វីដេអូ Teaser លើកដំបូងនៃរឿង Shang-Chi របស់ Marvel Studios ត្រូវបានបញ្ចេញកាលពីពេលថ្មីៗនេះ
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

បន្ទាប់ពីមានអ្នកគាំទ្របាន ធ្វើការរង់ចាំតាំងពីឆ្នាំ 2014 មក ទីបំផុតខ្សែភាពយន្ដអំពីតួអង្គ Shang-Chi របស់ Marvel Comics បានក្លាយទៅជាសាច់រឿង Live-Action ហើយ និងបានបញ្ចេញជាវីដេអូ Teaser លើកដំបូងបង្អស់ កាលពីពេលថ្មីៗនេះ។ ជាការពិតណាស់ តួអង្គ Shang-Chi ជាកំពូលវីរបុរស ដែលតំណាងឲ្យជនជាតិអាស៊ីម្នាក់ និងចេះប្រើក្បាច់គុនកុងហ្វូ ដើម្បីទប់ទល់ជាមួយសត្រូវ ផងដែរ។

ខ្សែភាពយន្ដថ្មីមួយនេះ គឺមានឈ្មោះជាផ្លូវការហៅថា “Shang-Chi and the Legend of the Ten Rings” ដែលដឹកនាំរឿងដោយលោក Destin Daniel Cretton និងសម្ដែងដោយលោក Simu Liu ជាតួអង្គឯក Shang-Chi ផ្ទាល់តែម្ដង។ ចំណែកឯ តួអង្គចិត្តអាក្រក់វិញ យើងឃើញមានដូចជា តួអង្គ Death Dealer (ពាក់របាំងមុខ) ក៏ដូចជាតួអង្គ Mandarin ជាដើម។

លោក Jonathan Schwartz ជាផលិតករម្នាក់ ប្រចាំផលិតកម្ម Marvel Studios បាននិយាយប្រាប់ថា Shang-Chi ជារឿងបែបវាយប្រហារ Action ល្អបំផុត ដែលមិនធ្លាប់ឃើញមាន ក្នុងចំណោមចក្រវាល MCU (Marvel Cinematic Universe) ពីមុនមកនោះទេ។

ខុសប្លែកពីសៀវភៅត្លុក Comic ដើម ដោយនៅលើរឿង Live-Action នេះ តួអង្គ Fu Manchu (Zheng Zu) និងតួអង្គ Mandarin ត្រូវបានបញ្ចូលគ្នាទៅជា តួអង្គតែមួយឈ្មោះថា Wenwu នៅក្នុង MCU ហើយក៏ត្រូវជា ឪពុករបស់តួអង្គឯក Shang-Chi ថែមទៀតផង។ អ៊ីចឹង ដើម្បីស្វែងយល់បន្ថែមទៀត អ្នកទាំងអស់គ្នា អាចធ្វើការទស្សនាវីដេអូ Teaser របស់វាលើវេបសាយ YouTube នៅខាងក្រោមនេះបាន។

ផលិតកម្ម Marvel Studios គ្រោងនឹងចាក់បញ្ចាំងរឿង Shang-Chi and the Legend of the Ten Rings នៅថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2021 ខាងមុខនេះ ប៉ុន្ដែមិនទាន់បញ្ជាក់ថា នឹងចាក់នៅក្នុងរោងកុនផ្ទាល់, សេវាកម្ម Disney+ របស់ខ្លួន ឬទាំងពីរជម្រើសនៅឡើយទេ។ ចុះអ្នកទាំងអស់គ្នាវិញ តើយល់ឃើញយ៉ាងណាដែរ ចំពោះវីដេអូ Teaser ដំបូង នៃកំពូលវីរបុរសជនជាតិអាស៊ីនេះ?

ប្រភព ៖ Marvel Studios
អត្ថបទទាក់ទង