កូនឧទ្ធម្ភាគចក្ររបស់ NASA ត្រូវបានបង្ហោះសាកល្បងលើផ្ទៃភពអង្គារជាលើកដំបូងបានជោគជ័យហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

កាលពីម្សិលមិញនេះ ក្រុមការងាររបស់យើងបានចេញផ្សាយព័ត៌មានមួយ ដែលនិយាយពីការផ្សាយផ្ទាល់របស់ NASA ទាក់ទងនឹងការបង្ហោះសាកល្បងលើកដំបូង នូវកូនឧទ្ធម្ភាគចក្រ Ingenuity លើផ្ទៃភពអង្គារនោះឯង។ ពិតណាស់ការបង្ហោះសាកល្បងរបស់ NASA ដែលធ្វើឡើងកាលពីល្ងាចម្សិលមិញនោះ ទទួលបានសម្រេចតាមការគ្រោងទុករបស់គេហើយ ដែលធ្វើឲ្យកូនឧទ្ធម្ភាគចក្រខាងលើនេះ ក្លាយជាយន្តហោះដំបូងគេបំផុត ដែលបានហោះនៅលើផ្ទៃភពផ្សេង ក្រៅពីផែនដីយើងបានសម្រេច។

មិនខុសទេ ម្សិលមិញនេះ NASA បានធ្វើការបញ្ជាក់យ៉ាងច្បាស់ហើយថា កូនឧទ្ធម្ភាគចក្រ Ingenuity បានឆ្លងកាត់ការតេស្តបង្ហោះសាកល្បង ជាលើកដំបូងនៅលើផ្ទៃភពអង្គារ បានដោយជោគជ័យហើយ។ ក្នុងនោះគេក៏បានបន្ថែមដែរថា កូនឧទ្ធម្ភាគចក្រនេះត្រូវបានបង្ហោះខ្ពស់បំផុតកម្ពស់ 10 feet ឬខ្ទង់ 3m ពីផ្ទៃភពអង្គារ បន្ទាប់មកសំកាំងខ្លួននៅលើអាកាសប្រមាណជា 30 វិនាទី ទើបចាប់ផ្តើមទម្លាក់ខ្លួនមកផ្ទៃភពក្រហមវិញ។ យ៉ាងណាក៏ដោយ ចំណុចសំខាន់លម្អិតផ្សេងទៀត ទាក់ទងនឹងការបង្ហោះសាកល្បងដំបូងនេះ NASA មិនទាន់ប្រាប់ឲ្យដឹងនោះទេ ប៉ុន្តែក៏អាចនឹងមិនយូរទៀតដែរ គេនឹងបង្ហាញឲ្យដឹងជាមិនខាន។ 

ដូចបានបញ្ជាក់នៅខាងលើអញ្ចឹងថា នោះគឺជាការបង្ហោះសាកល្បងលើកដំបូងប៉ុណ្ណោះ ហេតុនេះហើយនៅមានដំណាក់កាលបង្ហោះជាច្រើនទៀត ដែល NASA ត្រូវធ្វើបន្ត ជាក់ស្ដែងរយៈពេលដែល NASA គ្រោងនឹងបង្ហោះសាកល្បងលើកទី 2 នោះ ក៏មិនយូរទៀតដែរ ពោលគឺនឹងធ្វើឡើង នៅថ្ងៃទី 22 ខែមេសាខាងមុខនេះឯង។ 

ដូច្នេះហើយ យើងនឹងរង់ចាំមើលបន្តថា ការបង្ហោះសាកល្បងនូវកូនឧទ្ធម្ភាគចក្រ Ingenuity លើកទី 2 របស់ NASA នោះ នឹងទទួលបានលទ្ធផលយ៉ាងណា។ បើទោះជាលើកនេះ ជាការបង្ហោះសាកល្បងលើកដំបូង និងក្នុងរយៈកម្ពស់ទាបក៏ដោយ ក៏វាបង្ហាញឲ្យឃើញនូវជោគជ័យមួយដែលបញ្ជាក់ថា ការប្រើយន្តហោះលើផ្ទៃភពអង្គារ ពិតជាអាចទៅរួចមែន ហើយវាក៏នឹងបង្ករភាពងាយស្រួលបន្ថែមទៀត ដល់អ្នកស្រាវជ្រាវក្នុងថ្ងៃអនាគតផងដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង