សត្វស្វាដែលបំពាក់ឈីបជំនួយខួក្បាលរបស់ Neuralink អាចបញ្ជាលេងហ្គេមបាន តាមរយៈការគិត​
ដោយ​ ៖ សុវណ្ណរតនៈ | 3 ខែមុន SHARE

 

កន្លងទៅនេះ យើងបានដឹងហើយថា ការអភិវឌ្ឍន៍ឈីបដោតចូលខួរក្បាល Neuralink របស់លោក Elon Musk បានឈានដល់ដំណាក់កាល ដោតចូលទៅខួរក្បាលរបស់សត្វស្វារួចរាល់ហើយ ដោយមិនមានផ្ដល់ផលប៉ះពាល់អ្វីនោះទេ។ ក្នុងពេលនោះដែរ គេបានអះអាងថា ឈីប Neuralink របស់ខ្លួននេះ គឺផ្ដល់ជូនសមត្ថភាពថ្មី ដែលអនុញ្ញាតឲ្យសត្វស្វា ធ្វើការបញ្ជាលេងហ្គេមបានទៀតផង ហើយជាក់ស្ដែងថ្មីៗនេះ Neuralink ទើបតែបង្ហោះវីដេអូក្នុង YouTube ដែលបង្ហាញពីការលេងហ្គេមរបស់សត្វស្វា ដែលពួកគេបានបំពាក់ឈីបជំនួយខួក្បាលទៅឲ្យនោះ។

ហ្គេមដែលគេបានដាក់ឲ្យសត្វស្វាលេង គឺមានឈ្មោះ Pong ហើយបើតាមការឃើញជាក់ស្ដែងគឺថា សត្វស្វានោះ ពិតជាអាចលេងហ្គេមនោះបានមែន ដោយដំណាក់កាលដំបូង វាធ្វើការបញ្ជាលេងហ្គេមដោយប្រើប្រាស់ Joystick សម្រាប់បញ្ជា ប៉ុន្តែក្រោយមកទៀត គេបានដាក់ឲ្យវាប្រើការគិត ឬចិត្តរបស់វា ដើម្បីបញ្ជាហ្គេមនោះដោយផ្ទាល់តែម្ដង។ មិនខុសទេ សមត្ថភាពរបស់សត្វស្វានោះ គឺបានមកពីការបំបាក់ឈីបជំនួយរបស់ Neuralink ចូលទៅក្នុងខួក្បាលវាហ្នឹងឯង ហើយបើចង់ជ្រាបច្បាស់បន្ថែម អ្នកទាំងអស់គ្នាអាចទស្សនាវីដេអូខាងក្រោមនេះបាន។ 

បើតាមការបង្ហាញរបស់ Neuralink បានបញ្ជាក់ដែរថា គោលដៅរបស់គេ គឺព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យមនុស្សពិការ ឬខ្វិន ឬមិនអាចកំរើកខ្លួនបាន អាចធ្វើការបញ្ជាកុំព្យូទ័រ ឬទូរសព្ទឆ្លាតរបស់គេបាន តាមរយៈការគិតផ្ទាល់តែម្ដង ព្រោះថាពួកគេមិនអាចយកដៃចុចបាន ដូចមនុស្សទូទៅនោះទេ។ បើតាមការបន្ថែមរបស់ Elon Musk ក៏បានឲ្យដឹងដែរថា មនុស្សខ្វិន នឹងអាចបញ្ជាទូរសព្ទឆ្លាតរបស់គេ ដោយប្រើការគិត ឬចិត្ត បានលឿនជាងមនុស្សទូទៅ ដែលប្រើម្រាមដៃចុចទៅទៀត។

បន្ថែមពីនេះមហាសេដ្ឋីខាងលើក៏បានបញ្ជាក់បន្ថែម នៅក្នុងបណ្ដាញសង្គម Twitter ថា ជំនាន់បន្ទាប់នៃឈីប Neuralink គឺនឹងមានសមត្ថភាព អាចធ្វើការបំលែងសញ្ញាពីឈីប Neuralink បានដាក់នៅក្នុងខួក្បាល ទៅកាន់ឈីប Neuralink ក្នុងរាងកាយ ដើម្បីអាចឲ្យខួក្បាលអាចភ្ជាប់ទំនាក់ទំនង ទៅកាន់ផ្នែកណាមួយនៃរាងកាយបានម្ដង និយាយឲ្យចំទៅគាត់បានឧទាហរណ៍ថា វាអាចឲ្យអ្នកដែលខ្វិនជើង ត្រលប់ទៅដើរម្ដងទៀតបានផងដែរ។

ដោយ​ ៖ Engadget
អត្ថបទទាក់ទង