NASA គ្រោងបញ្ជូនអវកាសយានិកក្រៅពីជនជាតិស្បែកស ឲ្យបានទៅជាន់លើឋានព្រះច័ន្ទដំបូងគេដែរ​
ដោយ​ ៖ ធានស៊ីញ | 3 ខែមុន SHARE

 

សម្រាប់ការបញ្ជូនមនុស្សទៅសិក្សាស្រាវជ្រាវនៅឋានព្រះច័ន្ទ ឃើញថាមិនតិចជាង 10 ដងនោះទេ ដែលអង្គការ NASA បានបញ្ជូនមនុស្សទៅទីនោះ។ ជាក់ស្តែង កាលពីឆ្នាំ 1969 ក្នុងគម្រោង Apollo 11 គឺជាពេលដែលអវកាសយានិក លោក Armstrong បានទៅជាន់លើផ្ទៃដីឋានព្រះច័ន្ទមុនគេ។ ទោះបីជាយ៉ាងណា ក៏ដោយរហូតមកពេលនេះ NASA ពុំដែលធ្លាប់បានបញ្ជូនអវកាសនិកណា ដែលមិនមែនស្បែកស និងអវកាសយានិកស្ត្រី ទៅឋានព្រះច័ន្ទម្ដងណាឡើយ។ ដូច្នេះនៅក្នុងគម្រោង Artemis ឆ្នាំ 2024 ខាងមុខនេះ គ្រោងនឹងមានអវកាសយានិក ដែលមិនមែនស្បែកស និងស្រ្តីដំបូងគេបង្អស់ដែលនឹងត្រូវបញ្ជូនទៅឋានព្រះច័ន្ទ។

មិនខុសទេ នៅក្នុងគម្រោង Artemis របស់អង្គការ NASA ដែលត្រៀមនឹងធ្វើដំណើរ ទៅកាន់ឋានព្រះច័ន្ទ នៅពេលខាងមុខនេះ អាចនឹងបញ្ជូនអវកាសយានិក ក្រៅពីជនជាតិស្បែកស ដើម្បីក្លាយជាមនុស្សដំបូងគេ ដែលបានជាន់លើឋានព្រះច័ន្ទ។ លើសពីនេះ NASA ក៏គ្រោងនឹងបញ្ជូនអវកាសយានិក ជាស្រ្ដីដំបូងគេ ដែលត្រូវទៅជាន់លើផ្ទៃឋានព្រះច័ន្ទផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ត្រូវបានគេរំពឹងទុកថា នឹងអាចចាប់ផ្ដើមក្នុងឆ្នាំ 2024 ខាងមុខនេះ។

មួយវិញទៀត គម្រោង Artemis បញ្ចូលមនុស្សទៅឋានព្រះច័ន្ទនេះ ក៏ជាការគាំទ្រពី ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដូចគ្នា។ ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានស្នើសុំប្រាក់ជំនួយឧបត្ថម្ភពី រដ្ឋបាលសហរដ្ឋអាមេរិក រហូតដល់ទៅ 24.7 ពាន់លានដុល្លារឯណោះ សម្រាប់អង្គការ NASA បំពេញបេសកកម្មនានា។ ដោយថវិកាជំនួសមួយផ្នែក ទុកសម្រាប់ទ្រទ្រង់គម្រោង Artemis និងមួយផ្នែកទៀតទុកសម្រាប់ទ្រទ្រង់ គម្រោងសិក្សាស្រាវជ្រាវនៅភពព្រះអង្គារ។

សរុបមក នៅក្នុងឆ្នាំ 2024 ខាងមុខនេះ ទំនងជាក្លាយទៅជាព្រឹត្តិកាណ៍ប្រវត្តិសាស្ត្រមួយ សម្រាប់មនុស្សជាតិជាក់ជាមិនខាន ដែលមានអវកាសយានិក ក្រៅពីជនជាតិស្បែកស និងអវកាសយានិកស្រ្តីដំបូងគេបង្អស់ បានឡើងដល់ឋានព្រះច័ន្ទ។ ដូច្នេះយើងមានតែចាំមើលបន្តរទៀត នៅក្នុងឆ្នាំ 2024 ខាងមុខនេះប៉ុណ្ណោះ។ 

ដោយ​ ៖ Space
អត្ថបទទាក់ទង