គ្រោះថ្នាក់លើរថយន្ត Tesla មួយគ្រឿងទាក់ទងនឹងមុខងារ Autopilot បណ្ដាលឲ្យអ្នកដំណើរ 2 នាក់បាត់បង់ជីវិត​
ដោយ​ ៖ សុវណ្ណរតនៈ | 2 ខែមុន SHARE

 

កាលពីម៉ោង 9 យប់ (ម៉ោងក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក) កាលពីថ្ងៃទី 18 ម្សិលមិញនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយស្ថិតក្នុងរដ្ឋតិចសាស បានកើតឡើងនៅលើរថយន្ត Tesla Model S ឆ្នាំ 2019 មួយគ្រឿង មានផ្ទុកអ្នកដំណើរចំនួន 2 នាក់ ដែលបណ្ដាលឲ្យមានភ្លើងឆេះរថយន្តនោះយ៉ាងខ្លាំង ព្រមទាំងបានឆក់យកជីវិតអ្នកដំណើរ ដែលនៅក្នុងរថយន្តនោះតែម្ដង។ បើតាមការបង្ហាញពីអាជ្ញាធរនៅក្នុងរដ្ឋតិចសាស បានឲ្យដឹងថា រថយន្ត Tesla ខាងលើ មិនមានអ្នកបើកនោះទេ ព្រោះមិនមានអ្នកណាអង្គុយកៅអីរបស់អ្នកបើកឡើយ។

មុនពេលកើតហេតុគេឃើញថា រថយន្ត Tesla Model S នោះ មានបំណងក្នុងការបត់ឆ្វេង ប៉ុន្តែដោយសារតែរថយន្តនេះ កំពុងបើកបរក្នុងល្បឿនយ៉ាងលឿន ធ្វើឲ្យការបត់ឆ្វេងភ្លាមៗ មិនបានសម្រេចឡើយ ក៏បានជ្រុលធ្លាក់ចេញពីលើផ្លូវ និងបានបុកទង្គិចជាមួយដើមឈើ បណ្ដាលឲ្យមានការឆាប់ឆេះតែម្ដង។ ពិតណាស់បុរសទាំងពីរនាក់ដែលបានស្លាប់នោះ មានម្នាក់បានអង្គុយនៅកៅអីខាងក្រោយ ខណៈពេលបុរសម្នាក់ទៀត អង្គុយកៅអីខាងមុខផ្នែកខាងអ្នកដំណើរ មិនមែនអ្នកបើកទេ ដូច្នេះគេគិតថា ពួកគេប្រហែលជាបានបើកដំណើរការមុខងារ Autopilot របស់រថយន្ត Tesla នោះឯង។ អាជ្ញាធរក៏បានបញ្ជាក់ថា ពួកគេបានប្រើប្រាស់ទឹកអស់ប្រមាណជាខ្ទង់ 30,000 gallons (113,562 លីត្រ) ហើយបើគិតទៅគឺចំណាយពេលដល់ទៅ 4 ម៉ោងឯណោះ ដើម្បីពន្លត់អគ្គិភ័យលើរថយន្ត Tesla នោះបានសម្រេច។ គួរបញ្ជាក់ដែរថា កន្លងទៅនេះ ធ្លាប់មានគ្រោះថ្នាក់ដែលទាក់ទងនឹងមុខងារ Autopilot លើរថយន្ត Tesla ជាច្រើនករណីមកហើយដែរ ប៉ុន្តែនេះគឺជាលើកដំបូង ដែលក្នុងរថយន្តមិនមានអ្នកអង្គុយនៅកៅអី សម្រាប់អ្នកបើកតែម្ដង។

Tesla ក៏ធ្លាប់បញ្ជាក់យ៉ាងច្បាស់ទៅកាន់អតិថិជនរបស់ខ្លួនដែរថា មុខងារ Autopilot មិនមែនជាមុខងារបើកបរដោយស្វ័យប្រវត្តិពេញលេញនោះទេ ដោយវាគ្រាន់តែជា មុខងារជំនួយដល់អ្នកបើកបរប៉ុណ្ណោះ ដូច្នេះនៅពេលមុខងារនោះបើកដំណើរការ វានៅតែត្រូវការ ការយកចិត្តទុកដាក់ទៅលើផ្លូវ ពីសំណាក់អ្នកបើកដដែល។ កាលពីឆ្នាំ 2018 កន្លងទៅ លោក Elon Musk ក៏ធ្លាប់បានឆ្លើយសំនួរទាក់ទងនឹងបញ្ហាស្រដៀងខាងលើនេះដែរ ដោយគាត់បញ្ជាក់ថា “វាបណ្ដាលមកពី អ្នកបើកបរស៊ាំនឹងមុខងារ Autopilot នោះខ្លាំងពេក ទើបបង្ករជាបញ្ហាមួយ ហើយវាមិនមែនកើតឡើងដោយសារតែ អ្នកបើកមិនដឹងពីមុខងារ Autopilot នោះទេ ប៉ុន្តែដោយសារតែពួកគេគិតថា ពួកគេដឹងច្បាស់ពី Autopilot ច្រើនជាងអ្វីដែលមុខងារនេះអាចធ្វើបាន”។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង