មកដឹងបន្ថែមពីលក្ខណៈសម្បត្តិសំខាន់ៗរបស់ Sony Xperia 5 III វិញម្ដង​
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

នៅក្នុងអត្ថបទមុន ប្រិយមិត្តបានឃើញរួចមកហើយ នូវលក្ខណៈសម្បត្តិសំខាន់ៗជាច្រើន ទាក់ទងនឹងទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មី Xperia 1 III របស់ Sony ប៉ុន្តែនៅពេលដែលក្រុមហ៊ុនគេប្រកាសចេញនោះ គឺមិនមែនបញ្ចេញតែម៉ូឌែលនេះមួយឡើយ ជាក់ស្ដែងនៅមានម៉ូឌែលកំពូលមួយទៀត ត្រូវបានគេហៅថា Xperia 5 III បន្តតំណែងពី Xperia 5 II ហ្នឹងឯង។ ដូច្នេះហើយពេលនេះ យើងនឹងលើកយកលក្ខណៈសម្បត្តិសំខាន់ៗរបស់វា មកបង្ហាញដល់ប្រិយមិត្តវិញម្ដង ដោយក្នុងនោះ ឃើញថាវាមានចំណុចសំខាន់ៗជាច្រើនដូចគ្នានឹងម៉ូឌែល Xperia 1 III ដែរ។

ចំពោះរចនាបថរូបរាងរបស់វា នៅតែស្រដៀងគ្នានឹងជំនាន់មុន ក៏ដូចជាស្រដៀងម៉ូឌែលធំ Xperia 1 III ដែរ ដោយនៅផ្នែកខាងក្រោយ ត្រូវបានគេរចនាកាមេរ៉ាជាជួរបញ្ឈរបែបសាមញ្ញ មានផ្ទុកសេនស័រកាមេរ៉ាចំនួន 3 គ្រាប់។ ចូលទៅផ្នែកខាងមុខ ក៏នៅតែមិនសូវប្លែកដដែល ជាក់ស្ដែងវាមានអេក្រង់លាត មិនប្រើឆក ឬលេនទំលុះអេក្រង់ឡើយ ហើយគែមជុំវិញអេក្រង់របស់វាលើកនេះ ឃើញថាមានលក្ខណៈកាន់តែខ្លីជាងមុនផងដែរ។ 

ទៅលើអេក្រង់របស់វា គឺជាចំណុចសំខាន់បំផុត ដែលធ្វើឲ្យវាខុសគ្នាពី Xperia 1 III ពោលគឺវាបានប្រើទំហំ 6.1 អ៊ីញ ប្រភេទ OLED មានកម្រិតបង្ហាញត្រឹម FHD+ គាំទ្រ HDR ជាមួយល្បឿន Refresh Rate 120Hz ផងដែរ។ លើសពីនេះទៅទៀតនោះ វាក៏មានកម្រិតប៉ះបញ្ជាដល់ 240Hz ហើយក៏នៅបន្តប្រើកម្រិតសមាមាត្រ 21:9 ដែរ ដែលអាចសមស្របទាំងអ្នកចូលចិត្តទស្សនាភាពយន្ត ក៏ដូចជាអ្នកចូលចិត្តលេងហ្គេមដូចគ្នា។ 

និយាយពីកម្លាំងម៉ាស៊ីន គឺមិនខុសពីម៉ូឌែល Xperia 1 III ឡើយ Xperia 5 III បានប្រើប្រាស់ឈីប Snapdragon 888 អាចគាំទ្រជាមួយ 5G បាន ហើយទន្ទឹមគ្នានោះ Sony ក៏មិនផ្តល់ឲ្យជម្រើសរ៉េមច្រើនដែរ ដោយមានតែជម្រើសទំហំ 8GB មួយប៉ុណ្ណោះ ប៉ុន្តែអ្នកទិញមានជម្រើសអង្គផ្ទុក 2 ប្រភេទដូចជា ទំហំ 128GB និង 256GB។ 

ចូលដល់ថាមពលថ្មវិញ បើទោះជាវាមានតួខ្លួនតូចក៏ពិតមែន ប៉ុន្តែ Sony មិនបានបង្រួមថ្មវា ឲ្យតូចដូចតួខ្លួនដែរនោះទេ ជាក់ស្ដែងគេបានបំពាក់ថ្មទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W ដូចគ្នាម៉ូឌែល Xperia 1 III អញ្ចឹង ប៉ុន្តែខុសគ្នាត្រង់ថា វាមិនអាចគាំទ្រមុខងារសាកថ្មឥតខ្សែ បាននោះទេ។ 

សម្រាប់កាមេរ៉ាដែលបានបំពាក់វិញ គឺស្ទើរតែដូចគ្នាទាំងស្រុងជាមួយ Xperia 1 III ដោយនៅផ្នែកខាងមុខមានសេនស័រទំហំ 8MP ដូចឆ្នាំមុនដដែល ប៉ុន្តែនៅខាងក្រោយ វាមានចំនួន 3 គ្រាប់សុទ្ធតែមានទំហំ 12MP ដូចគ្នាទាំងអស់ គ្រាន់តែមួយដើរតួជាកាមេរ៉ាគោល មាន OIS, មួយទៀតគឺជាកាមេរ៉ាសម្រាប់ចាប់ប្លង់ទូលាយ (124 ដឺក្រេ) Ultrawide រីឯមួយទៀត គឺជាកាមេរ៉ាពង្រីក Telephotos មាន OIS ហើយចំណុចដែលខុសគ្នាពីម៉ូឌែលធំនោះគឺថា វាមិនមានសេនស័រជំនួយ 3D ToF ឡើយ។ 

មុខងារមានលើកាមេរ៉ាទាំង 3 គ្រាប់របស់វានោះ ដូចគ្នាបេះដាក់ជាមួយ Xperia 1 III ជាក់ស្ដែងសម្រាប់លេន Telephotos ក៏មានបច្ចេកវិទ្យា Variable Telephotos Lenses ដោយអាចឲ្យអ្នកប្រើធ្វើការផ្លាស់ប្តូរក្នុងចន្លោះពី 70mm ទៅ 105mm បាន (បើធៀបទៅ គឺប្រហាក់ប្រហែលនឹងអាចឲ្យអ្នកប្រើ ធ្វើការពង្រីកបែប Optical បានពីចន្លោះ 2.9 ដង ទៅដល់ 4.4 ដង)។ ចំណែកឯមុខងារសំខាន់ៗផ្សេងៗទៀតនៃកាមេរ៉ារបស់ Xperia 5 III នោះ គឺនៅតែដូចម៉ូឌែល Xperia 1 III អញ្ចឹង ជាក់ស្ដែងមានមុខងារ Autofocus Real-Time Eye AF លើលេនទាំង 3, ចាប់យករូបភាពបានកាន់តែលឿនដល់ 20fps ក៏ដូចជាគាំទ្រការថតវីដេអូដល់ 4K 120fps ជាមួយ HDR ផងដែរ។

សម្រាប់ចំណុចសំខាន់ៗផ្សេងទៀតវិញ Sony Xperia 5 III បានបំពាក់មកជាមួយមុខងារការពារទឹកពេញលេញ IP65 / IP68, មានបំពាក់ Speaker ចំនួនពីរគ្រាប់ គាំទ្របច្ចេកវិទ្យាសម្លេង 360 Reality Audio ដូចម៉ូឌែលធំដែរ ហើយវាក៏មានរន្ធដោតកាស 3.5mm ព្រមទាំងមានប៊ូតុងមួយទៀត នៅខាងក្រោមផ្នែកខាងស្ដាំ ដែលដើរតួជាប៊ូតុងសម្រាប់ចុចថតរូប។ គេក៏បាននាំយកកម្មវិធី Photography Pro មកដាក់លើនោះស្រាប់ដូចគ្នា ដើម្បីធ្វើឲ្យបទពិសោធន៍នៃការថតរូបភាពនៅលើ Xperia 5 III កាន់តែស្រដៀងគ្នាខ្លាំងទៅនឹង ការប្រើប្រាស់កាមេរ៉ាអាជីបរបស់យីហោ Sony។ ចុងក្រោយ វាដំណើរការដោយ Android 11 ហើយសម្រាប់ជម្រើសពណ៌វិញ Sony ផ្តល់ឲ្យ 3 ប្រភេទរួមមានដូចជា ពណ៌ខ្មៅ, ពណ៌បៃតង និងមួយទៀតគឺពណ៌ផ្កាឈូក។

និយាយរួមមកវិញ ខាងលើនេះគឺជាចំណុចសំខាន់ៗ ដែល Sony បានបំពាក់នៅលើទូរសព្ទឆ្លាតលំដាប់កំពូលខ្នាតតូច Xperia 5 III ជំនាន់ចុងក្រោយរបស់ខ្លួន ប៉ុន្តែវាក៏ដូចម៉ូឌែលខ្នាតធំ Xperia 1 III ដែរ ដោយគេមិនទាន់បញ្ជាក់ ពីថ្ងៃចេញលក់ពិតប្រាកដឡើយ គ្រាន់តែបានអះអាងថា នឹងមានលើទីផ្សារផ្លូវការ នៅដើមរដូវក្តៅខាងមុខ ហើយចំពោះតម្លៃវិញ ពួកគេនឹងប្រាប់បន្ថែមនៅពេលក្រោយ។ បើប្រិយមិត្តចង់ស្វែងយល់បន្ថែម ពីលក្ខណៈសម្បត្តិរបស់ Xperia 1 III វិញនោះ អាចចុចត្រង់នេះបាន។

ដោយ​ ៖ Sony Xperia
អត្ថបទទាក់ទង