតាំងដើមរបស់វា ជាមួយល្បឿនខ្ទង់ 7km/h រួចត្រលប់មកទីតាំងដើមវិញ។ បើមើលតាមតួរលេខនៃល្បឿន និងចម្ងាយនេះ យើងអាចនិយាយបានថា វាមិនច្រើនឡើយ ប៉ុន្តែធៀបនឹងការបង្ហោះសាកល្បងលើកទី 2 វិញ NASA អាចធ្វើបានត្រឹមតែក្នុងរយៈចម្ងាយជិត 4m ជាមួយល្បឿនខ្ទង់ 1.7km/h ប៉ុណ្ណោះ បើប្រៀបគ្នាទៅ ការបង្ហោះលើកទី 3 នេះ កូនឧទ្ធម្ភាគចក្រ Ingenuity ធ្វើបានល្អជាងមុនច្រើន។

យ៉ាងណាក៏ដោយ ការបង្ហោះសាកល្បងលើកទី 3 មិនមែនជាបង្ហោះសាកល្បងចុងក្រោយឡើយ ដោយ NASA នឹងធ្វើការសាកល្បងជាបន្តបន្ទាប់ទៀត រហូតទាល់គេមើលឃើញថា កូនឧទ្ធម្ភាគចក្រ Ingenuity នោះអាចដំណើរការបានប្រសើរ ដើម្បីឲ្យវាសហការជាមួយយាន Perseverance ក្នុងការស្រាវជ្រាវ និងចាប់យករូបភាពផ្សេងៗ នៅលើភពអង្គារបញ្ជូនមកឲ្យ NASA វិញហ្នឹងឯង។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង