ទាំងនេះជាលក្ខណៈសម្បត្តិសំខាន់ៗរបស់ទូរសព្ទឆ្លាតកំពូលជំនាន់ថ្មី Sony Xperia 1 III​
ដោយ​ ៖ សុវណ្ណរតនៈ | 3 សប្តាហ៍មុន SHARE

 

ប្រហែលជាមានប្រិយមិត្តបានឃើញរួចមកហើយ នូវវត្តមានទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ Sony ត្រូវបានគេហៅថា Xperia 1 III ដែលបន្តតំណែងពី Xperia 1 II កាលពីឆ្នាំមុននោះឯង ហើយក្រុមហ៊ុនជប៉ុននេះ បានប្រកាសចេញផ្លូវការ កាលពីថ្ងៃទី 14 កន្លងទៅ ត្រូវនឹងថ្ងៃដំបូងនៃបុណ្យចូលឆ្នាំខ្មែយើងតែម្ដង។ ដូច្នេះហើយពេលនេះ យើងនឹងលើកយកលក្ខណៈសម្បត្តិសំខាន់ៗរបស់វា មកបង្ហាញដល់ប្រិយមិត្ត ដែលមិនទាន់បានដឹង ហើយក្នុងនោះដែរ គឺថាវាបានបំពាក់មកជាមួយចំណុចពិសេសលំដាប់កំពូលៗជាច្រើន និងមានចំណុចប្លែកពីគេច្រើនដូចគ្នា។

សម្រាប់ការរចនារូបរាងរបស់វា យើងមិនឃើញប្លែកអ្វីច្រើននោះឡើយ ព្រោះវាស្រដៀងគ្នានឹងជំនាន់មុនដែរ ជាក់ស្ដែងនៅផ្នែកខាងក្រោយ វាមានការរចនាកាមេរ៉ាជាជួរបញ្ឈរបែបសាមញ្ញ មានផ្ទុកសេនស័រចំនួន 4 គ្រាប់ ដោយមាន 3 គ្រាប់ជាសេនស័រកាមេរ៉ាសម្រាប់ចាប់យករូបភាព និងមួយគ្រាប់ទៀតជាសេនស័រជំនួយ 3D ToF នោះឯង។ ចូលទៅផ្នែកខាងមុខ ក៏នៅតែស្រដៀងគ្នានឹងជំនាន់មុនច្រើន ជាក់ស្ដែងវាមានអេក្រង់លាត មិនប្រើឆក ឬលេនទំលុះអេក្រង់ឡើយ ហើយគែមជុំវិញរបស់វាលើកនេះ ឃើញថាមានលក្ខណៈកាន់តែខ្លីជាងមុនផងដែរ។ 

ចំពោះអេក្រង់របស់វា គឺជាចំណុចពិសេសប្លែកមួយ ដែលមិននៅលើទូរសព្ទឆ្លាតកំពូលនាពេលបច្ចុប្បន្ននេះឡើយ ពោលគឺវាបានបំពាក់អេក្រង់ទំហំ 6.5 អ៊ីញ ប្រភេទ OLED មានកម្រិតបង្ហាញដល់ទៅ 4K HDR ជាមួយល្បឿន Refresh Rate 120Hz ថែមទៀតផង។ លើសពីនេះទៅទៀតនោះ វាក៏មានកម្រិតប៉ះបញ្ជាដល់ 240Hz ហើយក៏នៅបន្តប្រើកម្រិតសមាមាត្រ 21:9 ដែរ ដែលនេះអាចបញ្ជាក់បានថា Sony មិនមែនផ្តោតតែលើអ្នកចូលចិត្តទស្សនាភាពយន្តនោះទេ តែគេក៏យកចិត្តទុកលើអ្នកចូលចិត្តលេងហ្គេមដូចគ្នា។ 

និយាយពីកម្លាំងម៉ាស៊ីនរបស់វាវិញម្ដង ដោយនេះមិនមែនជាចំណុចប្លែកនោះទេ ព្រោះយើងបានឃើញដូចគ្នាជាមួយទូរសព្ទឆ្លាតកំពូលដទៃទៀត ក្នុងពេលបច្ចុប្បន្ននេះដែរ ជាក់ស្ដែង Xperia 1 III បានប្រើប្រាស់ឈីប Snapdragon 888 អាចគាំទ្រជាមួយ 5G បាន ហើយទន្ទឹមគ្នានោះ Sony មិនផ្តល់ឲ្យជម្រើសរ៉េមច្រើនទេ ដោយដាក់បញ្ចូលរ៉េមទំហំ 12GB ស្រាប់មកតែម្ដង ប៉ុន្តែអ្នកទិញមានជម្រើសអង្គផ្ទុក 2 ប្រភេទដូចជា ទំហំ 256GB និង 512GB ផងដែរ។ 

ចូលដល់ថាមពលថ្មវិញ ទូរសព្ទឆ្លាតកំពូលខាងលើ បានប្រើប្រាស់ទំហំ 4,500mAh គាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន 30W ហើយក៏មានឆ្នាំងសាកកម្លាំង 30W មកក្នុងប្រអប់ស្រាប់ដូចគ្នា ដោយអាចសាកពី 0 ដល់ 50% ចំណាយពេលត្រឹម 30 នាទីប៉ុណ្ណោះ ព្រមទាំងគាំទ្រមុខងារសាកថ្មឥតខ្សែដូចគ្នា។ ទៅលើថាមពលថ្មនេះដែរ Sony ក៏បានធ្វើការអះអាងថា គុណភាពថ្មនៅលើ Xperia 1 III នោះ មានអាយុកាលដល់រយៈពេល 3 ឆ្នាំឯណោះ ដូច្នេះមានន័យថា គុណភាពថ្មរបស់វា នឹងមិនមានការធ្លាក់ចុះខ្សោយនោះទេ ក្នុងរយៈពេលប្រើប្រាស់ 3 ឆ្នាំដំបូង។ 

ដល់ពេលនិយាយពីកាមេរ៉ាម្ដងហើយ ដែលជាចំណុចមួយត្រូវបាន Sony រៀបរាប់យ៉ាងច្រើន ដោយនៅផ្នែកខាងមុខមានសេនស័រទំហំ 8MP ដូចឆ្នាំមុនដដែល ប៉ុន្តែនៅខាងក្រោយ វាមានចំនួន 3 គ្រាប់សុទ្ធតែមានទំហំ 12MP ដូចគ្នាទាំងអស់ គ្រាន់តែមួយដើរតួជាកាមេរ៉ាគោល មាន OIS, មួយទៀតគឺជាកាមេរ៉ាសម្រាប់ចាប់ប្លង់ទូលាយ Ultrawide រីឯមួយទៀត គឺជាកាមេរ៉ាពង្រីក Telephotos មាន OIS ហើយសម្រាប់សេនស័រមួយគ្រាប់ទៀត គឺដូចបានបញ្ជាក់នៅខាងលើអញ្ចឹង វាជាសេនស័រ 3D ToF ហ្នឹងឯង។ 

Sony ក៏បានបញ្ជាក់ប្រាប់ដែរថា គេបានប្រើលេន 16mm នៅលើកាមេរ៉ា Ultrawide, 24mm សម្រាប់កាមេរ៉ាគោល និងចុងក្រោយលើសេនស័រ Telephotos នោះវិញ គេបានបំពាក់បច្ចេកវិទ្យា ពិសេស និងដំបូងគេលើទូរសព្ទឆ្លាត និយាយឲ្យចំទៅ គឺជាមុខងារមួយគេហៅថា Variable Telephotos Lenses ដោយអាចឲ្យអ្នកប្រើធ្វើការផ្លាស់ប្តូរក្នុងចន្លោះពី 70mm ទៅ 105mm បាន (បើធៀបទៅ គឺប្រហាក់ប្រហែលនឹងអាចឲ្យអ្នកប្រើ ធ្វើការពង្រីកបែប Optical បានពីចន្លោះ 2.9 ដង ទៅដល់ 4.4 ដងទៀតផង)។ សម្រាប់ Digital Zoom វិញ លើកនេះ Sony បើកឲ្យអ្នកប្រើដល់ 300mm បើធៀបនឹង Xperia 1 II លើកមុនបានត្រឹម 200mm ប៉ុណ្ណោះ។

មិនទាន់អស់ពីផ្នែកកាមេរ៉ានោះទេ Sony ក៏បានបើកឲ្យមានមុខងារ Autofocus ចេញពីកាមេរ៉ាក្រោយទាំង 3 គ្រាប់នោះថែមទៀតផង ហើយវាក៏មិនជាមុខងារ Autofocus ធម្មតានោះដែរ ពោលគឺមុខងារហៅថា Eye AF របស់គេនោះឯង ប៉ុន្តែលើកនេះ វាជាការចាប់សម្គាល់ផ្ទាល់ភ្លាមៗតែម្ដង (Real-Time Tracking) ហេតុនេះវានឹងធ្វើការសម្គាល់បានយ៉ាងត្រឹមត្រូវ និងរហ័សថែមមួយកម្រិតទៀត ទៅតាមភ្នែករបស់មនុស្ស ក៏ដូចជាសត្វផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Xperia 1 III ក៏ត្រូវបានគេពង្រឹងបន្ថែមទៅលើល្បឿនចាប់យករូបភាព ឲ្យកាន់តែលឿនជាងមុន, អាចធ្វើការចាប់យករូបភាពបានដល់ 20fps, ពង្រឹងលើគុណភាពរូបនៅប្លង់មានពន្លឺទាប ឬពេលយប់ ក៏ដូចជាគាំទ្រការថតវីដេអូដល់ទៅ 4K 120fps ជាមួយ HDR ជាដើម។

សម្រាប់ចំណុចសំខាន់ៗផ្សេងទៀតវិញ Sony Xperia 1 III បានបំពាក់មកជាមួយមុខងារការពារទឹកពេញលេញ IP65 / IP68, មានបំពាក់ Speaker ចំនួនពីរគ្រាប់ អាចបញ្ចេញសម្លេងបានខ្លាំងជាងជំនាន់មុនដល់ទៅ 40% ហើយកាន់តែប្រសើរ លើកនេះគេបានបំពាក់បច្ចេកវិទ្យាសម្លេង 360 Reality Audio ថែមទៀតផង ដែលជាមុខងារមួយ ធ្វើឲ្យសម្លេងបញ្ចេញពី Speaker នោះ ហាក់ដូចជាឮចេញពីគ្រប់ទិស ដូចសម្លេងពិតប្រាកដអញ្ចឹង។ វាក៏នៅតែបន្តមានរន្ធដោតកាស 3.5mm ហើយក៏មានប៊ូតុងមួយទៀត នៅខាងក្រោមផ្នែកខាងស្ដាំ ដែលដើរតួជាប៊ូតុងចុចថតរូប ប៉ុន្តែអ្នកប្រើអាចកំណត់វា ឲ្យទៅដើរតួធ្វើអ្វីផ្សេងក្រៅពីនោះបាន។ គេក៏បាននាំយកកម្មវិធី Photography Pro មកដាក់លើនោះស្រាប់ដូចគ្នា ដើម្បីធ្វើឲ្យបទពិសោធន៍នៃការថតរូបភាពនៅលើ Xperia 1 III កាន់តែស្រដៀងគ្នាខ្លាំងទៅនឹង ការប្រើប្រាស់កាមេរ៉ាអាជីបរបស់យីហោ Sony នេះ។ 

ទូរសព្ទឆ្លាតកំពូលខាងលើដំណើរការដោយ Android 11 ហើយសម្រាប់ជម្រើសពណ៌វិញ Sony ផ្តល់ឲ្យ 3 ប្រភេទរួមមានដូចជា ពណ៌ខ្មៅ, ពណ៌ប្រផេះ និងមួយទៀតគឺពណ៌ស្វាយ។

និយាយរួមមកវិញ ខាងលើនេះគឺជាចំណុចសំខាន់ៗ ដែល Sony បានបំពាក់នៅលើទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ក្រោយរបស់ខ្លួន ប៉ុន្តែគួរឲ្យស្ដាយក្រុមហ៊ុននេះ មិនទាន់បានបញ្ជាក់ផ្លូវការពីតម្លៃរបស់វានោះទេ ហើយថ្ងៃចេញលក់ពិតប្រាកដក៏មិនទាន់បានប្រាប់ដូចគ្នា ប៉ុន្តែគេបានអះអាងថា នឹងមានលើទីផ្សារផ្លូវការ នៅដើមរដូវក្តៅខាងមុខ ហើយចំពោះតម្លៃវិញ ពួកគេនឹងប្រាប់បន្ថែមនៅពេលក្រោយ។

ដោយ​ ៖ Sony Xperia
អត្ថបទទាក់ទង