HUAWEI និងដៃគូសហការរបស់ខ្លួន ត្រៀមដាក់បង្ហាញរថយន្តអគ្គិសនីចំនួន 3 ម៉ូឌែល នៅថ្ងៃទី 17 ខែមេសា ខាងមុខនេះ​
ដោយ​ ៖ ធានស៊ីញ | 2 ខែមុន SHARE

 

អស់រយៈពេលជាច្រើនខែមកហើយ ដែលមានព័ត៌មានថា ក្រុមហ៊ុនផលិតទូរសព្ទធំៗ កំពុងចាប់ផ្តើមចាប់អារម្មណ៍ លើការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ ដោយក្នុងយើងឃើញមានដូចជា ក្រុមហ៊ុន Apple និង Xiaomi ជាដើម ហាក់បីដូចជា មានភាពសកម្មខ្លាំងក្នុងការអភិវឌ្ឍ គម្រោងផលិតរថយន្តអគ្គិសនីរបស់ខ្លួន ឲ្យបានចេញជារូបរាង។ ដោយឡែក ខាងក្រុមហ៊ុន Huawei ឯណោះវិញ ដូចជាពុំសូវមានការលេចលឺ អំពីគម្រោងផលិតរថយន្ដអគ្គិសនីប៉ុន្មានទេ តែថ្មីនេះៗ ស្រាប់តែមានដំណឹងមកថា Huawei កំពុងតែត្រៀមបញ្ចេញ រូបរាងរថយន្តអគ្គិសនីរបស់ខ្លួន ជាលើកដំបូងក្នុងថ្ងៃទី 17 ខែមេសា ខាងមុខនេះតែម្ដង។

មិនខុសទេ  នៅក្នុងសាលសន្និសិទ អ្នកវិភាគសកលរបស់ Huawei (Huawei Global Analyst Conference) ប្រចាំឆ្នាំ 2021 ដែលបានធ្វើឡើង នៅទីក្រុងសិនជិន កាលពីថ្ងៃទី 12 ខែមេសាថ្មីៗនេះ លោក Xu Zhijun នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានប្រកាសថា ក្រុមហ៊ុនបានសហការជាមួយ ក្រុមហ៊ុនផលិតរថយន្តចំនួន 3 ដើម្បីបង្កើតរថយន្ដអគ្គិសនីចំនួន 3 ម៉ូឌែលផ្សេងគ្នា។

ដោយចាប់ពីត្រីមាសទី 4 នៃឆ្នាំ 2021 នេះ យើងអាចនឹងឃើញមានរថយន្តអគ្គិសនី ក្រោមស្លាកយីហោថ្មីតែម្ដង ដែលមានការចូលរួមគ្នាសហការរវាង Huawei និងក្រុមហ៊ុនផលិតរថយន្ត 3 ផ្សេងៗទៀត។ ខណៈដែល គម្រោងផលិតរថយន្តអគ្គិសនី របស់ក្រុមហ៊ុនផលិតទូរសព្ទដទៃទៀត ដូចជា Apple និង Xiaomi មិនឃើញមានចេញជារូបរាងនៅឡើយ។

នាយកប្រតិបត្តិ លោក Xu Zhijun ក៏បានបន្ថែមទៀតថា រថយន្តអគ្គិសនីឆ្លាតវៃ ដែលបានបង្កើតរួមគ្នាដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុនផលិតរថយន្ត 3 ដទៃទៀត អាចនឹងមានបំពាក់ Logo របស់ក្រុមហ៊ុន Huawei តែនៅខាងក្នុងប៉ុណ្ណោះ ហើយក៏មិនមែនគ្រប់ម៉ូដែលទាំងអស់ផងដែរ។ ពោលគឺ សម្រាប់តែម៉ូឌែលណា ដែលប្រើប្រាស់បច្ចេកវិទ្យា បើកបរដោយស្វ័យប្រវត្តិ របស់ក្រុមហ៊ុន Huawei ប៉ុណ្ណោះ។

នៅក្នុងកិច្ចសហការទី 1 គឺរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន BAIC New Energy ហើយរថយន្តដែលពួកគេនឹងត្រូវបង្ហាញនោះ ស្ថិតក្រោមស្លាកយីហោថា ARCFOX Polar Fox ដែលនឹងត្រូវចាប់ផ្តើមដាក់លក់ លើទីផ្សារក្នុងត្រីមាសទី 4 ឆ្នាំ 2021 នេះ។ ចំណែកឯ ដៃគូរសហការចំនួន 2 ក្រុមហ៊ុនផ្សេងទៀត គឺក្រុមហ៊ុន Chongqing Changan និង Guangzhou Automobile ក៏ប៉ុន្តែសម្រាប់ស្លាកយីហោរថយន្ដចំនួន 2 ទៀត នៅមិនទាន់បានកំណត់នៅឡើយទេ។ សរុបមក នៅថ្ងៃទី 17 ខែមេសា ខាងមុខនេះ យើងទាំងអស់គ្នា នឹងបានឃើញអំពី រថយន្តអគ្គិសនី ក្រោមស្លាកយីហោថ្មីមួយទៀត ដែលជាការសហការផលិតរួមគ្នា រវាងក្រុមហ៊ុនផលិតទូសព្ទឆ្លាត Huawei និងក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀតហើយ។

ដោយ​ ៖ Gizchina
អត្ថបទទាក់ទង