SpaceX បញ្ជូនអវកាសយានិក 4 រូបទៅកាន់លំហបានដោយជោគជ័យ តាមបេសកកម្ម Crew-2 របស់ NASA​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

កាលពីពេលម្សិលមិញនេះ SpaceX ទទួលបានជោគជ័យក្នុងការបង្ហោះយានរបស់ខ្លួនដើម្បីបញ្ជូន អវកាសយានិករបស់ NASA ចំនួន 4 រូបទៅកាន់ស្ថានីយអវកាសអន្តរជាតិ ទៅតាមបេសកកម្ម Crew-2 របស់ NASA នោះឯង។ នៅក្នុងបេសកកម្មនោះដែរ គឺ SpaceX បានប្រើប្រាស់ Booster របស់រ៉ុកកែត Falcon 9 ជាមួយគ្នានឹងយាន Crew-2 Dragon នោះឯង ដោយ Booster របស់ Falcon 9 មាននាទីបញ្ជូន Crew Dragon ទៅកាន់លំហ ហើយបន្ទាប់ពីទៅដល់លំហហើយ Booster នោះ នឹងត្រលប់មកផែនដីវិញ។ 

មិនខុសទេ ការដំណើរការនោះធ្វើទៅបានដោយជោគជ័យ ហើយចំណុចសំខាន់បំផុតនោះ គឺថាការជោគជ័យលើកនេះ បានបំបែកកំណត់ត្រាជាច្រើន ជាក់ស្ដែងសម្រាប់ SpaceX គឺពួកគេបានចារប្រវត្តិសាស្ត្រថ្មី ដោយបានប្រើប្រាស់ម្ដងទៀតនូវ Booster របស់ Falcon 9 និងយាន Crew-2 Dragon មានន័យថា ទាំង Booter និងយាននោះ គឺធ្លាប់ត្រូវបាន SpaceX បង្ហោះជោគជ័យរួចម្ដងហើយ ហើយនេះជាលើកទី 2 ដែលយកវាមកប្រើ។ ក្រៅពីនេះ វាក៏ជាបេសកម្មដំបូងសម្រាប់ SpaceX ក្នុងនាំយកអវកាសយានិកដល់ទៅ 4 រូបទៅកាន់លំហ ហើយក៏បំបែកប្រវត្តិសាស្ត្រផ្សេងៗ សម្រាប់ NASA ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះដែរ។ 

ពិតណាស់ Booster របស់ Falcon 9 នោះ បានបញ្ជូន Crew-2 Dragon ដែលមានផ្ទុកអវកាសយានិករបស់ចំនួន 4 រូប ទៅកានលំហបានដោយសុវត្ថិភាព ហើយក៏បានត្រលប់មកកាន់ផ្ទៃផែនដី និងបានចុះចតយ៉ាងត្រឹមត្រូវ និងសុវត្ថិភាពដូចគ្នា ទៅតាមទីតាំងដែល SpaceX បានគ្រោងទុក។ រីឯយាន Crew-2 Dragon នោះវិញ នៅពេលទៅដល់លំហហើយ វាដល់ដំណាក់កាល ដែលត្រូវធ្វើដំណើរដើម្បីទៅភ្ជាប់ខ្លួនជាមួយនឹង ស្ថានីយអវកាសអន្តរជាតិរបស់ NASA ស្វ័យប្រវត្តិ ដោយមិនត្រូវការឲ្យអវកាសយានិកខាងក្នុងនោះបញ្ជាឡើយ។

បើតាមកាលវិភាគដែលគេគ្រោងទុកនោះ យាន Crew-2 Dragon នឹងត្រូវទៅភ្ជាប់ខ្លួនជាមួយស្ថានីយអវកាសអន្តរជាតិ នៅវេលាម៉ោង 4 និង 10 នាទីល្ងាច ថ្ងៃសៅរិ៍ ទី 24 នេះឯង ហើយនៅពេលនោះ SpaceX ក៏នឹងធ្វើការផ្សាយបន្តផ្ទាល់ឲ្យយើងបានឃើញដូចគ្នាដែរ នៅតាម Channel YouTube របស់គេផ្ទាល់។ ចុងក្រោយបន្ទាប់ការភ្ជាប់ខ្លួននៃយាន Crew-2 Dragon នោះបានជោគជ័យហើយ វានឹងនៅបន្តជាមួយស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងរយៈពេលប្រមាណជា 6 ខែទៀតក្នុងលំហ តាមដំណាក់កាលនៃបេសកកម្ម Crew-2 របស់ NASA ហើយនៅពេលបេសកកម្មរួចរាល់ Crew-2 Dragon នឹងនាំយកអាវកាសយានិកត្រលប់មកកាន់ផែនដីវិញ។ 

ដោយ​ ៖ Engadget
អត្ថបទទាក់ទង